កំពង់ផែដងទង់ ខេត្តកោះកុង នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ នេះ


តាមការចុះត្រួតពិនិត្យការងារពីសំណាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា វឌ្ឍនភាពនៃគម្រោងសាងសង់ កំពង់ផែដងទង់ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រេចការងារ បានទៅតាមផែនការគ្រោងទុក ដោយកំពង់ផែពហុវិស័យនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ ហើយដាក់សម្ពោធប្រើប្រាស់ នៅចុងឆ្នាំ ២០២២ នេះតែម្ដង។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ជាកំពង់ផែពហុវិស័យខ្នាតមធ្យម មានតម្លៃប្រមាណ ១,៥ លានដុល្លារ ដែលត្រូវបានសាងសង់ឡើង សម្រាប់បម្រើនាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀង បណ្ដោយឆ្នេរសមុទ្រកម្ពុជា វៀតណាម ថៃ និងសម្រាប់បម្រើ នាវាដឹកទំនិញកសិផល មកពីបណ្ដាខេត្តមួយចំនួន នៅប៉ែកពាយព្យប្រទេសដូចជា ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើ ដល់ការនាំចូលទំនិញ ពីប្រទេសវៀតណាម និងថៃផងដែរ។

យោងទៅតាមប្លង់មេពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងកំពង់ផែដងទង់ មានលក្ខណៈសម្បត្តិដូចខាងក្រោម៖

១/ សាងសង់កំពង់ផែបេតុងប្រវែង ៦៩ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ

២/ សាងសង់ស្ពានបេតុងតភ្ជាប់ទៅផែ ប្រវែង ២៨ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចំនួន ២ កន្លែង

៣/ សាងសង់ផ្លូវបេតុងចេញ-ចូលផែ មានទំហំ ១ ៦២២ ម៉ែត្រការ៉េ កម្រាស់ ២,៣ តឹក និងផ្លូវដើរទំហំ ១០០ ម៉ែត្រការ៉េ កម្រាស់ ២ តឹក

៤/ ការងារដាក់លូមុខកាត់ ៨ តឹក ប្រវែង ២៧៤ ម៉ែត្រ និងអណ្ដូងលូចំនួន ១០ កន្លែង។

គម្រោងសាងសង់កំពង់ផែដងទង់ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ ២០២២ ដើម្បីប្រើប្រាស់សម្រាប់ ដឹកជញ្ជូនទំនិញរាយ តាមច្រករបៀង សេដ្ឋកិច្ចភាគពាយ័ព្យ និងជាពិសេសបម្រើដល់ វិស័យទេសចរណ៍ ឆ្លើយតបទៅនឹងភាព រីកចម្រើននៃវិស័យទេសចរណ៍ ផ្លូវទឹកប្រទេសកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង វិស័យទេសចរណ៍ផ្លូវទឹក នឹងមានការតភ្ជាប់ ការធ្វើដំណើរទៅតាម តំបន់ទេសចរណ៍ខេត្តកោះកុង កោះកុងក្រៅ និងតភ្ជាប់នាវាទេសចរណ៍ ពីខេត្តព្រះសីហនុ និងខេត្តកំពត ដែលកំពុងសាងសង់ និងកំពង់ផែរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រវត្តិនៃកំពង់ផែដងទង់ នេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ ១៩៨៤ ជាកំពង់ផែជាប់ដៃសមុទ្រ នៃខេត្តកោះកុង សាងសង់ពីបេតុងប្រវែង ២១ ម៉ែត្រ ទទឹង ១១ ម៉ែត្រ មានរាងជាអក្សរ T ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ និងនេសាទផ្សេងៗ។ រហូតមកដល់ឆ្នាំ ១៩៨៩ ក៏មានការសាងសង់បន្ថែម ផែបេតុងថ្មី ពីលើផែចាស់នោះ ដោយមានបណ្ដោយ ៣០ ម៉ែត្រ ប្រើប្រាស់មកទល់សព្វថ្ងៃ។