ការនាំចេញផលិតផលជាច្រើន លើកលែងតែប្រេង របស់អារ៉ាបីសាអូឌីត (Saudi Arabia) បានបន្តទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ រហូតដល់ត្រីមាសទី៣ កន្លងទៅ កំណើននៃការនាំចេញ ដែលជាតម្រូវការរបស់អន្តរជាតិ បានធ្វើឱ្យអត្រានាំចេញកើនឡើងរហូតដល់ទៅ ២៨.៤% ឯណោះ នេះបើយោងតាមទិន្នន័យបូកសរុបចេញផ្សាយដោយអាជ្ញាធរស្ថិតិជាតិ។
ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ការនាំចេញផលិតផលរបស់អារ៉ាប់ (លើកលែងតែប្រេង) បានបន្តកើនឡើងជាបន្តបន្ទាប់ ដោយកាលពីត្រីមាសទី៣ កន្លងទៅ លទ្ធផលបូកសរុបបង្ហាញថា ការនាំចេញមានកំណើនរហូតដល់ទៅ ២៨.៤% បើធៀបទៅនឹងត្រីមាសទី៣ នាឆ្នាំ២០២០។ ទិន្នន័យចេញផ្សាយជាផ្លូវការរបស់អាជ្ញាធរស្ថិតិជាតិបានបង្ហាញឱ្យដឹងថា ស្ថិតក្នុងត្រីមាសទី៣ នៅក្នុងខែកញ្ញា តែឯង គឺមានសន្ទុះនាំចេញច្រើនជាងគេបំផុត សរុបជាទឹកប្រាក់ប្រមាណ USD ១,៥ ពាន់លានដុល្លារឯណោះ។
ការកើនឡើងនៃតម្រូវការពិភពលោក បានញាំងឱ្យការនាំចេញរបស់អារ៉ាប់ ក្នុងត្រីមាសទី៣ កន្លងទៅនេះ កើនឡើងខ្លាំង ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក កើនឡើងប្រមាណ ២៨.៤% បើធៀបទៅនឹងឆ្នាំ ២០២០។ ការកើនឡើងនេះ ភាគច្រើនគឺជាប្រភេទផលិតផលផ្លាស្ទិច គីមី និងកៅស៊ូ ដោយផលិតផលផ្លាស្ទិច កៅស៊ូ កើនឡើងដល់ទៅ ៤៩% ខណៈផលិតផលគីមីជាច្រើនប្រភេទ មានការកើនឡើង ៣៨.៤% ដោយក្នុងនោះចិន គឺជាអ្នកទីញផលិតផលរបស់អារ៉ាប់ធំជាងគេ ក្នុងអត្រាកំណើន ១៧.៧% និងឥណ្ឌា លេខ២ កើនឡើង ៩.៦% ហើយជប៉ុនលេខ ៣ កើនឡើង ៩.៥%។
ក្រៅពីកំណើននៃការនាំចេញកើនឡើង អារ៉ាប់ ខ្លួនឯងក៏ត្រូវការនាំចូលផលិតផល ក៏ដូចជាវត្ថុធាតុដើម សម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់ទៅដល់សេចក្ដីត្រូវការផ្ទៃក្នុងផងដែរ ដោយការនាំចូលធំជាងគេរបស់អារ៉ាប់ គឺចិន គិតជាទឹកប្រាក់សរុបជាង USD ៨,២ ពាន់លានដុល្លារអាមេរិកឯណោះ ក្នុងត្រីមាសទី៣ ខណៈការនាំចូលផលិតផល និងមុខទំនិញពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀត នៅតែបន្តកើនឡើង ពី ១០.៣% និង ៧.២% បើធៀបទៅនឹងត្រីមាសទី២។
កំណើននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានរំពឹងទុកថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ នេះ ដោយចិន នៅតែបន្តជាដៃគូពាណិជ្ជកម្មធំជាងគេ ខណៈការនាំចូលនៅតែបន្តកើនឡើងដូចគ្នា៕