ប្រទេសឥណ្ឌូណេស៊ី និងជប៉ុនស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងវិស័យយានយន្ត និងបច្ចេកវិទ្យាឌីជីថល។ ទីភ្នាក់ងារព័ត៌មាន Antara របស់ប្រទេស ឥណ្ឌូណេស៊ីបានរាយការណ៍ថា ភាពស៊ីសង្វាក់គ្នានេះត្រូវបានពង្រឹងតាមរយៈកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី លោក Agus Gumiwang Kartassmita និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន (METI) លោក Kichi Hagiuda។ លោក Agus បានទាក់ ទាញការយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមួយចំនួនរវាងឥណ្ឌូនេស៊ី និង ជប៉ុន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ដែលបច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាលនៃកិច្ចចរចារពិនិត្យទូទៅដែរ។
លោកបានកត់សម្គាល់ថា នៅក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍ ឧស្សាហកម្មផលិតកម្មថ្មី (MIDEC) ផងដែរ។ លើសពីនេះទៀត លោក Agus បានកត់សម្គាល់ថា រដ្ឋាភិបាលជប៉ុនបានស្នើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបណ្តាប្រទេសនៅអាស៊ី ដែលហៅថា ការវិនិយោគអាស៊ីជប៉ុនសម្រាប់ការផ្តួចផ្តើមអនាគត (AJIF)។ លោកបាននិយាយបន្តថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងជំរុញនូវសំណើ AJIF ដល់បណ្តាប្រទេសជាសមាជិកអាស៊ានសម្រាប់ការគាំទ្រ។ វិស័យនានានៃកិច្ចសហប្រតិបត្តិការដែលស្នើឡើងដោយប្រទេសជប៉ុននោះ រួមមានការធ្វើពិពិធកម្មខ្សែ សង្វាក់ផ្គត់ផ្គង់ ការណែនាំអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រព័ន្ធ គ្រប់គ្រងថាមពល ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការសិក្សាលទ្ធភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែល មានគុណភាព។
ប្រទេសជប៉ុនក៏បានព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងសង្គមគ្រប់កម្រិត និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជាមួយនឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល។ ប្រទេសឥណ្ឌូណេស៊ីក៏បានស្នើឡើងនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តឧស្សាហកម្ម 4.0 ជាមួយប្រទេសជប៉ុនតាមរយៈកម្មវិធី New MIDEC ផងដែរ។ ប្រទេសជប៉ុនក៏ចង់ជំរុញកិច្ចសហប្រតិបត្តិ ការបន្ថែមទៀតក្នុងឧស្សាហកម្មរថយន្តដែរ។ គម្រោងនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះនឹងមានការ ចូលរួមពីស្ថាប័នដៃគូនានាក្នុងប្រទេសជប៉ុន ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA និង METI ជាដើម។ ឧស្សាហកម្មយានយន្ត គឺជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុត និងជាអ្នករួមចំណែក យ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប។
បច្ចុប្បន្ននេះ ក្រុមហ៊ុនឧស្សាហកម្មចំនួន 21 ដែលផលិតយានយន្តកង់បួន ឬកង់ច្រើនជាងនេះ មាន សមត្ថភាពផលិតបាន 2,35 លានគ្រឿងក្នុងមួយឆ្នាំ ដោយមានកម្មករធ្វើការចំនួន 38,000 នាក់។ ការ វិនិយោគសរុបបានឈានដល់តម្លៃ 140 ទ្រីលានរូពៀ និងផ្តល់នូវប្រភពចិញ្ចឹមជីវិតសម្រាប់ប្រជាជន ចំនួន 1,5 លាននាក់ដែលកំពុងធ្វើការតាមខ្សែសង្វាក់តម្លៃឧស្សាហកម្ម៕