ការវិនិយោគពីបរទេសចូលមកកម្ពុជា សម្រាប់ឆ្នាំនេះ ត្រូវបានព្យាករណ៍ដោយ ស្ថាប័ន SCB EIC ថានឹងមានកំណើន ៦% ខណៈវៀតណាមនាំមុខបន្តិច ក្នុងកំណើន ៦,៣%


អន្តរជាតិ៖ សេដ្ឋកិច្ច កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នឹងមានកំណើនកើនឡើង នៅឆ្នាំ២០២៤ នេះ ដោយសារមួយផ្នែកធំ គឺជាការកើនឡើងនៃ ការវិនិយោគផ្ទាល់ពីបរទេស បើធៀបនឹងឆ្នាំមុន នេះបើយោងតាម របាយការណ៍ចុងក្រោយរបស់ស្ថាប័ន SCB EIC បានអោយដឹងនាពេលថ្មីៗនេះ។

គូសបញ្ជាក់ឲ្យដឹងដែរថា SCB EIC គឺជាស្ថាប័នស៊ើបការណ៍សេដ្ឋកិច្ច (EIC) នៃក្រុមហ៊ុន Siam Commercial Bank Public Company Limited (SCB) ដែលមានទីស្នាក់ការ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាទូទៅ EIC បានរៀបចំរបាយការណ៍ទៀងទាត់ ស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់អ្នកជំនួញ និងអ្នកវិនិយោគ។

បើផ្អែកលើលទ្ធផល យោងតាមការសិក្សា ការកើនឡើងនៃការវិនិយោគ សម្រាប់ប្រទេស CLMV គឺដោយសារការស្ទុះងើបឡើងវិញ នៃការនាំចេញ និងទេសចរណ៍ពិភពលោក នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដែលរំពឹងថានឹងជម្រុញ តម្រូវការក្នុងស្រុក តាមរយៈការស្ទុះងើបឡើងវិញ នៃទីផ្សារការងារក្នុងប្រទេស CLMV។

ប្រទេស CLMV ទាំងបួននេះ ត្រូវបានគេកំណត់ថាមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសរុប តិចជាងប្រទេសជា សមាជិកអាស៊ានដូចជា ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសផ្សេងៗទៀតជាដើម។

យ៉ាងណា បណ្តាប្រទេស CLMV មានគុណសម្បត្តិពិសេស ទាក់ទងនឹងកម្លាំងពលកម្ម និងធនធានធម្មជាតិ បើប្រៀបធៀបទៅនឹង ប្រទេសមួយចំនួនផ្សេងទៀត ដែលមានសក្តានុពលខ្ពស់ សម្រាប់អនាគត ជាប្រទេសឈានមុខគេ ក្នុងតំបន់អាស៊ាន។

យោងតាមប្រភពដដែលរបស់ EIC គឺថាសេដ្ឋកិច្ចរបស់ប្រទេស CLMV មានភាពរឹងមាំ ដោយសារតែទីតាំងល្អដែលទទួលបាន អត្ថប្រយោជន៍ពីយុទ្ធសាស្ត្រ “China +1” ក្នុងឆ្នាំ២០២៤ ដែលមានក្រុមហ៊ុនបរទេសជាច្រើន កំពុងពង្រីកសង្វាក់ផលិតកម្ម របស់ពួកគេ ដើម្បីកាត់បន្ថយ ការកើនឡើងហានិភ័យពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ។ បន្ថែមពីនេះ ការផ្លាស់ប្តូរទីតាំងផលិតកម្ម កំពុងជម្រុញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេស CLMV សម្រាប់រយៈពេលមធ្យម។

ដូច្នេះ EIC ព្យាករណ៍ពីកំណើនសរុប ៦,៣% នៃFDI នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ កើនឡើងពី ៥,១% កាលពីឆ្នាំមុន នាំមុខគេក្នុងចំណោមប្រទេស CLMV សម្រាប់កំណើន FDI នៅឆ្នាំ២០២៤។

ដោយឡែក ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស CLMV ទាំងអស់តាមពីក្រោយប្រទេសវៀតណាម ដោយរំពឹងថានឹងមានកំណើន ៦% នៃ FDI សរុបនៅឆ្នាំនេះ ដោយកើនឡើងពី ៥,៦% នៅឆ្នាំ២០២៣។

ប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខបី ដោយរំពឹងថានឹងមានកំណើន ៤,៧% ដែលជាការកើនឡើងបន្តិចពី ៤,៥% ក្នុងឆ្នាំ២០២៣។ ចំពោះប្រទេសមីយ៉ាន់ម៉ា FDI នឹងមានកំណើន ៣% កើនឡើងពី ២,៥% កាលពីឆ្នាំមុន។

គួររម្លឹកផងដែរថា អត្រាកំណើននៃសេដ្ឋកិច្ច របស់ប្រទេស CLMV នៅតែយឺតជាងមធ្យមភាគ មុនវិបត្តិ Covid-19 នៅឡើយ។ កំណើនយឺតនេះបណ្តាលមកពី ការធ្លាក់ចុះសេដ្ឋកិច្ច របស់ប្រទេសចិន ខណៈប្រទេស CLMV ពឹងផ្អែកខ្លាំងលើប្រទេសចិន ក្នុងវិស័យរួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យអចលនទ្រព្យ និងសំណង់ ជាដើម។

យ៉ាងណា EIC បានលើកឡើងថា ក្នុងរយៈពេលវែងខាងមុខ ប្រទេស CLMV ត្រូវត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនានាដូចជា ការកើនឡើងនូវការការពារនិយម ទូទាំងពិភពលោក ជាពិសេសឧបសគ្គពាណិជ្ជកម្ម និងការតម្លើងពន្ធបន្ថែមទៀត។

EIC ក៏បានកត់សម្គាល់ផងដែរថា រូបិយប័ណ្ណក្នុងប្រទេស CLMV អាចប្រឈមនឹង សម្ពាធធ្លាក់ចុះតិចជាងក្នុងឆ្នាំ២០២៤ ដោយសារធនាគារកណ្តាល ក្នុងប្រទេសសេដ្ឋកិច្ចធំៗ ទំនងជានឹងទម្លាក់ អត្រាការប្រាក់របស់ពួកគេ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ តទៅ ទៀតផង។

ទោះបីជាមានឧបសគ្គខ្លះក៏ដោយ នៅឆ្នាំ២០២៤ EIC រក្សានូវតែរក្សាបាននូវ ទស្សនៈវិស័យវិជ្ជមាន សម្រាប់សេដ្ឋកិច្ចប្រទេស CLMV ក្នុងរយៈពេលវែង។