កម្ពស់ទឹកសមុទ្រឡើង តើកោះតូចៗនៅមហាសមុទ្រអាចលិចបាត់ដែរទេ?

កោះតូចៗស្ថិតនៅកណ្ដាលមហាសមុទ្រដែលមានឆ្នេខ្សាច់សក្បុស ភាគច្រើនត្រូវបានកើតឡើងពីផ្កាថ្ម និងពពួកជីវចម្រុះមានសំបក វាទាំងនោះបានរលាយល្អិតបន្ដិចម្ដងៗរាប់ម៉ឺនឆ្នាំ បង្កើតទៅជាកោះផ្កាថ្ម ហើយកោះទាំងអស់នោះ គេជឿថាកំពុងទទួលរងការគំរាមកំហែងខ្លាំងពីបម្រែបម្រួលអាកាសធាតុ ការរលាយទឹកកកតំបន់ប៉ូលទាំង ២ ធ្វើឲ្យកម្រិតទឹកសមុទ្រមានកំណើនខ្ពស់ ដែលកោះនិងជីវចម្រុះទាំងនោះនឹងអាចបាត់បង់ នៅពេលកម្ពស់ទឹកសមុទ្រឡើងខ្ពស់។ ជាក់ស្ដែងតាមការស្រាវជ្រាវរបស់អ្្នកវិទ្យាសាស្ត្រ Inter-governmental Panel បានបង្ហាញថាកម្ពស់ទឹកសមុទ្រអាចនឹងកើនឡើងខ្ពស់ជាងសព្វថ្ងៃប្រមាណ ០.៧៥ ម៉ែត្រទូទាំងពិភពលោក នៅឆ្នាំ ២១០០។ 

ដូចនេះ តើកម្ពស់ទឹកសមុទ្រឡើង កោះតូចៗទាំងអស់នោះអាចបាត់បង់ឬទេ? 

តាមរយៈការសិក្សាថ្មីពីសកលវិទ្យាល័យ University of Plymouth ចក្រភពអង់គ្លេស បានចុះផ្សាយនៅលើទិនានុប្បវត្តិ Science Advances បានបង្ហាញថា ការឡើងកម្ពស់ទឹកសមុទ្រមិនប្រាកដថាកោះតូចៗទាំងអស់ នៅកណ្ដាលមហាសមុទ្រ នឹងលេចបាត់នោះទេ។ សំណើរខាងលើ ត្រូវបានស្រាយបំភ្លឺតាមរយៈទ្រឹស្ដីទ្វីបរសាត់ និងទ្រឹស្ដីការវិវត្តិនៃសណ្ឋានដីកោះ ដែលកើតចេញពីកម្លាំងរលកបោកបង់មិនចេះចប់។

ទំនាក់ទំនងរវាងដីកោះ (island) និងដីគោក (inland) មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ព្រោះទម្រង់សណ្ឋានដី មានការប្រែប្រួលមិនចេះចប់ ជាពិសេសតំបន់ជាប់សមុទ្រមានសណ្ឋានដីប្រែប្រួលគួរឲ្យកត់សម្គាល់ជាងគេ។ ការសិក្សាខាងលើ បានធ្វើពិសោធន៍ទៅលើតំបន់ឆ្នេរ តំបន់កោះ និងទីប្រជុំកោះសិប្បនិមិត្ត ហើយរកឃើញថា ការឡើងកម្ពស់ទឹកសមុទ្រ ច្បាស់ណាស់ថា ទីប្រជុំកោះមួយចំនួននឹងអាចត្រូវបាត់បង់ ប៉ុន្តែមិនទាំងស្រុងនោះទេ ព្រោះការលិចរបស់វា នឹងផ្ដល់សម្ពាធខ្លាំងនៅក្នុងទឹកហើយមានទំនាញទៅតាមកម្លាំងរលក ដូចនេះវាអាចទាញតំបន់ដីទាប ទៅចាក់បំពេញនៅតំបន់ដីខ្ពស់បាន ជាពិសេសតំបន់ទីប្រជុំកោះ នឹងអាចបាត់បង់កោះខ្លះហើយវានឹងយកដីទៅចាប់បំពេញទៅកោះផ្សេងទៀត ឬទាញដីល្បាប់ឆ្នេរពីតំបន់គោក ទៅបំពេញតំបន់កោះជាដើម ធ្វើឲ្យធម្មជាតិនៅតែក្សាផ្ទៃខាងលើ (surface) នៃកោះដដែល។ 

ម្យ៉ាងវិញទៀត សណ្ឋានដីនៅបាតសមុទ្រមានលក្ខណៈស្មុគស្មាញខ្លាំងណាស់ តំបន់ខ្លះអាចដុះដីឡើង តាមរយៈកម្លាំងរលកប៉ប្រះជាមួយតំបន់ផ្ទាំងថ្ម មានដីល្បាប់ចាក់បំពេញបន្ថែម នឹងក្លាយទៅជាដីកោះមួយ នៅក្នុងរយៈពេលត្រឹមខ្ទង់ពាន់ឆ្នាំប៉ុណ្ណោះ ហើយការវិវត្តនេះ មានសភាពរហ័សដល់កម្ពស់ ០.៧ ម៉ែត្រ ក្នុងរយៈពេល ១ ពាន់ឆ្នាំ។