រយៈពេល ៥ ឆ្នាំចុងក្រោយ (២០១៧-២០២១) បរិមាណកុងតឺន័រឆ្លងកាត់ កំពង់ផែស្វយ័តខេត្តព្រះសីហនុ (កសស) មានកំណើនជាមធ្យមក្នុងរង្វង់ ១៤% ហើយចំណូលសរុបមានកំណើន ជាមធ្យមប្រមាណ ១១,៣%។ បើយោងតាម លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុក អាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្លែងក្នុងបទបង្ហាញក្នុង ពិធីទទួលការអញ្ជើញទស្សនកិច្ចរបស់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ ការអញ្ជើញដឹកនាំ គណៈប្រតិភូបំពេញទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺទទួលការស្វាគមន៍ពី លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុក អាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងរបស់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំបុគ្គលិក បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
បន្ទាប់មកប្រតិភូអញ្ជើញចូលរួមគឺមាន លោក បណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត កែន សម្បត្តិ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ ផ្សេងទៀត លោក ថៃ ឬទ្ធី បានបញ្ជាក់ថា ស្ថានភាពវឌ្ឍនភាពនៃការអភិឌ្ឍន៍ និងដំណើរការអាជីវកម្មរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងនោះ សម្រាប់ស្ថានភាពអាជីវកម្ម របស់ខ្លួន ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយ (២០១៧-២០២១) បរិមាណកុងតឺន័រឆ្លងកាត់ កសស មានកំណើនជាមធ្យមក្នុងរង្វង់ ១៤% ហើយចំណូលសរុបមាន កំណើនជាមធ្យមប្រមាណ ១១,៣%។ សម្រាប់ឆ្នាំ ២០២១ បរិមាណកុងតឺន័រឆ្លងកាត់ (កសស) មានកំណើនខ្ពស់ប្រមាណ ១៤,១១% ធៀបទៅនឹងឆ្នាំ ២០២០ ដោយសម្រេចបានចំនួន ៧៣២.៣៨៧ ហើយទទួលបានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩ រៀល កើន ៩,៧៩ %។
បន្ទាប់មកថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានគោរពអញ្ជើញ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងគណៈប្រតិភូអមដំណើរ ទៅពិនិត្យទីតាំងអាជីវកម្មជាក់ស្តែង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា ទស្សនកិច្ចនេះមិនមែន ក្នុងន័យមកត្រួតពិនិត្យ ឬផ្តល់ការណែនាំលើការងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុនោះទេ ប៉ុន្តែមកទស្សនកិច្ចនិងស្វែងយល់ ពីការងាររបស់កំពង់ផែ ដោយហេតុថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកទទួលបន្ទុក ក្រោមការណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកបញ្ជូនឲ្យមកស្វែងយល់ដោយផ្ទាល់។ កិត្តិបរិរក្ស បណ្ឌិត បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាសមាសធាតុ (Composant) មួយនៃ សេដ្ឋកិច្ចហើយបាន សម្រេចចំណូលប្រមាណជាង ៨០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលអាចដោះស្រាយ បានអំពីអតីតកាលនិងអនាគតកាល ពោលគឺរក្សាបាននូវជំនឿ លើការដឹកនាំរបស់ថ្នាក់ដឹកនាំ របស់កំពង់ផែរួមមានលោក លូ គឹមឈន់ ប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។
លើសពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ទោះបីជាមានភាពមិន ប្រាកដប្រជានៃជំងឺកូវីដ-១៩និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែកម្ពុជានៅតែបន្ត សម្រេចបាននូវ សេដ្ឋកិច្ចជាតិផងដែរ។ កំពង់ផែស្វយ័តគឺជាកន្លែង អនុវត្តគោលនយោបាយឡូជីស្ទីក (Logistics) របស់រាជរដ្ឋាភិបាល។ ជាមួយនេះកិត្តិបរិរក្សបណ្ឌិត បានសម្តែងនូវអំណរសរសើរ ដោយស្មោះអស់ពីចិត្តចំពោះ លោក លូ គឹមឈន់ ប្រធានអគ្គនាយកនៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកអគ្គនាយករងដែលជា សេនាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងកម្មករ ដែលបានធ្វើឲ្យកំពង់ផែសម្រេចបាន លទ្ធផលជាផ្លែផ្កែក្រោម បរិការណ៍នៃសន្តិភាពដែលបាន និងកំពុងបន្តគ្របដណ្តប់ ពេញព្រះរាជាណាចក្រកម្ពុជាទាំងមូល។
បន្ថែមពីនេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នូវពុទ្ធពរទាំងបួនប្រការ និងបដិភាណៈព្រមទាំងទទួល បានជោគជ័យការងារ ក្នុងការចូលរួម អនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលជាអាទិ៍ ការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង។ ហេតុដូច្នោះហើយ គឺស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រោមដំបូលសន្តិភាព ដែលសម្តេចតេជោនាយក រដ្ឋមន្ត្រីសម្រេចបានជូនកម្ពុជា៕