ឥណ្ឌាប្រកាសអាសន្ន បញ្ហាកំហាប់ខ្យល់កខ្វក់ (PM2.5) ឈានដល់កម្រិតគ្រោះថ្នាក់!

ញូវដេលី៖ បញ្ហាខ្យល់កខ្វក់នៅប្រទេសឥណ្ឌា បាននឹងកំពុងបន្ត ដោយពុំមានការស្រាកស្រាននោះឡើយ ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង ស្របពេលកម្រិតជាតិពុល ក្នុងខ្យល់កខ្វក់នោះបានកើនឡើងឈានដល់កម្រិតគ្រោះថ្នាក់។

ទីក្រុងញូវដេលី ដែលប្រមូលផ្ដុំទៅដោយប្រជាពលរដ្ឋប្រមាណជា ២០ លាននាក់ បានកំពុងប្រឈមមុខបន្តទៀត នៃការវាយប្រហារដោយកំហាប់ខ្យល់កខ្វក់ បង្ករឱ្យប៉ះពាល់ជាខ្លាំងទៅដល់សកម្មភាព នៃការរស់នៅប្រចាំថ្ងៃ ស្របពេលរដ្ឋាភិបាលចាប់ផ្ដើមបើកឱ្យដំណើរការសកម្មភាពមួយចំនួនឡើងវិញ ដោយសារតែការធ្លាក់ចុះនៃចំនួនឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។ ជាក់ស្ដែង កាលពីម្សិលមិញនេះកម្រិតខ្យល់កខ្វក់ប្រភេទ PM2.5 បានកើនឡើងរហូតដល់តួរលេខ ៣០០ ជាកម្រិតជាតិពុលច្រើនជាង ១០ ដងនៃកម្រិតខ្យល់ធម្មតា។

ការកើនឡើងនៃកម្រិតជាតិពុល ដែលនឹងបង្ករផលប៉ះពាល់ជាខ្លាំងទៅដល់សុខភាពពលរដ្ឋនេះ ភ្នាក់ងារគ្រប់គ្រងការបំពុលរបស់ឥណ្ឌា បានប្រកាសអាសន្នទៅដល់ប្រជាពលរដ្ឋ ឱ្យស្នាក់នៅក្នុងផ្ទះជាជាងចេញក្រៅផ្ទះ និងប្រញាប់ជួបពេទ្យជំនាញនៅពេលមានអការៈមិនប្រក្រតី ពិសេសទាក់ទងនឹងផ្លូវដង្ហើម និងចង្វាក់បេះដូង។ ទន្ទឹមគ្នានោះដែរ ភ្នាក់ងារជាតិមួយនេះ បានបញ្ជាក់ទៅកាន់រដ្ឋាភិបាល ឱ្យត្រៀមលក្ខណៈក្នុងការរៀបចំផែនការ ដើម្បីដោះស្រាយ ក៏ដូចជាកំណត់ឱ្យផ្អាកសកម្មភាពអាជីវកម្មមួយចំនួននៅក្នុងទីក្រុង ឬឈានដល់ការបិទទីក្រុងជាបណ្ដោះអាសន្នសិន ប្រសិនបើកម្រិតខ្យល់កាន់តែធ្ងន់ធ្ងរជាងនេះ។

ឥទ្ធិពលខ្យល់កខ្វក់នេះ បានកំពុងធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់រស់នៅក្នុងទីក្រុងញូវដេលី ប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវដង្ហើបជាខ្លាំង បើទោះបីជាពាក់ម៉ាស ការពារ ក៏ពុំអាចដោះស្រាយបញ្ហាបាននោះដែរ។ ការកើតមានឡើងដដែលៗ បែបនេះគឺមកពីចំនួនប្រជាជនរស់នៅក្នុងទីក្រុងមានចំនួនច្រើនលើសលុប ដូច្នេះសកម្មភាពជាច្រើនបានកើតមានឡើង ធ្វើឱ្យការសាយភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស មានកម្រិតច្រើនហួសហេតុ។ ម្យ៉ាងទៀតពលរដ្ឋដែលដាំដំណាំ ឬមានចំការ បានដុតបំផ្លាញភោគផល ដើម្បីដាំដំណាំសម្រាប់ខែថ្មី ដែលសកម្មភាពទាំងនោះបានបង្កើតទៅជាផ្សែងពុលយ៉ាងខ្លាំង ដែលបង្កើតទៅជាកំហាប់ខ្យល់កខ្វក់បែបនេះ។

តាមការព្យាករណ៍របស់ភ្នាក់ងារគ្រប់គ្រងការបំពុលរបស់ឥណ្ឌា បានឱ្យដឹងថា កំហាប់ខ្យល់ពុល ដែលធ្វើឱ្យទីក្រុងទាំងមូលប្រែក្លាយទៅជាពណ៌លឿងស្រអាប់ ឬចេញប្រផេះនេះ នឹងអាចបន្តវាយប្រហារទីក្រុងរបស់ឥណ្ឌា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបអាចបញ្ចប់ឡើងវិញ តែមិនប្រាកដ ១០០% នោះទេ ព្រោះកម្រិតខ្យល់បក់ពុំមានច្រើន។ គួរបញ្ជាក់ថា របាយការណ៍ស្រាវជ្រាយរបស់អង្គការ IQAir ប្រទេសស្វីស បានចេញផ្សាយឱ្យដឹងថា ឥណ្ឌា គឺជាទីក្រុងឈរក្នុងតារាងកំពូលមួយ ដែលមានការបំភាយ និងមានឧស្ម័នពុលច្រើនជាងគេមួយក្នុងចំណោមទីក្រុងទាំង ៣០ លើពិភពលោក៕