ប្រេស៊ីល៖ កំណើននៃការកាប់បំផ្លាញ និងដុតព្រៃឈើ ស្ថិតនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល បានកំពុងតែបន្តកើនឡើងខ្ពស់ គឺខ្ពស់ជាងការរំពឹងទុក និងស្ថិតក្នុងអត្រាមិនធ្លាប់មានអស់រយៈពេល ១៥ ឆ្នាំមកហើយ បើទោះបីជាពិភពលោកបាននឹងកំពុងខិតខំប្រឹងប្រែងរកដំណោះស្រាយដើម្បីសង្គ្រោះព្រៃអាម៉ាហ្សូនយ៉ាងណាក្ដី។
របាយការណ៍ចេញដោយអាជ្ញាធរនៃវិទ្យាស្ថានស្រាវជ្រាវអាវកាសជាតិ ហៅកាត់ថា INPE របស់ប្រទេសប្រេស៊ីល ដឹងថា ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការដុតបំផ្លាញព្រៃឈើដើម្បីយកដីប្រើប្រាស់ និងអាស្រ័យផល ស្ថិតនៅក្នុងតំបន់ព្រៃ បានកំពុងកើនឡើងយ៉ាងខ្លាំងពុំធ្លាប់មានពីមុនមកនោះទេ បើគិតចាប់តាំងពីឆ្នាំ ២០០៦ មក។ ការកើនឡើងយ៉ាងខ្លាំង ក្នុងរូបភាពបំផ្លិញបំផ្លាញព្រៃឈើ នៃតំបន់ព្រៃអាម៉ាហ្សូនលើកនេះបានឱ្យដឹងថា ជាការខាតបង់ព្រៃឈើក្នុងទំហំផ្ទៃដីប្រមាណ ១៣,២៣៥ គីឡូម៉ែត្រក្រឡា ស្ថិតក្នុងឆ្នាំ២០២០ មកកាន់ឆ្នាំ២០២១ នេះ។
ការខូចខាត ព្រៃឈើយ៉ាងច្រើននេះត្រូវបាយប្រមូលទិន្នន័យគិតចាប់ពីខែសីហា ឆ្នាំ២០២០ រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ជាអត្រាដែលព្រៃឈើត្រូវបានកាប់ និងដុតបំផ្លាញមានល្បឿនលឿន បើគិតជាភាគរយមានរហូតដល់ទៅ ២២%។ កំណើននៃការខាតបង់ប្រៃឈើ ដែលជាសួតដ៏សំខាន់របស់ភពផែនដី ទទួលបានការស្ដីបន្ទោសជាខ្លាំងទៅកាន់លោក Jair Bolsonaro ប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល ដែលលោកគាំត្រឱ្យមានការដាំដំណាំដោយឆ្កាប្រៃ និងសកម្មភាពរុគរករ៉ែមានតម្លៃជាដើម ជាមូលហេតុធ្វើឱ្យជនខិលខូចឆ្លៀតឱ្យកាសបំផ្លាញព្រៃឈើដ៏ស្រស់បំព្រងទាំងនោះ។
លោក Joaquim Leite រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសប្រេស៊ីល បានឱ្យទទួលស្គាល់ថា តួរលេខនៃការកាប់ និងដុតបំផ្លាញព្រៃ ក្នុងតំបន់ព្រៃអាម៉ាហ្សូន ត្រឹមតែរយៈពេល ១ឆ្នាំ កន្លងទៅនេះ គឺជាបញ្ហាដ៏ធំត្រូវដោះស្រាយ និងជាឧក្រិដកម្មប្រឆាំងទៅនឹងបរិស្ថាន។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ នៅតែបញ្ជាក់ថា ទិន្នន័យក្នុងរយៈពេលប៉ុន្មានខែចុងក្រោយកន្លងទៅ ពុំដូចទៅនឹងទិន្នន័យដែលវិទ្យាស្ថាន INPE លើកឡើងនោះទេ ខណៈខែតុលាកន្លងទៅ INPE បានបង្ហោះទិន្នន័យនៃការកាប់បំផ្លាញព្រៃឈើ មានទំហំស្មើនឹងពាក់កណ្ដាលនៃផ្ទៃក្រឡាទីក្រុង Rio de Janeiro ឯណោះ។
ជុំវិញបញ្ហាខូចខាតព្រៃឈើនេះ រដ្ឋាភិបាលប្រទេសប្រេស៊ីន ប្រកាសថា នឹងរៀបចំឱ្យមានការពង្រាយកងទ័ព្ធបន្ថែមទៀតនៅតាមតំបន់ព្រៃ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ តែការលើកឡើងនេះមិនមែនជាលើកទី១ នោះទេ ដោយអត្រាជនខិតខូចលួចកាប់ និងដុតបំផ្លាញព្រៃឈើ នៅតែបន្តកើតមានឡើង។ គួរបញ្ជាក់ថា ប្រេស៊ីល គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូល COP លើទី២៦ នៅប្រទេសស្កុតឡែន កាលពីពេលថ្មីៗកន្លងទៅ ដើម្បីឈានទៅដល់ការលុបចោលនៃសកម្មភាពកាប់បំផ្លាញ និងដុតព្រៃឈើគ្រប់ប្រភេទ ឆ្ពោះទៅកាន់ឆ្នាំ ២០៣០ ខាងមុខ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ជនជាតិភាគតិច អាជ្ញាធររបស់រដ្ឋាភិបាលប្រេស៊ីល អង្គការជាតិ និងអន្តរជាតិ ជាច្រើនក៏ដោយ ក៏អត្រានៃការកាប់បំផ្លាញ និងដុតបំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃអាម៉ាហ្សូននៅតែបន្ត តែក្រោមកិច្ចព្រមព្រៀងអន្តរជាតិនៃកិច្ចប្រជុំកំពូល COP26 បណ្ដាប្រទេសធំៗ នឹងចាប់ផ្ដើមសង្កេតមើលលើកិច្ចការងាររបស់ប្រេស៊ីល ថាតើជោគវាសនារបស់ព្រៃអាម៉ាហ្សូនដ៏ធំមួយនេះនឹងទៅជាយ៉ាងណា៕