ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការងារបាន ៩៦% នឹងបើកសម្ពោធនៅមុនចូលឆ្នាំខ្មែរ!

មុនពិធីបុណ្យចូលឆ្នាំខ្មែរខិតចូលមកដល់នេះ កម្ពុជា បានត្រៀមសម្ពោធការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ជាច្រើនកន្លែង ទោះជាត្រូវបានពន្យាពេលដោយវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ ជាក់ស្ដែង ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ គិតមកទល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ៩៦% មកហើយត្រៀមនឹងបញ្ចប់ការងារទាំងស្រុងនៅត្រឹមចុងខែមីនា ដោយនឹងសម្ពោធឲ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ 

យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះត្រួតពិនិត្យគម្រោងសាងសង់កាលពីពេលកន្លងទៅ បានឲ្យដឹងថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាគម្រោងស្ពានមិត្តភាពកម្ពុជា-ចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោងចំណាយរយៈពេល ៤២ ខែដើម្បីបញ្ចប់ ប៉ុន្តែសម្រេចមុនផែនការ និងចំណាយទឹកប្រាក់សាងសង់ប្រមាណ ៥៧ លានដុល្លារ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងគម្រោងសាងសង់នេះរួមមាន៖ ការសាងសង់ស្ពានប្រវែង ១,១៣១ ម៉ែត្រ ទទឹង ១៣.៥ ម៉ែត្រ ជាប្រភេទស្ពានបេតុងសសៃដែក ឬបេតុងអាមេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រង្វង់មូល និងកំណាត់ផ្លូវតភ្ជាប់សងខាងស្ពាន ដែលមានប្រវែងសរុប ៨,៣២៣ ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗ។

បន្ទាប់ពីបានសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថាស្ពាននេះនឹងជួយទាញភូមិសាស្ត្ររវាងខេត្តកំពង់ចាម និងត្បូងឃ្មុំឲ្យកាន់តែកៀកចូលជិតគ្នា ងាយស្រួលធ្វើដំណើរ បម្រើដល់ការដឹកជញ្ជូនទំនិញ/កសិផល ជំរុញដល់ការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្ដែង ភូមិសាស្ត្រប្រទេសកម្ពុជា ទទួលផលយ៉ាងច្រើនពីទន្លេមេគង្គ សម្រាប់បម្រើវិស័យកសិកម្ម ហើយក៏ត្រូវការសាងសង់ស្ពានឆ្លងកាត់ឲ្យបានច្រើនផងដែរ សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។ 

ចំពោះខេត្តកំពង់ចាម យើងមានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ៣ កន្លែងមកហើយ ដោយទីមួយគឺ ស្ពានគីហ្សូណា មានប្រវែង ១,៥០០ ម៉ែត្រសម្ពោធកាលពីឆ្នាំ២០០១ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន, ទីពីរស្ពានថ្មកោះប៉ែន ដែលប្រើប្រាស់ជំនួសស្ពានឫស្សីកោះប៉ែន ដើម្បីបម្រើវិស័យទេសចរណ៍ផង និងដឹកជញ្ជូនកសិផលផង ស្ពាននោះមានប្រវែង ៧៧៩ ម៉ែត្រ ចំណាយថវិកាជាតិ ១៣ លានដុល្លារ, និងទីបី គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះតែម្ដង ដែលជាភូមិសាស្ត្រយ៉ាងសំខាន់មួយ ក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសការដឹកជញ្ជូនទំនិញឆ្លងខេត្តបានរហ័ស។