កំណាត់ផ្លូវជាតិលេខ ២១B ស្ពានព្រែកហូរ-ស្ពានព្រែកសំរោង សម្រេចការងារបាន ៩៥% មកហើយ!

កំណាត់ផ្លូវជាតិលេខ ២១B គិតចាប់ពីផ្លូវជាតិលេខ២ ត្រង់ចំណុចស្ពានពែកហូរ មកដល់ចំណុចរង្វង់មូលនាគស្ពានព្រែកសំរោង ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលរងនូវការខូចខាតយ៉ាងខ្លាំង ក្រោយពីការដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់តាមបណ្ដោយផ្លូវនេះជារៀងរាល់ថ្ងៃ។ ដូចនេះ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈអភិបាលខេត្តកណ្ដាល បានសម្រេចជួសជុលកំណាត់ផ្លូវជាតិមួយខ្សែនេះឡើងវិញ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ហើយមកទល់ពេលនេះ សម្រេចការងារបាន ៩៥% មកហើយដោយត្រៀមបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីរំដោះចរាចរណ៍កកស្ទះនៅក្រុងតាខ្មៅ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី២ នេះតែម្ដង។ 

យោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីម្សិលមិញបានបង្ហាញថាគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ ២១B សម្រេចការងារជិតរួចរាល់មកហើយ ដោយផ្លូវនេះមានប្រវែងសរុបប្រមាណ ៣ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ដោយមានទទឹងទំហំ ១១ ម៉ែត្រ ជម្រាលទទឹងផ្លូវ ៣% កម្រាស់ Stabilize ២០០ មីលីម៉ែត្រ ត្រូវអ៊ុតឡើងវិញដោយបេតុងកៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រ និងប្រើប្រាស់គ្រឿងចក្រ Stabilizer អនុវត្តគម្រងោយដោយនាយករដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ត្រួតពិនិត្យបច្ចេកទេសដោយនាយករដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ 

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថាការលើកកម្រិតគុណភាពផ្លូវជាតិលេខ ២១B មានវឌ្ឍនភាពល្អដែលត្រៀមនឹងបញ្ចប់ទៅហើយគិតមកទល់ពេលនេះ ចំណែកឯគ្រឿងចក្រ Stabilizer ដែលជាជំនួយពីប្រទេសជប៉ុននេះ អាចជួយឲ្យការសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ និងកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ កាត់បន្ថយរយៈពេលសាងសង់ និងប្រើប្រាស់បានយូរជាងមុន ស្របតាមបទដ្ឋាននៃការដឹកជញ្ជូនផ្ទាល់នៅតាមផ្លូវនេះ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន មើលឃើញថាផ្លូវជាតិលេខ ២១B ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវលេខ ១១៤) និងផ្លូវជាតិលេខ ២១ សុទ្ធសឹងបម្រើដល់ការដឹកជញ្ជូនធ្ងន់ៗច្រើន ដូចនេះត្រូវមានការសាងសង់លើកកម្រិតគុណភាពផ្លូវឲ្យបានរឹងមាំទៅតាមបរិបទបច្ចុប្បន្ន ដោយសារតែភាពរីកចម្រើននៃភាគខាងត្បូងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានព្រមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ទាំងឡាយដែលហ៊ានល្មើសច្បាប់ ជាពិសេសដឹកជញ្ជូនលើសទម្ងន់ មិនមានគ្របខាងលើ ធ្វើឲ្យខ្សាច់ ឬគ្រួសធ្លាក់រាយប៉ាយតាមផ្លូវធ្វើឲ្យប្រឡាក់ ខូចខាតផ្លូវ បង្ករផលពិបាកធ្វើដំណើរដល់ប្រជាពលរដ្ឋ។