ផែនការតំបន់ប្រជុំកោះដ៏ធំនៅ Saudi Arabia គ្រោងនឹងបើកទទួលភ្ញៀវទេសចរនៅឆ្នាំ ២០២២ ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត បរិវេណវាលខ្សាច់ និងភ្នំភ្លើង!

គម្រោង “Giga Resort” ថ្មីមួយ នឹងដាក់ទីក្រុង Saudi Arabia ឲ្យស្ថិតនៅក្នុងរ៉ាដានៃគោលដៅតំបន់ទេសចរណ៍ដ៏ប្រណិត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ដោយមានសណ្ឋាគារចំនួន ៥០ នឹងគ្រោងបើកដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ ២០២២ ឆ្លងកាត់ប្រជុំកោះ ដែលមានទំហំប៉ុន Belgium មួយទៅហើយនោះ ស្ថិតនៅក្នុងគម្រោង Red Sea Project ត្រូវបានកំណត់ថាជាគោលដៅធំជាងគេបំផុតរបស់ពិភពលោក ដែលដំណើរការដោយថាមពលកកើតឡើងវិញ។ ជាមួយនឹងផែនការ ដើម្បីទទួលបានផលចំណេញប្រមាណ ៣០% ទៅលើប្រព័ន្ធនៃការអភិរក្សក្នុងតំបន់ (Net conservation) នៅឆ្នាំ ២០៤០ នោះ វាមិនត្រឹមតែចង់ថែរក្សាបរិស្ថានក្នុងតំបន់ប៉ុណ្ណោះទេ វាថែមទាំងព្យាយាមក្នុងការលើកកម្ពស់តំបន់ទាំងនោះទៀតផង។

វាគឺជាគោលដៅដែលមានមហិច្ចតាដ៏សម្បើម សម្រាប់គម្រោងដែលមានទំហំប៉ុននេះ។ នៅពេលដែលវានឹងត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣០ គម្រោង Red Sea Project នឹងមានបន្ទប់សណ្ឋាគារចំនួន ៨ ពាន់ សំណង់លំនៅដ្ឋានចំនួន ១.៣០០ និងសេវាកម្មផ្សេងៗនៅទូទាំងកោះចំនួន ២២។ ថាមពលនឹងត្រូវបានផលិតចេញពីបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់ បង្កើតបានជាកន្លែងផ្ទុកថាមពលថ្មធំជាងគេបំផុត នៅលើពិភពលោក (world's largest battery storage facility)។ នេះគ្រាន់តែជាការវិវត្តន៍មួយ ក្នុងចំណោមការវិវត្តន៍ជាច្រើនរបស់ Saudi Arabia ដែលគាំទ្រដោយកម្មវិធីចក្ខុវិស័យ ២០៣០ (Vision 2030 Program) ដែលជាគំនិតផ្តួចផ្តើមមួយ ត្រូវបានបង្កើតឡើងដើម្បីជម្រុញវិស័យទេសចរណ៍ ដែលជាការជំនួយសេដ្ឋកិច្ចរបស់ប្រទេស ឱ្យចេញឆ្ងាយពីការពឹងផ្អែកលើតែប្រេងមួយមុខ។

 

ក្នុងផ្នែកមួយសំខាន់ ជាការត្រួសត្រាយដូចដែលអាចស្តាប់ទៅមានតែ ១% នៃផ្ទៃដី ១៧.៤០០ គីឡូម៉ែត្រការ៉េ នឹងត្រូវបានអភិវឌ្ឍ។ ជាមួយឆ្នេរខ្សាច់សក្បុស បរិវេណវាលខ្សាច់ ភ្នំភ្លើង តំបន់ជួរភ្នំ និងប្រព័ន្ធថ្មប៉ប្រះទឹកធំជាងគេទី ៤ នៅលើពិភពលោក ប្រជុំកោះនេះគឺជាការគោលដៅក្នុងការទាក់ទាញបែបធម្មជាតិ សម្រាប់អ្នកចូលចិត្ត ការធ្វើដំណើរកម្សាន្តផ្សងព្រេង និងសម្រាកលំហែជាមួយនឹងធម្មជាតិ។ កិច្ចខិតខំប្រឹងប្រែង និងការអភិរក្សដ៏ខ្ពស់របស់គម្រោង រាប់ចាប់ពីការរុករកបច្ចេកវិទ្យាផ្កាថ្ម ដែលបានប្រើបច្ចេកវិទ្យា 3D-printed ទៅនឹងកសិដ្ឋានសារាយសមុទ្រ និងដើមឈើមេកានិច ដែលបង្កើតដោយកាបូន ដើម្បីរក្សាវិធីសាស្ត្របែបនោះដដែល។

លោក John Pagano នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍សមុទ្រក្រហម (CEO of The Red Sea Development Company) មានប្រសាសន៍ថា “យើងដឹងច្បាស់ពីការទទួលខុសត្រូវរបស់យើង ក្នុងការការពារបរិស្ថានដ៏ល្អនេះ និងបានប្រកាន់យកវិធានការណ៍តឹងរ៉ឹង តាំងពីដំបូងមក។ ការជ្រើសរើសតំបន់ដោយប្រុងប្រយ័ត្ន សម្រាប់ការអភិវឌ្ឍន៍ គឺជាមធ្យោបាយសំខាន់មួយ ដែលយើងនឹងសម្រេចបាន។ យើងកំពុងទុកកោះចំនួន ៧៥% នៃកោះឲ្យនៅដដែល និងធ្វើគ្រោងការណ៍ឌីហ្សាញកោះចំនួន ៩ ជាតំបន់ពិសេស (special conversation zones)។”

 

លោក Pagano បាននិយាយបន្ថែមថា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សផ្តោតលើ ប្រភេទសត្វអណ្តើកបៃតង និងពូជសត្វដែលជិតផុតពូជដែលមានដើមកំណើតនៅតំបន់នោះ។ គម្រោងនេះបានចាប់ដៃគូ ជាមួយសាកលវិទ្យាល័យ King Abdullah នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីដាក់ដំណើរការកម្មវិធីដាក់ស្លាកអណ្តើក និងឧបករណ៍ចាប់សញ្ញាផ្សាំនៅក្នុងថ្មប៉ប្រះទឹក ផ្កាថ្ម អាងចិញ្ចឹមត្រី និងកន្លែងទុកជាសំបុករបស់សត្វទាំងនោះ ដើម្បីតាមដានពីដំណើរជីវិតរបស់ពួកវា។ លោក Pagano និយាយថា ការធ្វើផែនការផ្នែកលំហសមុទ្រត្រូវបានធ្វើឡើង ដើម្បីគូសចេញនូវផែនទីតំបន់រងផលប៉ះពាល់ទាបបំផុត សម្រាប់ការអភិវឌ្ឍន៍។

ការអនុវត្តជាក់ស្តែងផ្នែកអេកូ (Eco-conscious) ក៏នឹងត្រូវបញ្ចូលទៅក្នុងវិធីសាស្ត្រសាងសង់ផងដែរ។ ធាតុម៉ូឌុលដែលបានសាងសង់រួចរាល់ កំពុងត្រូវបានផលិតចេញពីកន្លែង ដើម្បីកាត់បន្ថយការខ្ជះខ្ជាយ និងការរំខានដល់ប្រព័ន្ធអេកូឡូស៊ីដែលផុយស្រួយ ហើយការប្រើប្រាស់វត្ថុធាតុដើម ដូចជាបេតុងបៃតង ដែលផលិតដោយប្រើធនធានតិច នឹងត្រូវបានផ្តល់អាទិភាព។ កាលពីខែមុនក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Foster + Partners ដែលបានរចនាអាកាសយានដ្ឋានអន្តរជាតិសមុទ្រក្រហមថ្មី (Red Sea International Airport) បានបង្ហាញចក្ខុវិស័យរបស់ពួកគេ សម្រាប់ផ្នែកមួយនៃគម្រោងគឺផ្កាថ្ម។ ការអភិវឌ្ឍនាពេលអនាគតនៅលើបរិវណក្លោងទ្វារនៃកោះ Shurayrah នឹងមានសណ្ឋាគារចំនួន ១១ ដែលនឹងចាប់ផ្តើមស្វាគមន៍ភ្ញៀវនៅចុងឆ្នាំ ២០២២។

លោក Gerard Evenden ប្រធានស្ទូឌីយោនៅក្រុមហ៊ុន Foster + Partners បាននិយាយថា “ថ្មប៉ប្រះទឹក ផ្កាថ្ម តាមធម្មជាតិត្រូវបានបង្កើតឡើងដោយធាតុផ្សេងៗគ្នាជាច្រើន ប៉ុន្តែពួកវានឹងកើតមកតំណាលគ្នាតែមួយ រៀងៗខ្លួន។ នេះជាការជម្រុញទឹកចិត្តសម្រាប់ផែនការមេរបស់យើង ដែលរមណីយដ្ឋាននីមួយៗផ្តល់នូវបទពិសោធន៍ខុសៗគ្នា និងសម្រាប់ផ្តល់ជូនដល់ប្រភេទទស្សនិកជនផ្សេងៗគ្នាផងដែរ។ យ៉ាងណាកោះទាំងមូលមានអត្តសញ្ញាណរួមជាផ្កាថ្ម។”

ដោយទទួលបានការជម្រុញមិនត្រឹមតែពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានមកពីប្រពៃណីក្នុងការត្បាញកន្ត្រក នៃតំបន់ផងដែរ។ គម្រោងនេះមានគោលបំណងបង្កើតអគារដែលមានកម្រិតកាបូនទាបនៅលើផ្ទៃដី (earthy, low-carbon buildings) ដែលមានទីធ្លាធំទូលាយ និងមានខ្យល់អាកាសបរិសុទ្ធយ៉ាងពេញលេញ ដើម្បីឱ្យសាកសមនឹងចំណូលចិត្តរបស់អ្នកធ្វើដំណើរក្រោយពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។ លោក Pagano និយាយថាដើម្បីការពារកុំឲ្យមានចំនួនភ្ញៀវហួសកំណត់ ទីនេះនឹងត្រូវបានកំណត់ឲ្យមានភ្ញៀវ ត្រឹមមួយលាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយចំនួនសរុបនេះ នឹងត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវសុវត្ថិភាព។

មុនពេលមានរោគរាតត្បាត ប្រព័ន្ធទេសចរណ៍កំពុងរីកចម្រើនឥតឈប់ឈរ នៅក្នុង Saudi Arabia ដោយព្រះរាជាណាចក្រនេះ បានប្រកាសបើកដំណើរការកម្មវិធីទិដ្ឋាការអេឡិចត្រូនិច (e-visa) របស់ខ្លួន នៅឆ្នាំ ២០១៩ និងផ្តល់ឲ្យ ប្រទេសចំនួន ៥០ នូវការចូលមកកាន់ប្រទេសនេះ។ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានអនុវត្តតាមផែនការ គម្រោងដូចជា Coral Bloom នឹងអាចដាក់ Saudi Arabia ឲ្យស្ថិតនៅលើផែនទីទេសចរណ៍អន្តរជាតិយ៉ាងឆាប់រហ័ស ជាពិសេសប្រសិនបើវាអនុញ្ញាតឱ្យអ្នកធ្វើដំណើរចូលទៅកាន់ចន្លោះទាំងអស់ និងអាចការពារបរិស្ថានធម្មជាតិបាន ដូចដែលខ្លួនបានសន្យា។