គិតមកត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបានជិត ៥០% ដោយគ្រោងនឹងបញ្ចប់ឲ្យរួចរាល់ ឲ្យបានមុនខែកញ្ញា ឆ្នាំ២០២៦!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានឲ្យដឹងថា៖ គិតមកត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ។

គួររម្លឹកផងដែរថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពី រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្រាប់គម្រោងទាំងមូល ត្រូវបានគ្រោងនឹងបញ្ចប់ ឲ្យបានរួចរាល់ជាស្ថាពរ មុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រភព៖ mpwt Cambodia