បញ្ហាកម្ដៅផែនដី អាចនឹងសម្លាប់ជីវិតមនុស្សជាតិប្រមាណ ៨៣ លាននាក់នៅត្រឹមឆ្នាំ ២១០០!

ការសិក្សាស្រាវជ្រាវថ្មីពីសកលវិទ្យាល័យ Columbia University បានបង្ហាញថា នៅពេញមួយសតវត្សទី២១ បញ្ហាបម្រែបម្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី និងគ្រោះធម្មជាតិ កំពុងបណ្ដាលឲ្យភពផែនដីរបស់យើងងាយរងគ្រោះខ្លាំងបំផុត ហើយបញ្ហាកំណើនកម្ដៅនេះ អាចនឹងសម្លាប់ជីវិតមនុស្សជាតិប្រមាណ ៨៣ លាននាក់ជុំវិញពិភពលោក នៅត្រឹមឆ្នាំ២១០០ ប្រហាក់ប្រហែលនឹងចំនួនប្រជាជនក្នុងប្រទេសអាល្លឺម៉ង់ទាំងមូល។ 

វិទ្យាស្ថានស្រាវជ្រាវផែនដីវិទ្យា (Earth Institute) នៃសកលវិទ្យាល័យ Columbia ទីក្រុងញ៉ូវយ៉ក បានពន្យល់ដោយងាយៗថា បញ្ហាកំណើនកម្ដៅផែនដី កើតឡើងតាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឲ្យបរិមាណកាបូនក្នុងបរិយាកាសមានកម្រិតខ្ពស់ ការបាត់បង់ស្រទាប់អូហ្សូន (ស្រទាប់មានប្រតិកម្មជាមួយកាំរស្មី UV ពីព្រះអាទិត្យ) បណ្ដាលឲ្យភពផែនកើនឡើងកម្ដៅខ្ពស់ជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះទៀត ការកើនឡើងកម្រិតកាបូនក្នុងបរិយាកាស នឹងបណ្ដាលឲ្យកើតមានគ្រោះហន្ដរាយជាច្រើនទៀតដូចជា ការរលាយទឹកកក កំណើនកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត -ល-។ លោក Daniel Bressler បេក្ខភាពបណ្ឌិតស្រាវជ្រាវផ្នែក Sustainable Development នៃសកលវិទ្យាល័យ Columbia បានបញ្ជាក់ក្នុងទិនានុប្បវត្តិ Nature Communication ដែលទើបបានចេញផ្សាយនេះថា គាត់បានសិក្សាទៅលើប្រធានបទ «mortality cost of carbon» គឺជាកិច្ចការស្រាវជ្រាវទៅលើ តម្លៃនៃបរិមាណកាបូនដែលអាចនឹងធ្វើឲ្យមនុស្សជាតិខាតបង់ប៉ុណ្ណា ឬអាចនិយាយដោយខ្លីថា តើបរិមាណកាបូនប៉ុណ្ណេះ អាចបំផ្លាញមនុស្សជាតិបានប៉ុណ្ណា? ដោយស្រាវជ្រាវនិងផ្ទៀតផ្ទាត់ជាមួយកិច្ចការស្រាវជ្រាវរបស់លោក William Nordhaus ដែលជា climate economist (សេដ្ឋវិទូអាកាសធាតុ) ទទួលបានពាន់រង្វាន់ណូបែលពិភពលោក (Nobel Prize)។

កិច្ចការស្រាវជ្រាវ Mortality cost of carbon នោះគាត់បានគណនាឃើញថា បរិមាណកាបូន ដែលធ្វើឲ្យកំណើនកម្ដៅភពផែនដី ពិតជាបណ្ដាលឲ្យមនុស្សជាតិខាតបង់ទ្រព្យ និងអាយុជីវិតជាច្រើន នៅក្នុងសតវត្សទី២១ ដរាបណាបញ្ហានេះនៅតែបន្ដរកើតមានដូចបច្ចុប្បន្ន។ ការព្យាករណ៍នឹងអាចមានមនុស្សប្រមាណ ៨៣ លាននាក់ស្លាប់ដោយសារកម្ដៅភពផែនដី និងបរិមាណកាបូនខ្ពស់ក្នុងបរិយាកាស គិតចាប់ពីឆ្នាំ២០០០ ទៅដល់ឆ្នាំ២១០០ ហើយនេះមិនទាន់រាប់បញ្ចូលគ្រោះមហន្ដរាយផ្សេងទៀតដូចជា កំណើនកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះ គ្រោះទុរភិក្សកង្វះស្បៀងអាហារ និងជំងឺដណ្កាត់ផ្សេងៗដែលបង្កឡើងពីកំណើនកម្ដៅផែនដី នៅឡើយទេ។ គូសបញ្ជាក់ថា ពិភពលោកបានបំភាយកាបូនទៅក្នុងបរិយាកាសប្រមាណ ៤០ ពាន់លានតោនក្នុងមួយឆ្នាំ (ជាមធ្យម) ហើយចាប់ពីឆ្នាំ២០២០ តទៅបរិមាណកាបូនដែលបានបំភាយ ៤,៤៣៤ តោនអាចសម្លាប់ជីវិតមនុស្សជាតិម្នាក់ ក្នុងសតវត្សទី២២នេះ) ដោយសារបរិមាណកាបូនដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤ លានឆ្នាំ និងកើនកម្ដៅប្រមាណ ១.១ អង្សាសេមកហើយ។ ម្យ៉ាងវិញទៀត បរិមាណកាបូនខ្ពស់នេះ នឹងបណ្ដាលឲ្យភពផែនដីកើនកម្ដៅខ្ពស់ជាងមុន ៤.១ អង្សាសេ នៅត្រឹមឆ្នាំ២១០០ ផងដែរ។

បច្ចុប្បន្ននេះ Social cost of carbon ឬហៅថាតម្លៃនៃការបំភាយកាបូនចេញដែលជះឥទ្ធិពលមកលើសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិច ត្រូវបានកំណត់ក្នុងតម្លៃប្រមាណ ៥០ ដុល្លារក្នុងមួយតោន ការធ្វើបែបនេះគឺដើម្បីចូលរួមទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយកំណើនកម្ដៅផែនដី និងបម្រែបម្រួលអាកាសធាតុ។ លោក Daniel Bressler បានស្នើថា ប្រសិនបើតម្លៃការបំភាយកាបូន Social cost of carbon នេះឡើងដល់ ២៥៨ ដុល្លារក្នុងមួយតោន នោះការបំភាយកាបូននឹងអាចកាត់បន្ថយបានអតិបរមាដែលអាចជួយកំណើនកម្ដៅផែនដីមកត្រឹម ២.៤ អង្សាសេប៉ុណ្ណោះ នៅក្នុងសតវត្សទី២១ ប្រសើរជាងការព្យាករណ៍កើនឡើង ៤.១ អង្សាសេ ហើយក៏អាចជួយសង្គ្រោះជីវិតមនុស្សជាតិបានយ៉ាងតិច ៧៤ លាននាក់ផងដែរ ពីការស្លាប់ដោយសារកំណើនកម្ដៅផែនដីនេះ។ យ៉ាងណាមិញ ការព្យាករណ៍កំណើនកម្ដៅផែនដី នឹងត្រូវប៉ះពាល់យ៉ាងខ្លាំងបំផុតនៅតំបន់ដែលមានអាកាសធាតុក្ដៅ និងប្រទេសក្រីក្រ ដូចជានៅទ្វីបអាហ្វ្រិច មជ្ឈឹមបូព៌ា និងអាស៊ីខាងត្បូង។