ប្រជាជនថៃសម្ដែងការមិនពេញចិត្ត ជុំវិញការអនុញ្ញាតឱ្យបរទេសចូលទៅក្នុងប្រទេស ព្រោះខ្លាចរលកទីពីរ

បាងកក៖ រាជរដ្ឋាភិបាលថៃ បានរកមធ្យោបាយជាច្រើន ដើម្បីលើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសថៃ បានរងគ្រោះធ្ងន់ធ្ងរដោយសារតែការវាយប្រហានៃវីរុសកូវីដ ១៩ កាលពីដើមឆ្នាំ ២០២០ កន្លងទៅ។ ក្នុងនោះ វិស្ស័យទេសចរណ៍ បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលខាតបង់គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ។ ដើម្បីជួយទៅដល់សេដ្ឋកិច្ច បន្ទាប់ពីស្ថានភាពនៃវីរុសកូវីដ ១៩ បានធូស្បើយ រដ្ឋាភិបាលបានសម្រេចបើកទ្វារទទួលភ្ញៀវទេសចរណ៍ តែស្ថិតក្រោមការត្រួតពិនិត្យសុខភាព យ៉ាងតឹងរឹងបំផុត។

ការបើកទទួលភ្ញៀវទេសចរណ៍ឱ្យចូលទៅកាន់ទឹកដីប្រទេសថៃ តាមរយៈប្រភេទនៃការធ្វើដំណើរទាំងអស់នោះ គឺដើម្បីសម្រួលទៅដល់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិ Sovarnabphumi ទើបតែសម្រេចបើកឱ្យដំណើរការឡើងវិញ ខណៈភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់កំពុងស្ថិតក្នុងអត្រាទាបនៅឡើយ។ ការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យចូលទៅប្រទេសថៃនេះ ប្រជាពលរដ្ឋថៃជាច្រើន បានសម្ដែងការមិនពេញចិត្តនោះទេ ព្រោះថាអន្តរជាតិ នៅបន្តរងគ្រោះដោយសារតែវីរុសកូវីដ ១៩ ហើយចំនួននោះក៏បន្តកើនឡើងជារៀងរាល់ថ្ងៃទៀតផង។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា តាមរយៈការស្រង់មតិយោបល់របស់ពលរដ្ឋថៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា កន្លងទៅថ្មីៗនេះ ធ្វើឡើងដោយមហាវិទ្យាល័យ Suan Dusit Rajabhat University បានបង្ហាញអំពីការមិនពេញចិត្តជុំវិញការអនុញ្ញាតឱ្យបរទេសបន្តចូលទៅកាន់ទឹកដីថៃ។ តាមរយៈការបញ្ចេញមតិនោះ មាន ៩៤.៥១% មិនពេញចិត្តឡើយ ព្រោះថា ភ្ញៀវបរទេសទាំងនោះ អាចនឹងនាំមកនូវហានិភ័យបន្ថែមទៅដល់ប្រជាជនថៃ ពោលគឺនាំមកនូវជម្ងឺឆ្លង ខណៈករណីបែបនេះបានកើនឡើងរួចមកហើយ គិតចាប់តាំងពីមានការអនុញ្ញាតពីរដ្ឋាភិបាល ដូចជាជនជាតិមកពីប្រទេសអេហ្ស៊ីប និងស៊ូដង់ ជាដើម។

ពលរដ្ឋដដែល បានបង្ហាញអំពីការព្រួយបារម្មណ៍ជុំវិញករណីទាំង ២ ខាងលើដោយគិតជាភាគរយ មាន ៥២.២៣% មានការព្រួយបារម្មណ៍ខ្លាំង ខណៈ ៣៩.៦៨% បារម្មណ៍គួរសម ៦.៥៨% បារម្មណ៍តិចតួច និង ១.៥១% មិនខ្វាយខ្វល់ទាំងអស់។ ប្រសិនបើថៃ ផ្ទុះឡើងការឆ្លង និងរីករាលដាល ទ្រង់ទ្រាយធំ នោះភាគរយច្រើន ដែលរាជរដ្ឋាភិបាល និងបិទប្រទេសជាបណ្ដោះអាសន្នម្ដងទៀត ព្រោះថារលកឆ្លងលើកទី ២ អាចនឹងកើតមានឡើងក្នុងអត្រា ៩៤.៥១% ដោយសារតែជនបរទេស។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ នៅតែបន្តបើកឱ្យជនបរទេសចេញចូលប្រទេសថៃជាធម្មតា ស្ថិតក្រោមការត្រួតពិនិត្យសុខភាព យ៉ាងដិតដល់ ករណីមានការបំពាន និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់របស់ថៃ ទៀតផង តែប្រជាពលរដ្ឋនៅតែមិនពេញចិត្ត។ 

គួររំលឹកថា ការធ្វើស្រង់មតិរបស់ពលរដ្ឋថៃនេះ បានធ្វើឡើងតាមប្រព័ន្ធ Online ដែលអាចធានាថា ការផ្ដល់យោបល់អាចធ្វើឡើងបានក្នុងចំនួនច្រើនតាមដែលអាចធ្វើទៅបាន តែជាលទ្ធផលមានតែ ១,៤៥៩ នាក់ប៉ុណ្ណោះបានបង្ហាញអំពីការព្រួយបារម្មណ៍នេះ៕