ធនាគារអភិវឌ្ឍអាស៊ីបញ្ជាក់ថា ការរីកចំរើនសេដ្ឋកិច្ចនៅអាស៊ី មានការថយចុះដោយសារ បញ្ហាវ៉ាក់សាំង

ម៉ានីល៖ តាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា ADB បានបង្ហាញឱ្យឃើញថា ការងើបឡើង ឬភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចតាមបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ពុំទាន់អាចឈានទៅដល់ក្នុងកម្រិតមួយប្រសើរនោះទេ ដោយសារតែបញ្ហានៃជំងឺកូវីដ ១៩ នៅតែបន្តកើនឡើង ដែលកើតមានឡើងមកពីបញ្ហាការបញ្ចេញវ៉ាក់សាំងចាក់មានការយឺតយ៉ាវ។

យោងតាមការព្យាករណ៍ចុងក្រោយគេ នាពេលថ្មីៗរបស់ធនាគារ ADB ស្ថិតនៅប្រទេសហ្វីលីពីន បានបង្ហាញអំពីក្ដីបារម្មណ៍ នៃងើបឡើងយឺតៗសេដ្ឋកិច្ចនៅអាស៊ី ដែលបានរងផលប៉ះពាល់ចេញពីជំងឺកូវីដ ១៩ អស់ពេលជិត ២ ឆ្នាំទៅហើយ និងកំពុងបន្តរងគ្រោះរហូតមកដល់ខែកញ្ញានេះ បណ្ដាប្រទេសមួយចំនួននៅបន្តអនុវត្តការបិទខ្ទប់នៅឡើយ។ ជាក់ស្ដែងការព្យាករណ៍នៅក្នុងឆ្នាំ ២០២០ អត្រាកើនឡើងត្រូវបានព្យាករណ៍ថាស្ថិតក្នុងកម្រិត ៧.៣% តែនៅពេលនេះធ្លាក់មកសល់ ៧.១% វិញ។

តាមការបញ្ជាក់អំពីការថាំថយនៃល្បឿនសេដ្ឋកិច្ចនៅអាស៊ីនេះដែរ ត្រូវបានឱ្យដឹងថា មកពីការបញ្ចេញវ៉ាក់សាំងចាក់ទៅដល់ពលរដ្ឋ នៅតាមបណ្ដាប្រទេសនៅមានកម្រិត ដោយប្រទេសខ្លះមានល្បឿនចាក់យឺត ប្រទេសខ្លះទៀតខ្វះវ៉ាក់សាំងចាក់ជាដើម ដែលជាមូលហេតុធ្វើឱ្យការវិលត្រឡប់ទៅកាន់សភាពដើម សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងសង្គមទាំងនោះ ពន្យាពេលបន្ថែមទៀត។ តាមតួរលេខបង្ហាញថាចំនួនចាក់នៅអាស៊ីមានប្រមាណ ១/៣ នៃចំនួនប្រជាជនប៉ុណ្ណោះ នេះបើធៀបចំនួនចាក់ទៅកាន់សហរដ្ឋអាមេរិកមានប្រមាណ ៥០% ឬ ៦០% បើធៀបនឹងសហភាពអឺរ៉ុប។

ជុំវិញបញ្ហានេះធនាគារអភិវឌ្ឍអាស៊ី បានព្រមានអំពីការពន្យាពេលនៃការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ថែមទាំងមានវីរុសបម្លែងខ្លួន (Delta) ជាបញ្ហាធំ ដែលអាចនឹងបង្ករជាហានិភ័យ និងទុក្ខលំបាករយៈពេលវែងទៅដល់សេដ្ឋកិច្ចជាតិ។ ការខាតបង់ប្រាក់ចំណូលជាច្រើន នឹងធ្វើឱ្យប៉ះពាល់ទៅដល់គម្រោង និងចក្ខុវិស័យនានានៅតាមតំបន់សេដ្ឋកិច្ច ដោយក្នុងនោះកិច្ចខិតខំប្រឹងប្រែង ជុំវិញការកាត់បន្ថយភាពក្រីក្រ នៅអាស៊ី នឹងមានថយក្រោយ ២ ឆ្នាំបន្ថែមទៀត ខណៈសាលារៀន និងប្រព័ន្ធអប់រំត្រូវបានកាត់បន្ថយនៅតាមទីក្រុង ឬកាច់ផ្ដាច់នៅតាមទីជនបទ ទីដាច់ស្រយាល ដោយសារតែពុំអាចសិក្សាតាមប្រព័ន្ធអនឡាញបាន។

ការធ្វើបច្ចុប្បន្នភាព នៃការព្យាករណ៍របស់ ADB ក្នុងខែកញ្ញានេះ គឺជាសញ្ញាបង្ហាញអំពីការថាំថយនៃល្បឿនសេដ្ឋកិច្ចជារួម នៃប្រទេសជាច្រើនស្ថិតក្នុងទ្វីបអាស៊ី ដោយបញ្ហាយឺតយ៉ាវនៃការចាក់វ៉ាក់សាំង និងកង្វះខាត ពុំអាចឆ្លើយតបបានទាន់ពេលវេលា ដោយមានតែប្រទេសអាស៊ីស្ថិតនៅភាគខាងកើតប៉ុណ្ណោះដែលទទួលបានចំនួនចាក់វ៉ាក់សាំងបានច្រើនជាងគេ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាលថែមទៀតនោះ ល្បឿនសេដ្ឋកិច្ចអាចកើនឡើងពី ៧.៤% ទៅ ៧.៦% បើធៀបនឹងការព្យាករណ៍កាលពីខែមេសា កន្លងទៅ។ សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍វិញ កំពុងតែបន្តដំណើរទៅមុខ និងរងគ្រោះជាក់ស្ដែងនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងថៃ កំពុងមារនករណីឆ្លងខ្ទង់ម៉ឺននាក់ ក្នុងមួយថ្ងៃៗ៕