មកស្គាល់ផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ១០!

ការស្ថាបនាផ្លូវជាតិក្នុងប្រទេសកម្ពុជា កំពុងមានវឌ្ឍនភាពយ៉ាងសកម្មហើយមានផ្លូវជាតិជាច្រើនខ្សែកំពុងជួសជុលពង្រីកធ្វើឲ្យប្រសើរឡើងវិញជាច្រើនផ្នែក និងការសាងសង់ផ្លូវជាតិថ្មីៗកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីបម្រើដល់ការធ្វើដំណើរបានរហ័សជាមុន ការដឹកជញ្ជូនទំនិញឲ្យមានប្រសិទ្ធភាព បម្រើវិស័យទេចរណ៍ ទាក់ទាញគម្រោងវិនិយោគ -ល- ឬអាចនិយាយបានថាផ្លូវគឺជាសសៃឈាមសេដ្ឋកិច្ច។ ដូចនេះ យើងនឹងមកស្គាល់ផ្លូវជាតិ ១ ខ្ទង់ដែលមានចាប់ពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវជាតិលេខ១០។ 

១. ផ្លូវជាតិលេខ១

ផ្លូវជាតិលេខ១ គឺជាផ្លូវអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កម្ពុជា ទៅកាន់ទីក្រុងហូជីមិញ វៀតណាម ហើយក៏ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េ តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តភ្ជាប់រវាងទីក្រុងបាងកក ភ្នំពេញ ហូជីមិញផងដែរ។ ផ្លូវជាតិលេខ ១ មានប្រវែងសរុប ១៦៧ គីឡូម៉ែត្រ (ភ្នំពេញ-អ្នកលឿងប្រវែង ៥៦ គីឡូម៉ែត្រ និង អ្នកលឿង-បាវិតប្រវែង ១១១ គីឡូម៉ែត្រ) ត្រូវបានស្ថាបនាឡើងវិញដោយកម្ចីហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមមានការសាងសង់ស្ពានអ្នកលឿង ដែលជាស្ពានខ្សែកាប និងវែងជាងគេបង្អស់នៅកម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ២០១៥។ 

២. ផ្លូវជាតិលេខ២ 

ផ្លូវជាតិលេខ២ គិតចាប់ពីចំណុចស្ពានក្បាលថ្នល់ ទៅដល់ព្រំដែនកម្ពុជា-វៀតណាម (គិរីវង្ស-ទិញបៀន) ដោយឆ្លងកាត់ក្រុងចំនួន២ គឺក្រុងតាខ្មៅ និងក្រុងដូនកែវ។ ផ្លូវជាតិលេខ ២ មានប្រវែងសរុប ១២០ គីឡូម៉ែត្រ ដែលបច្ចុប្បន្ន កំពុងជួសជុលឡើងវិញប្រវែង ៦២ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ទៅដល់រង្វង់មូលអូរចំបក់ ក្រុងដូនកែវ និងផ្លូវជាតិលេខ២២ ប្រវែងជិត ១០ គីឡូម៉ែត្រទៀតដើម្បីភ្ជាប់ទៅផ្លូវជាតិលេខ៣ អង្គតាសោម។ គម្រោងនេះ ត្រូវបានទទួលកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ប្រមាណ ៥៦ លានដុល្លារ ដើម្បីកែប្រែផ្លូវជាតិលេខ២ ពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវបេតុងកៅស៊ូ AC ដែលអាចប្រើប្រាស់បានយូរអង្វែង។ 

៣. ផ្លូវជាតិលេខ៣

ផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០២ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត និងទៅដល់រង្វង់មូលព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត មានប្រវែង ១៣៤ គីឡូម៉ែត្របានស្ថាបនាឡើងវិញ ១០០% មកហើយ ដោយពង្រីកទៅ ៤ គន្លង (សម្រាប់ចោមចៅ-បែកគូស) និងពង្រីកទៅ ១២ ម៉ែត្រសម្រាប់ (បែកគូស-កំពត) ដោយចំណាយទឹកប្រាក់ប្រមាណ ២១៩ លានដុល្លារជាកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រៃនប់ កំពុងស្ថិតក្នុងការសាងសង់។ 

៤. ផ្លូវជាតិលេខ៤

ផ្លូវជាតិលេខ៤ គឺជាផ្លូវហាយវ៉េមួយនៅក្នុងប្រទេសកម្ពុជា និងជាផ្លូវអាស៊ានហាយវ៉េលេខ១១ ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាផ្លូវបម្រើដល់ការដឹកជញ្ជូនទំនិញយ៉ាងសកម្ម ជាផ្លូវសេដ្ឋកិច្ច បម្រើវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ផងដែរ។ ផ្លូវជាតិលេខ៤ មានប្រវែងសរុប ២១៤ គីឡូម៉ែត្រ ចាប់ផ្ដើមសាងសង់ដំបូងក្នុងអំឡុងទសវត្សទី៥០ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជា កំពុងសាងសង់ផ្លូវល្បឿនលឿនថ្មីមួយប្រវែង ១៩០ គីឡូម៉ែត្រ ចំណាយទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុកាន់តែរហ័ស បញ្ចៀសការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៤ បានមួយផ្នែកធំ។ 

៥. ផ្លូវជាតិលេខ៥

ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៤០៧ គីឡូម៉ែត្រ គិតចាប់ពីគល់ស្ពានជ្រោយចង្វារ ទៅដល់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត-បានខ្លងឡឹក) ឆ្លងកាត់ខេត្តជាច្រើននៅជុំវិញបឹងទន្លេសាប គឺជាផ្លូវជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញរវាងកម្ពុជា-ថៃ និងជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ផងដែរ ដោយតភ្ជាប់ពីប្រទេសចិន ភូមា ថៃ កម្ពុជា និងហួសទៅវៀតណាម តាមផ្លូវជាតិលេខ១។ ផ្លូវជាតិលេខ ៥ កំពុងស្ថិតក្នុងដំណាក់កាលធ្វើឲ្យប្រសើរឡើងវិញទទួលកម្ចីហិរញ្ញប្បទានពីប្រទេសជប៉ុន បែងចែកចេញជា ៣ កំណាត់ ដោយកំណាត់ខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) ប្រវែង ៨៤ គីឡូម៉ែត្រសម្រេចការងារ ១០០% មកហើយ ចំណែកភាគកណ្ដាល (បាត់ដំបង-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែង ១៤៦ គីឡូម៉ែត្រ និងភាគខាងត្បូង (ធ្លាម្អម ខេត្តពោធិ៍សាត់-ព្រែកក្ដាម ខេត្តកណ្ដាល) មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់។ ចំណែកកំណាត់ចាប់ពីភ្នំពេញ ទៅព្រែកក្តាមត្រូវបានពង្រីកទៅ ៤ គន្លង។

៦. ផ្លូវជាតិលេខ៦ 

ផ្លូវជាតិលេខ ៦ ជាផ្លូវបម្រើវិស័យទេសចរណ៍យ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា និងជាផ្នែកនៃផ្លូវអាស៊ានហាយវ៉េលេខ១១ ផងដែរ បានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប ដូចជាខេត្តកំពង់ធំ ខេត្តសៀមរាប និងឆ្ពោះទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។ ផ្លូវជាតិលេខ៦ មានប្រវែងសរុប ៤១៦ គីឡូម៉ែត្រ ដោយផ្លូវកំណាត់ផ្លូវជាតិលេខ៦A (ភ្នំពេញ-ស្គន់ ខេត្តកំពង់ចាម) ប្រវែង ៧៣ គីឡូម៉ែត្រ មានសភាពធំទូលាយបើកបរបាន ៤ គន្លងរថយន្ដ។ 

៧. ផ្លូវជាតិលេខ៧

ផ្លូវជាតិលេខ៧ បានបំបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចស្គន់ ឆ្លងកាត់ខេត្តមួយចំនួនធំនៅតាមដងទន្លេមេគង្គ រហូតទៅដល់ព្រំដែនកម្ពុជា-ឡាវ ហើយក៏ជាផ្នែកនៃផ្លូវអាស៊ានហាយវ៉េលេខ១១ ផងដែរ។ ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៦០ គីឡូម៉ែត្រ ដែលចាប់ពីក្រចេះ-ស្ទឹងត្រែង ប្រវែង ៩៣ គីឡូម៉ែត្រ ត្រូវបានស្ដារឡើងវិញទៅជាផ្លូវបេតុងកៅស៊ូ AC រួចរាល់ហើយ ចំណែកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅក្រុងកំពង់ចាម ក៏ត្រៀមពង្រីកទៅជា ៤ គន្លង ក្រាលបេតុងកៅស៊ូ AC ផងដែរ។ 

៨. ផ្លូវជាតិលេខ៨

ផ្លូវជាតិលេខ៨ គឺជាផ្លូវជាតិថ្មី មានប្រវែង ១២៥ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ស្ពានព្រែកតាមាក់ ទៅដល់ផ្លូវជាតិលេខ ៧ ត្រង់ចំណុចស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ចំនួន ៣ ខេត្តគឺកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ មានតម្រូវការខ្ពស់លើការដឹកជញ្ជូនទំនិញ និងធ្វើដំណើរឆ្លងកាត់ទៅខេត្តផ្សេងៗទៀត។ 

៩. ផ្លូវជាតិលេខ៩ 

ផ្លូវជាតិលេខ៩ គឺជាផ្លូវជាតិថ្មី ដែលមានប្រវែង ១៤២ គីឡូម៉ែត្រតភ្ជាប់ពីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គ ដែលបានស្ថាបនាចាប់ពីឆ្នាំ២០១១ ក្រោមកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ៥០ លានដុល្លារ និងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ប្រវែង ១,៧០០ ម៉ែត្រសម្ពោធកាលពីឆ្នាំ២០១៥ ផងដែរ។

១០. ផ្លូវជាតិលេខ១០ 

ផ្លូវជាតិលេខ១០ គឺជាផ្លូវជាតិថ្មី ឆ្លងកាត់តំបន់ភ្នំភាគខាងលិចប្រទេសកម្ពុជា ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតមកដល់ខេត្តកោះកុង។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ គិតមកទល់ពេលនេះសម្រេចការងារលើសពី ៥០% មកហើយ បន្ទាប់ពីបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០២០ ដែលតភ្ជាប់ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់ស្រុកអូសោម ខេត្តកោះកុង ដោយឆ្លងកាត់តំបន់ភ្នំនិងអូរជាច្រើន សាងសង់ស្ពានឆ្លងកាត់ចំនួន ៥១ កន្លែង។ ផ្លូវជាតិលេខ១០ ត្រូវបានទទួលកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៨៨ លានដុល្លារ ដោយសាងសង់ផ្លូវបេតុងកៅស៊ូ AC វាជាផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច អាចកាត់បន្ថយរយៈពេលធ្វើដំណើរពីបាត់ដំបងមកកាន់កោះកុង ចំណេញជាង ៥ ម៉ោងដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញនោះទេ ហើយក៏សំខាន់វិស័យទេសចរណ៍ផងដែរ។

ដូចបានរៀបចំខាងដើមនេះ ផ្លូវជាតិលេខ ១ រហូតដល់លេខ ១០ សុទ្ធសឹងជាផ្លូវសសៃឈាមដ៏សំខាន់ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ដូចនេះទើបប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តែងលើកឡើងថា មានផ្លូវ មានស្ពាន កម្ពុជាមានសង្ឃឹម។ ម្យ៉ាងទៀត ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស, ផ្លូវ, ទឹក, និងភ្លើង។ មានន័យថាធ្វើយ៉ាងណាពង្រឹងគុណភាពវិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្សប្រកួតប្រជែងក្នុងទីផ្សារបើកចំហរ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពង្រាយបណ្ដាញទូរគមនាគមន៍ដែលជាសសៃឈាមសេដ្ឋកិច្ច, ពង្រីកការផ្គត់ផ្គត់ធនធានទឹក ទាំងអូរប្រឡាយបម្រើដល់វិស័យកសិកម្ម និងទឹកស្អាតសម្រាប់ប្រើប្រាស់, អភិវឌ្ឍន៍វិស័យថាមពល ធានាថាឲ្យប្រជាជនទូទាំងប្រទេសមានភ្លើងប្រើប្រាស់ពេញលេញ។ ផែនការអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ ដើម្បីជំរុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។