នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB និង WB MOWRAM បានដឹកនាំក្រុមការងារក្រសួង ចុះត្រួតពិនិត្យលើតំបន់ប្រព័ន្ធប្រឡាយជើងក្អែក ក្នុងគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ត្រង់ភូមិសាស្ត្រឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជាដំបូងគូសបញ្ជាក់ថា តំបន់តាំងក្រសាំង ពីមុនធ្លាប់តែទុកចោលដោយសារសង្គ្រាម ជាដីខ្សាច់ ជាដីព្រៃ បច្ចុប្បន្នត្រូវបានប្រែប្រួលទាំងស្រុង ក្លាយទៅជាដីកសិកម្មគ្រប់រដូវ ដ៏មានសក្ដានុពលសម្រាប់ខេត្តកំពង់ធំ ដែលមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់អាចធ្វើស្រូវ ៣ ដងក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលបាន ៥ តោនក្នុងហិកតា។
ក្នុងនោះប្រឡាយជើងក្អែក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជូនប្រភពទឹកតាមប្រព័ន្ធធារាសាស្ត្រ អូសទឹកទៅដល់ស្រែចំការរបស់ប្រជាកសិករផ្ទាល់តែម្ដង ដែលគម្រោងនេះជាការអនុវត្តតាមគោលនយោបាយជីប្រព័ន្ធប្រឡាយជើងក្អែករបស់ សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយស្មារតីទទួលខុសត្រូវបំផុត។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដ៏សកម្មបំផុតលើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្វើការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងរហូតដល់ទទួលបានជោគជ័យជាស្ថាពរ ហើយប្រព័ន្ធធារាសាស្ត្រនេះអាចបង្ហូរដល់ស្រែចម្ការរបស់ប្រជាកសិករតែម្ដង។
សូមបញ្ជាក់ថា ប្រព័ន្ធធាសាស្ត្រតាំងក្រសាំង មានផ្ទៃដីស្រោចស្រពចំនួន ១៥,០០០ ហិកតា ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ មានលក្ខណៈគ្រប់ជ្រុងជ្រោយដ៏ទំនើបមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំធ្វើការតភ្ជាប់អាងទឹកទាំង២ អាងទឹកតាំងក្រសាំង និងអាងទឹកស្ទឹងជីនិត ឲ្យក្លាយទៅជាអាងពីរបំពេញគ្នាទៅវិញទៅមកមានទឹកទាំងរដូវប្រាំង និងទាំងរដូវវស្សា ជាទឹករស់ដោយជោគជ័យ។
ឯកឧត្តម ចាន់ សុីណាត ធ្វើការចុះពិនិត្យនាពេលនេះ គឺក្នុងបំណងធ្វើការរៀបចំទីតាំង ពិធីសម្ពោធ ជូនឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងធានាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលខាងមុខនេះដើម្បីដាក់ឲ្យប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង និងសកបទ ធ្វើការប្រើប្រាស់ និងដំណើរការជាផ្លូវការ។