ភ្នំពេញ៖ សហរដ្ឋអាមេរិក ដឹកនាំដោយលោក W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗ សម្រាប់ពេលអនាគត ដោយផ្ដោតសំខាន់ទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការ នៃវិស័យអាកាសចរស៊ីវិល រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរជាងមុន។
ស្ថិតក្នុងជំនួបពិភាក្សានោះ អាមេរិក បានឡើងនូវនូវការងារមួយចំនួន ជុំវិញវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ជាពិសេសស្ថិតក្នុងតំណាក់កាល នៃការឆ្លងរាតត្បាត នៃវីរុសកូវីដ ១៩ ក៏ដូចជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាដើម។ តាមរយៈការលើកឡើងនេះ លោក W Patrick Murphy ក៏បានលើកឡើងអំពីការប្រើប្រាស់អាកាសយានដ្ឋានថ្មី សម្រាប់ឱ្យយន្តហោះខ្នាតយក្ស ឬ Boeing ធ្វើការចុះចតនៅកម្ពុជា ថែមទាំងផ្ដល់នូវសច្ចាប័ន នៃការអនុវត្តអនុសញ្ញា Cape Town Convention ដែលជាប្រយោជន៍សម្រាប់ហិរញ្ញប្បទាន ក្នុងការជួលអាកាសយាន និងកិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជា និងអាមេរិក ផងដែរ។
ជាការឆ្លើយតប ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា បានលើកឡើងអំពីផលប៉ះពាល់នៃវីរុសកូវីដ ១៩ ដែលបានវាយប្រហារអាកាសចរស៊ីវិលរបស់កម្ពុជាដូចទៅនឹងបណ្ដាប្រទេសផ្សេងៗដែរនៅទូទាំងសកលលោក តែកម្ពុជានៅតែមានប្រតិបត្តិការខ្លះៗជាធម្មតា ដោយក្នុងនោះបានបបំពេញភាពជាមនុស្សធម៌ ដឹកអ្នកដំណើរជនជាតិអាមេរិក និងសាសន៍ផ្សេងៗទៀត ពីកប៉ាល់វេសដាំ និងការដឹកទំនិញជាដើម។ ដោយឡែកសម្រាប់បច្ចុប្បន្នភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ឯកឧត្ដម បានឱ្យដឹងថា នៅតែបន្តដំណើរការជាធម្មតា ហើយកម្ពុជាស្វាគមន៍សម្រាប់ការប្រើប្រាស់អាកាសយានដ្ឋាន ជាមួយនឹងប្រភេទយន្តហោះខ្នាតធំ ឬខ្នាតយក្ស (Boeing) តាមសំណើររបស់អាមេរិក ជាពិសេសប្រភេទយន្តហោះ B777 ដែលផ្ដល់ផាសុខភាពក្នុងការធ្វើដំណើរ។
សម្រាប់សំណើរគិតគូរទៅដល់អនុសញ្ញា Cape Town Convention វិញ ឯកឧត្តមបានស្នើឱ្យលោក ឯកអគ្គរដ្ឋទូត ផ្ដល់អ្នកប្រឹក្សា និងជំនួយផ្នែកបច្ចេកទេសបន្ថែមក្នុងសំណើរនេះ។ ចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះកម្ពុជាបានចុះហត្ថលេខាទាំងទ្វេរភាគី និងពហុភាគីបានចំនួន ៤៤ ប្រទេសហើយ ក្នុងនោះជាមួយបណ្តាប្រទេសអាស៊ានមានចំនួន ៦ កិច្ចព្រមព្រៀងពហុភាគី។ ចំពោះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិចវិញ ភាគីកម្ពុជាបានជួបពិភាក្សាគ្នារួចហើយតាំងពីឆ្នាំ ២០១៤ មកម្លេះ ហើយមានចំនុចឯកភាពគ្នាច្រើន លើកលែងតែ ពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិចផ្ទាល់ខ្លួនឯង ចំនុចនេះឯកឧត្តម នឹងពិនិត្យបន្ថែម ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាមេរិចមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT ហើយខាងអាកាសចរស៊ីវិលចាំតែជួយសម្របសម្រួលជូន៕
ប្រភព៖ អាកាសចរស៊ីវិល