អាមេរិក ត្រៀមដេញថ្លៃកសិដ្ឋានកង្ហារខ្យល់យក្សធំជាងគេ អាចផ្គត់ផ្គង់ថាមពលដល់លំនៅឋានបានជាង ៣០ លានខ្នង

វ៉ាស៊ីនតោន៖ កសិដ្ឋានកង្ហារយក្ស ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតថាមពលបៃតង សម្រាប់ផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋលើផ្ទៃប្រទេស ត្រៀមនឹងចាប់ផ្ដើមបើកដេញថ្លៃ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងរួមចំណែកដោះស្រាយបញ្ហាកង្វះខាតថាមពល ក៏ដូចជានាំយកថាមពលបៃតង ទៅប្រើប្រាស់នៅក្នុងសហគមន៍អាមេរិកឱ្យបានកាន់តែច្រើន និងសំបូរបែបជាងមុន។

កសិដ្ឋានកង្ហារខ្យល់យក្ស ដែលមានទំហំធំជាងគេបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ស្ថិតក្នុងទំហំផ្ទៃក្រឡាសរុបជិត ២០០,០០០ ហិចតា នៅតាមតំបន់ឆ្នេរ នៃទីក្រុងញូវយ៉ក និងលាទសន្ធឹងទៅដល់តំបន់ឆ្នេរនៃរដ្ឋ New Jersey នឹងត្រៀមដាក់ឱ្យដេញថ្លៃ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះហើយ ដើម្បីចាប់ផ្ដើមការអភិវឌ្ឍន៍ និងជម្រុញឱ្យការផលិតថាមពលបៃតងមានទំហំកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទៅដល់សេចក្ដីត្រូវការរបស់ពលរដ្ឋ។ 

តាមការបញ្ជាក់របស់ លោកស្រី Deb Haaland រដ្ឋលេខាធិការ នៃនាយកដ្ឋានមហាផ្ទៃអាមេរិក បានឱ្យដឹងថា ការដេញថ្លៃនាខែក្រោយនេះ នឹងធ្វើឡើងនៅក្នុងទីតាំងចំនួន ៦ ដែលទីតាំងនោះ មានលទ្ធភាពអាចផលិតថាមពលបៃតងបាន ៥.៦ ទៅ ៧ ជីហ្គាវ៉ាត់ និងអាចមានអានុភាពផ្គត់ផ្គង់ថាមពលទៅដល់លំនៅឋាន បាន ២ លានខ្នង នាឆ្នាំ២០២៥ ខាងមុខ។ លោកស្រី បានបញ្ជាក់ទៀតថា នៅពេលគម្រោងទាំងមូលបើកដំណើរការពេញលេញនាឆ្នាំ ២០៣០ កសិដ្ឋានកង្ហារខ្យល់យក្សនេះ នឹងពង្រីកលទ្ធភាពផ្គត់ផ្គង់ថាមពលបៃតងទៅដល់លំនៅឋានបានរហូតដល់ទៅជិត ១០ លានខ្នងឯណោះ។

ការរៀបចំបង្កើតទៅជាកសិដ្ឋានកង្ហារខ្យល់យក្សនេះ គឺស្ថិតក្នុងគោលនយោបាយជាតិរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក ដែលធ្វើយ៉ាងណាបង្កើតឱ្យមានកសិដ្ឋានកង្ហារយក្សចំនួន ១៦ កន្លែង នៅតាមតំបន់ឆ្នេរ លាទសន្ធឹងនៅតាមរដ្ឋជាច្រើន នៃដែនដីជាតិ។ បច្ចុប្បន្នគម្រោងទាំងនោះ កំពុងស្ថិតក្នុងការរៀបចំគោនយោបាយ ខ្លះបានគ្រោងទុក និងខ្លះទៀតកំពុងធ្វើការសិក្សាបន្ថែម។ កសិដ្ឋានកង្ហារយក្សទាំងនោះ គឺជាមធ្យោបាយឆ្លើយតបយ៉ាងសំខាន់ទៅនឹងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុមួយ ដែលអាចឱ្យអាមេរិក កាត់បន្ថយការបំភាយឧស្ម័នពុលបានរហូតដល់ទៅ ៧៨ លានតោន ក្នុងមួយឆ្នាំៗ ថែមទាំងបង្កើតទីផ្សារការងារបានរាប់ម៉ឺនកន្លែង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានតែកសិដ្ឋានកង្ហារយក្ស ១ ប៉ុណ្ណោះ នៅអាមេរិក ដែលកំពុងដំណើរការពេញលក្ខណៈ គិតចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ដោយមានលទ្ធភាពផលិតថាមពលអគ្គិសនីបានក្នុងអានុភាព ៣០ មេហ្គាវ៉ាត់។ ក្រោយការដេញថ្លៃកសិដ្ឋានកង្ហារខ្យល់នោះ នឹងក្លាយទៅជាទីតាំងស្ថានីយ៍ផលិតថាមពលខ្នាតយក្ស និងជាលេខរៀងទី២ នៃគោលដៅសរុប ១៦ ដែលត្រៀមចាប់កំណើតនាពេលអនាគតបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅឆ្នាំ ២០៣៥៕