អាជ្ញាធរជាតិអប្សរា គ្រោងអនុវត្តការជួសជុលហេដ្ឋានរចនាសម្ព័ន្ធរមណីដ្ឋានអង្គរ ឲ្យកាន់តែទាក់ទាញនៅឆ្នាំ ២០២០!

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២៦ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពា និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរកាលពីថ្ងៃទី ១១ ធ្នូ ម្សិលមិញនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរជាអប្សរាកំពុងសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការជួសជុល អភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌប្រាសាទបុរាណខ្មែរឲ្យបានគង់វង្ស។ ជាងនេះទៅទៀត អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងរួចជាស្រេចក្នុងកិច្ចការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរមណីដ្ឋានអង្គរ ឲ្យកាន់តែស្រស់ស្អាតទាក់ទាញបន្ថែមទៀតនៅឆ្នាំ ២០២០។

ចំពោះគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងជួសជុលផ្លូវទាំងអស់នោះមានដូចជា៖

• ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ

• ការជួសជុលផ្លូវពីផ្លូវជាតិលេខ ៦ ចូលប្រាសាទបាគង និងព័ន្ធជុំវិញប្រាសាទបាគង

• ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្ដី និងផ្នែកខាងជើងស្រះស្រង់

• ការជួសជុលផ្លូវពីចំណុចស្វាយធំ ផ្លូវជាតិលេខ ៦ ទៅដល់រង្វង់មូលកូនដំរី

• ការជួសជុលផ្លូវពីវង់ធំ ក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូក រហូតដល់ចំណុចស្ពានឆេះ ផ្លូវជាតិលេខ ៦៦ 

• ការជួសជុលផ្លូវពីប្រាសាទអង្គវត្ត មកព្រលានយន្ដហោះអន្តរជាតិសៀមរាប

• ការជួសជុលផ្លូវពីព្រលានយន្ដហោះអន្តរជាតិសៀមរាប មកផ្លូវជាតិលេខ ៦ ត្រង់ចំណុចភ្លើងស្ដុប 

• ការកែលម្អផ្លូវសម្តេចវិបុលបញ្ញ សុខ អាន ចាប់ពីចំណុចផ្លូវបំបែកផ្លូវហ្សាលដឺហ្គោល រហូតដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ ៦

ចំណែកឯគម្រោងពាក់ព័ន្ធការលើកកម្ពស់សោភ័ណភាពប្រាសាទ ដែលត្រូវបានអនុវត្តនៅក្នុងឆ្នាំ ២០២០ នោះរួមមាន៖

• គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត ឲ្យមានភាពបៃតងស្រស់បំព្រងជានិច្ច

• គម្រោងដាំកូនឈើអមសងខាងផ្លូវ ពីអាកាសយានដ្ឋានមកដល់មុខប្រាសាទអង្គរវត្ត

• ការបន្ថែមដាំស្មៅ កូនឈើ និងដើមផ្កា ផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្ត

• ការរៀបចំចំណតរថយន្ដបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្ត ឲ្យទៅជាសួនបៃតង

• ផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង ៣៥០ ម៉ែត្រ ក៏នឹងត្រូវជួសជុលកែលម្អឡើងវិញ ដោយមានការរៀបចំប្រព័ន្ធលូរំដោះទឹក ដាំកូនឈើ មានផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ និងសួនច្បារអមសងខាង។

ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់បន្ថែម ដើម្បីរក្សាសម្បត្តិបេតិកភ័ណ្ឌជាតិ និងទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតនូវភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឲ្យមកកម្សាន្ដនៅតំបន់ប្រាសាទបុរាណខ្មែរ ជាមួយការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធស្អាត សម្រស់ធម្មជាតិបៃតង និងការកែលម្អសណ្ដាប់ធ្នាប់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើបរិស្ថានធម្មជាតិក្នុងតំបន់ឧទ្យានអង្គរ។

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា