កម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច ២.៥% នៅឆ្នាំ ២០២១!

ក្ដីរំពឹងនៃកំណើនសេដ្ឋកិច្ចកម្ពុជា ៤% កាលពីចុងឆ្នាំមុន ត្រូវបានធ្លាក់មកត្រឹម ២.៥% យោងតាមការព្យាករណ៍ថ្មី នៅឆមាសទី២ ឆ្នាំ២០២១ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅបន្ដអូសបន្លាយក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់និងប្រទេសជិតខាងមានការចម្លងវីរុសប្រភេទថ្មី Delta ដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ខេត្តមួយចំនួន និងបិទច្រកព្រំដែនអន្តរជាតិបណ្ដោះអាសន្ន។ 

យ៉ាងណាមិញ យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងទៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងដល់យុវជនអាយុក្រោម ១៨ ឆ្នាំកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្ដិភាពបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ នឹងមិនមានសញ្ញាអវិជ្ជមានដូចការធ្លាក់ចុះក្នុងរង្វង់ -៣% ដូចឆ្នាំមុននោះទេ ពោលនៅឆ្នាំនេះ យើងព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.៥% ដោយរួមចំណែកយ៉ាងធំពីវិស័យកសិកម្ម ហើយជាក់ស្ដែងការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល ៧ ខែកន្លងមកសម្រេចបានជាង ៥ លានតោន ដែលមានកំណើនឡើងជាង ៨៧% យោងតាមទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ការនាំចេញស្រូវអង្ករបានធ្លាក់ចុះប្រមាណ -២៧% ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងសហព័ន្ធអារ៉ាប់រួម បានកើនឡើងជាង ២០០% ចំណែកការនាំចេញដំណាំផ្សេងៗក្រៅពីស្រូវអង្ករ ក៏កើនឡើងជាង ៥១% ផងដែរ។ 

ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែបន្ដរការអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើនបន្ថែមទៀត ជាក់ស្ដែងកាលពីឆមាសទី១ ឆ្នាំ២០២១ (មករា-មិថុនា) មានគម្រោងវិនិយោគចំនួន ៧០ ក្រុមហ៊ុនដែលសរុបជាទឹកប្រាក់ ២,៤០៤ លានដុល្លារ និងក្នុងខែកក្កដា គម្រោងវិនិយោគបន្ថែមប្រមាណ ៧១ លានដុល្លារទៀត។ ចំណែកវិស័យទេសចរណ៍ នឹងវិលត្រលប់មកភាពល្អប្រសើរឡើងវិញ នៅពេលដែលប្រជាពលរដ្ឋកម្ពុជា បានចាក់វ៉ាក់សាំងតាមផែនការគ្រោងទុក។ 

សូមបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារវាយតម្លៃឥណទានរបស់សហដ្ឋអាមេរិច Moody ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ២.៩% នៅឆ្នាំ២០២១ ផងដែរដោយស្ដារឡើងវិញនូវការធ្លាក់ចុះប្រមាណ -៣% កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ ការព្យាករណ៍របស់ Moody មើលឃើញថាសេដ្ឋកិច្ចកម្ពុជា ត្រូវពឹងច្រើនទៅលើទុនវិនិយោគបរទេស និងវិស័យច្រវ៉ាក់ផលិតកម្មខាងក្រៅ ដូចនេះសេដ្ឋកិច្ចក៏ងាយរងគ្រោះផងដែរ។ ម្យ៉ាងវិញទៀត អត្រានៃកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ដែលធ្លាប់មានចាប់ពីឆ្នាំ ២០១០ រហូតដល់ ២០១៩ នឹងមិនទាន់អាចវិលត្រលប់ដូចដើមនៅឡើយទេ យ៉ាងលឿនបំផុតក៏ត្រូវប្រយុទ្ធដល់ឆ្នាំ២០២២ ដែរ ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងពេញលេញ ការកាត់ផ្ដាច់ការចម្លង ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ទាំងមូល។