វិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែវីរុសកូវីដ ១៩

ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី ក្នុងនោះវិស័យពាណិជ្ជកម្ម និងទេសចរណ៍ បានកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងនោះរួមមានកម្ពុជាផងដែរ ដែលកំពុងរងសម្ពាធធ្ងន់ធ្ងរដូចប្រទេសដ៏ទៃដែរ។ ស្ថិតក្នុងកាសៈទេសៈបែបនេះ វិស័យភស្តុភារកម្ម និងដឹកជញ្ជូនកម្ពុជា បានចេញសេចក្ដីប្រកាសទៅដល់សាធារណៈជនឱ្យបានដឹងថា ដោយសារតែការឆ្លង និងរីករាលដាល នៃវីរុសកូវិដ ១៩ នៅកម្ពុជា បានកំពុងជះឥទ្ធិពលដ៏អាក្រក់ដល់ការដឹកជញ្ជូន ជាមូលហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម។

យោងតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយ សមគមភស្តុភារកម្មកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភអំពីស្ថានភាពអាជីវកម្មក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូននៅកម្ពុជា ដែលកាលពីពេលថ្មីៗកន្លងទៅនេះបានធ្វើឱ្យមានការធ្លាក់ចុះ ការដឹកជញ្ជូនដោយសារតែ វីរុសកូវីដ ១៩ ជាមូលហេតុធ្វើឱ្យមានការបិទច្រកទ្វារព្រំដែនផ្លូវគោក និងការផ្អាកជើងហោះហើរទៅក្រៅប្រទេស ធ្វើឱ្យការនាំចេញដាំក្បាលចុះយ៉ាងគំហុក ធ្វើឱ្យមានបញ្ហាខាងហិរញ្ញវត្ថុខ្លាំង ពិសេសពាក់ព័ន្ធនឹងធនាគារ ដែលមានការគាំងស្ទះចរន្តថវិការ។ នៅក្នុងនោះ ការបិទការផ្គត់ផ្គង់វត្ថុធាតុដើមនាំចូលពីប្រទេសចិន បានធ្វើឱ្យវិស័យដឹកជញ្ជូនកបាត់បង់ការងរមួយចំនួនធំ ដោយសារវិស័យកាត់ដេរ ជាឧស្សាហកម្មដ៏ធំទីមួយរបស់កម្ពុជា ដែលផ្តល់ការងារសេវាកម្ម Logistics និងដឹកជញ្ជូនបានរាប់រាលក្រុមហ៊ុន។

សមាគមន៌បានបន្ថែមទៀតថា ការផ្អាកការនាំចេញនូវទំនិញរបស់រោងចក្រកាត់ដែរ ស្បែកជើង គ្រឿងសម្ភារៈនានា ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប គឺបាត់បង់ក្នុងទ្រង់ទ្រាយធំ ធ្វើឱ្យវិស័យដឹកជញ្ជូនខាតបង់មិនតិចនោះទេ រួមទាំងម្ចាស់សហគ្រាស ឬរោងចក្រផងដែរ ដែលឥវ៉ាន់មានការរាំងស្ទះ ខណៈនៅឯបរទេសបិទការនាំចូល និងពុំទទួលទិញផលិតផលផ្សេងៗនៅឡើយ។ តាមការណ៍ដែលកើតឡើងកន្លងមក វាធ្វើឱ្យមានការខាតបង់ជាទម្ងន់ ក្នុងការធានាការដឹកជញ្ជូនទំនិញតាមកិច្ចសន្យា ទៅកាន់អតិថិជននៅក្រៅប្រទេស ហើយក្នុងនោះផងដែរ ការយកចិត្តទុកដាក់ទៅដល់សុខភាពរបស់បុគ្គលិក គឺជារឿងអាទិភាព ដើម្បីធានាទៅដល់សុខភាពរៀងៗខ្លួន ស្របពេលមានតម្រូវការ​ឱ្យកាត់បន្ថយការបំពេញការងារនៅតាមទីកន្លែង ឬការិយាល័យ ជាមូលហេតុធ្វើឱដំណើរការ ប្រិបត្តិការអាជីវកម្មធ្លាក់ចុះ។ 

ម្យ៉ាងវិញទៀត ត្រូវចំនាយទៅលើ ប្រាក់បៀវត្សបុគ្គលិក ការប្រាក់ធនាគារ ការចំនាយទៅលើការជួលទីតាំងការិយាល័យ និងការចំនាយផ្សេងៗទៀត​ គឺនៅខ្ពស់ដដែល ជាបន្ទុកកាន់តែទាញទៅកាន់ចំណុចអវិជ្ជមានបន្ថែម។ ស្ថិតក្នុងស្ថានភាពបែបនេះ​ សមគមភស្តុភារកម្មកម្ពុជា ពុំទាន់មើលឃើញភាពធូស្បើយ ជុំវិញវិបត្តិមួយនេះនៅឡើយទេ គឺមានតែអំពាវនាវឱ្យចូលរួមដោះស្រាយបញ្ហានេះជាមួយគ្នា ទៅកាន់ម្ចាស់ អាជីវកម្មក្នុងវិស័យភស្ដុភារកម្ម (Logistic) និងដឹកជញ្ជូនទាំងអស់ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យមានការយោគយល់ និងសហការណ៍គ្នាទៅវិញទៅមកដើម្បីហែលឆ្លងគ្រាអាសន្នមួយនេះ៕

 

ប្រភព៖ សមគមភស្តុភារកម្មកម្ពុជា