ទីស្ដីការក្រសួងរៀបចំដែនដី នឹងសម្ពោធប្រើប្រាស់នៅខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

យោងតាមលិខិតចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្រោមចំណារដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទាំងអស់ នឹងរៀបចំពិធីចម្រើនព្រះបរិត្តឡើងទីស្ដីការថ្មីដែលមានទីតាំងនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមេសា និងការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឲ្យមន្ត្រីចូលបម្រើការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៣០,០០០ ម៉ែត្រការ៉េ មានផ្ទៃសំណង់សរុប ៥០,៣៧៨ ម៉ែត្រការ៉េ រួមមាន៖ អគារទីស្ដីការចំនួន ១ អគារកម្ពស់អតិបរមា ៨៤ ម៉ែត្រ គិតចាប់ពីជាន់ទី១ ដល់ជាន់ទី៥ និងដំបូលប្រក់ក្បឿង មានរចនាបថបែបខ្មែរ ស្របតាមស្ដង់ដារបច្ចេកទេសទំនើបត្រូវរក្សាពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ សន្សំសំចៃអគ្គិសនី សិក្សាពីច្រកចេញចូល ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រពន័្ធទឹក ប្រព័ន្ធអគ្គិសនីបច្ចេកទេសខ្ពស់ សួនជ្រាបទឹក ៣០% ដើម្បីអភិវឌ្ឍន៍លំហបៃតង -ល- ជាមួយអគារមន្ទីរពិសោធន៍ចំនួន ១ អគារកម្ពស់អតិបរមា ១០.៥ ម៉ែត្រចំនួន ១ ជាន់ដំបូលទែរ៉ាស់។

គួររំលឹកថា អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ក្រោយពីបានទទួលលិខិតអនុញ្ញាតសាងសង់លេខ ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតិបើកការដ្ឋានសាងសង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។