ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការងារបាន ៥០% ត្រឹមខែឧសភានេះ!

ស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ជាគម្រោងដ៏ស្មុគស្មាញមួយ និងត្រូវការដោះស្រាយផលប៉ះពាល់ជាច្រើន ហើយគួបផ្សំជាមួយវិបត្តិជំងឺកូវីដ-១៩ ទៀតនោះ បានបណ្ដាលឲ្យការសាងសង់មានភាពយឺតយ៉ាវជាងផែនការបន្ដិចបន្ដួច ដោយមិនអាចបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ នេះបានទេ។ យ៉ាងណាមិញ គិតមកដល់ខែឧសភា ឆ្នាំ២០២១ នេះគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន ៥០% មកហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។  

ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាគម្រោងផ្លូវស្ថាបនាថ្មីក្រោមកញ្ចប់ថវិកាជិត ៣០០ លានដុល្លារ ក្នុងនោះថវិកា ២៧៣ លានដុល្លារ ជាហិរញ្ញប្បទានពីប្រទេសចិន ហើយនៅសេសសល់ជាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ លាតសន្ធឹងប្រវែងសរុប ៥២ គីឡូម៉ែត្រ ផ្លូវមេមានប្រវែង ៤៧ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សសៃដែក ទទឹងចាប់ពី ២២ ម៉ែត្រ ទៅដល់ ២៧ ម៉ែត្រ កម្រាស់ ២២ សង់ទីម៉ែត្រ ចំណែកផ្លូវខ្នែងមានប្រវែងសរុប ៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ហើយមានស្ពានអាកាសឆ្លងផ្លូវជាតិចំនួន ០៤ កន្លែង (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ ១ គីឡូម៉ែត្រ។ ចំណែកស្ពានឆ្លងទន្លេវិញ មានចំនួន ២ កន្លែងគឺស្ថិតនៅត្រង់កោះអន្លង់ចិន នៃទន្លេបាសាក់ មានប្រវែងសរុប ៩៩៦ ម៉ែត្រ (ស្ពានខាងកើតប្រវែង ៦៣០ ម៉ែត្រ និងខាងលិចប្រវែង ៣៦៦ ម៉ែត្រ) ព្រមទាំងមានស្ពានមធ្យម និងខ្លីចំនួន ៦ កន្លែងផ្សេងទៀត។ 

ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានកាត់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចផ្លូវទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ និងឆ្លងកាត់ផ្លូវជាតិលេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ ក្បែរកំពង់ផែស្វយ័តភ្នំពេញថ្មី នៃទន្លេមេគង្គក្រោម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ពោលផ្លូវក្រវ៉ាត់ក្រុងនេះ នឹងត្រូវតភ្ជាប់ពីផ្លូវអាស៊ានហាយវេ AH1 ទៅដល់ AH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតនៃភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។ 

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលនានា រួមចំណែកកាត់បន្ថយបញ្ហាកកស្ទះដោយយានយន្ដធំៗដែលដឹកជញ្ជូនទំនិញចេញ-ចូលរាជធានីភ្នំពេញ -ល-។ លើសពីនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ជាផ្លូវតភ្ជាប់ផ្ទៃក្នុងនិងសមាហរណកម្មតំបន់ រួមមានផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្ដុភារកម្មតំបន់។ 

ម្យ៉ាងវិញទៀត យើងសង្កេតឃើញថានៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃអចលនទ្រព្យបានចាប់ផ្ដើមមានកំណើនឡើង និងមានសក្ដានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍន៍សាងសង់លំនៅដ្ឋានបុរី រោងចក្រឧស្សាហកម្ម ឃ្លាំងទំនិញ ភស្ដុភារកម្ម -ល-។