រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់ជំនួយបោសសម្អាតមីន ក្នុងភូមិចំនួន ០៤ នៅខេត្តកោះកុង


ក្នុងឱកាសអញ្ជើញជាអធិបតីរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh រដ្ឋលេខាធិការនៃក្រសួងការបរទេស សាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីន នៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន។ រដ្ឋាភិបាលឥណ្ឌា សន្យាថានឹងជួយ បោសសម្អាតមីនក្នុងភូមិចំនួន ០៤ នៅខេត្តកោះកុង ដើម្បីប្រែក្លាយភូមិទាំង ៤ នោះជាភូមិដែលគ្មានមីន។ បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌា ក៏គ្រោងនឹងរៀបចំតំបន់ ផ្តល់នូវអវៈយវៈសិប្បនិម្មិតចំនួន ០២ កន្លែងនៅកម្ពុជា សម្រាប់ជួយដល់ជនរងគ្រោះ ដោយសារមីនផងដែរ។

តាមរយៈសកម្មភាពជំនួយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមដល់ ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលឥណ្ឌា បានផ្តល់នូវអវយវៈសិប្បនិមិត្ត ដល់ជនមានពិការភាព, អភិវឌ្ឍសមត្ថភាព មន្រ្តីអាជ្ញាធរមីន និងការចូលរួមឲ្យ កម្ពុជាក្លាយជាប្រទេសគ្មានមីន នៅឆ្នាំឆ្នាំ ២០២៥ ផងដែរ។ ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh បានបង្ហាញពីសេចក្តីសប្បាយរីករាយ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន លើគម្រោងធ្វើឱ្យភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ជាភូមិគ្មានមីន ដោយនឹងផ្តល់អត្ថប្រយោជន៍ ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជិត ៨.០០០ នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏ជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាផងដែរ។

ក្រៅពីគម្រោងដោះមីន ក្នុងភូមិចំនួន ៤ ខាងលើនេះ ឯកឧត្តមបណ្ឌិត Rajkumar Ranja Singh ក៏បានលើកឡើងអំពីគម្រោងផ្សេងទៀត របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយសង្រ្គោះ ជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមផងដែរ តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត និងរៀបចំឲ្យមានតំបន់ចំនួនពីរ ក្នុងខេត្តពីរបន្ថែមផ្សេងទៀត ក្នុងប្រទេសកម្ពុជានៅចុងឆ្នាំនេះ ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីន៕