អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ប្រារព្ធកិច្ចសន្ទនាស្តីពី ការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានប្រារព្ធ កិច្ចសន្ទនាលើកទី៥ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួន របស់ វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ។ កិច្ចសន្ទនានេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក KANDA Yogo  ប្រធាន JBAC  ដោយមានការចូលរួម ពី តំណាង JBAC, ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), ស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO) និងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ ចំនួនប្រមាណ៧០ រូប។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត គុណ ញឹម  បានថ្លែងអំណរគុណ ចំពោះសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន និង JICA ដែលបានផ្តួចផ្តើមគំនិតស្នើសុំឲ្យមានកិច្ចសន្ទនានេះឡើង ។ ឯកឧត្តម បានលើកឡើង ថា នាឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ បានជះ ឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិជាសាកល រួមទាំងកម្ពុជាផងដែរ។ ដើម្បីទ្រទ្រង់ ស្ថានការនេះឡើងវិញ តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋបាលគយ និងវិស័យ ឯកជនដើម្បីពង្រឹងប្រសិទ្ធភាពនៃការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច ចូលរួមបង្កើនឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ វេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, និងយន្តការប្រឹក្សាយោបល់រវាងគយជាមួយសមាគមធុរកិច្ចផ្សេង ទៀត ត្រូវតែបន្តរៀបចំផងដែរ។ ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោក KANDA Yogo  ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានរៀបចំកិច្ចសន្ទនានេះឡើង និងបានធ្វើការកត់សម្គាល់ពីវិធាន ការកែលម្អនានាដែល អគរ បានដាក់ចេញនាពេលកន្លងមក។

កិច្ចសន្ទនាបានពិនិត្យពិភាក្សា និងបំភ្លឺលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការដាក់ឱ្យដំណើរការបណ្តោះអាសន្នមាត់ច្រកស្ទឹងបត់-បានណងអៀន រួមទាំងការរៀបចំការិយាល័យធ្វើការបណ្តោះអាសន្ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ Single Stop Inspection, ការងារពង្រីកមុខងារប្រព័ន្ធអាស៊ីគូដា, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការវាយបញ្ចូលទិន្នន័យស្ទួនគ្នា២ដង ក្នុងប្រតិវេទន៍តម្លៃគិតពន្ធគយក្នុងប្រព័ន្ធ CVDS និងប្រតិវេទន៍ SAD នាពេលបំពេញបែបបទបញ្ចេញទំនិញពីគយនាមាត់ច្រកព្រំដែន, ការអនុវត្តនីតិវិធី Pre-arrival processing ក្រោមគម្រោងជំនួយរបស់ ARISE Plus, ការកែសម្រួលអំពី រយៈពេលនៃការរក្សាទុក ឯកសារ, ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងមន្រ្តីទំនាក់ទំនងរបស់អគរ។ ទន្ទឹមនឹងការដោះស្រាយ នូវបញ្ហាខាងលើ ឯកឧត្តមបណ្ឌិត គុណ ញឹម បានឯកភាពទទួលយកសំណើរ របស់ JBAC ក្នុងការរៀប ចំសិក្ខាសាលាផ្សព្វផ្សាយ (Briefing Session) អំពីវឌ្ឍនភាពនៃបទប្បញ្ញត្តិជាធរមាន ជាពិសេសការ ពង្រីកមុខងារប្រព័ន្ធអាស៊ីគូដាជំនាន់ចុងក្រោយ និងការងារពាក់ព័ន្ធផ្សេងទៀត ជូនសមាជិក JBAC។ 

អគរ នឹងធ្វើការបន្តជាមួយ JBAC ដើម្បីកំណត់យកប្រធានបទ និងពេលវេលា ដើម្បីរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA) ក៏បានជម្រាបអង្គប្រជុំពីគម្រោង ជំនួយសំខាន់ៗ លើការគាំទ្រ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដូចជាវិស័យដឹក ជញ្ជូន ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាងអគរ និង JICA។ JICA បានផ្តល់ការគាំទ្រដល់អគរ ជាង១០ឆ្នាំមកហើយ ដោយបានផ្តល់នូវអ្នកជំនាញការរយៈពេលវែងប្រចាំនៅអគរ លើការងារគោល នយោបាយ និងរដ្ឋបាលគយ, ផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនមន្រ្តីគយនិងរដ្ឋាករ, ផ្តល់សម្ភារៈ បរិក្ខារអនាម័យដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩, ការចូលរួមគាំទ្រក្នុងការសិក្សារយៈពេល បញ្ចេញទំនិញ, ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ, គម្រោងរៀបចំតំបន់កំពង់ផែសេរី (Free Port Zone)នៅក្រុងព្រះសីហនុ ជាដើម។ 

ក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាង JBAC, JICA, JETRO បានបេ្តជ្ញា ចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួល ពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។