គិតត្រឹមត្រីមាសទី ១ ក្នុងឆ្នាំ ២០២៤ នេះ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់រហូតដល់ ៦,២៦ ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់រហូតដល់ ៦,២៦ ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលចេញផ្សាយកាលពីថ្ងៃទី ១០ មេសា កន្លងទៅ។

ស្របពេលនោះដែរ ការនាំចូលរបស់កម្ពុជា ក៏បានកើនឡើងដល់ ៦,២៣ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមីនាឆ្នាំនេះ កើន ៦,៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

បន្ថែមពីនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូល របស់កម្ពុជា ក៏បានឈានដល់ ១២,៤៩ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កើនឡើង ១១,៩%។
ក្នុងនោះដែរ ប្រទេសចិន នៅតែបន្តជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំ២០២៤ សហរដ្ឋអាមេរិក នៅតែជាគោលដៅនាំចេញ ដ៏ធំបំផុតរបស់កម្ពុជា។ ពាណិជ្ជកម្មជាមួយប្រទេសចិនបានកត់ត្រាកំណើន ១២,២% ធៀបនឹងរយៈពេលបីខែដំបូង ក្នុងឆ្នាំ២០២៣ និងឈានដល់ ៣,២១ពាន់លានដុល្លារ។

ដោយឡែក វៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីរ របស់កម្ពុជា ហើយក៏ជាគោលដៅ នាំចេញធំទីពីររបស់ខ្លួនផងដែរ ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានរហូតដល់ ២៤,៥% ស្មើនឹង ២,៣២ ពាន់លានដុល្លារ។ ដោយឡែក ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ បានចុះបញ្ជីកំណើន ៨,៦% ក្នុងអំឡុងពេលដូចគ្នា ដែលឈានដល់ ២,០៤ពាន់លានដុល្លារ។

យោងតាមទិន្នន័យដដែល បានឱ្យដឹងបន្ថែមថា ការនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ ១,៩៨ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ៨,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការនាំចេញ ទៅប្រទេសវៀតណាម បានកើនឡើងដល់ ១,៣៩ ពាន់លានដុល្លារ កើនឡើង ៥៣%។

ខណៈដែល សហរដ្ឋអាមេរិកមានចំណែក ៣១,៧% នៃការនាំចេញរបស់កម្ពុជា វៀតណាមដែលស្ថិតក្នុងលំដាប់ទី២ មានចំណែករហូតដល់ ២២,២%។ ប្រទេសចិន ដែលស្ថិតក្នុងលំដាប់ទី៣ មានរហូតដល់ ៣៦៦លានដុល្លារ នៃការនាំចេញពីកម្ពុជា កើនឡើង ១១,៤% ប៉ុន្តែមានត្រឹមតែ ៥,៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។

គួររម្លឹកផងដែថានៅឆ្នាំ២០២៣ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានធ្លាក់ចុះ ១,៩% បើធៀបនឹងឆ្នាំ២០២២។ ខណៈដែលការនាំចេញ បានកើនឡើងតិចតួច ១,៨% ហើតការនាំចូលបានធ្លាក់ចុះចំនួន៥ %។ ការនាំចេញសរុបរបស់កម្ពុជា ក្នុងឆ្នាំ២០២៣ មានចំនួន ២២,៦៤ ពាន់លានដុល្លារ ខណៈដែលការនាំចូលមានចំនួន ២៤,១៨ ពាន់លានដុល្លារ និងមានឱនភាពពាណិជ្ជកម្មចំនួន ១,៥៣ ពាន់លានដុល្លារកាលពីឆ្នាំមុនផងដែរ។

ជាក់ស្តែង ទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២៣ បានបង្ហាញថា ខណៈដែលការនាំចេញភាគច្រើន ពីកម្ពុជាមានកំណើនកើនឡើង ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរសំខាន់ មានសន្ទុះយឺតពេញមួយឆ្នាំ២០២៣ ជាមួយនឹងការធ្លាក់ចុះ នៃការនាំចេញដែលបានចាប់ផ្តើម នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ២០២២។

ដោយឡែក ទិន្នន័យក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយនៅពេលដែលការនាំចេញ GFT ពីប្រទេសកម្ពុជាមានសន្ទុះឡើងវិញ ជាមួយនឹងការនាំចេញ សម្លៀកបំពាក់ចាក់ និងគ្រឿងប្រើប្រាស់ផ្សេងៗសម្រាប់ សម្លៀកបំពាក់មានកំណើន ១៩,៩% ហើយសម្លៀកបំពាក់ និងគ្រឿងសំលៀកបំពាក់ ដែលមិនមែនចាក់មាន ៣០,៨% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។