"មនុស្ស" គឺជាវិស័យអាទិភាពចំបងបំផុតរបស់កម្ពុជា ក្នុងចំណោមវិស័យសំខាន់ៗទាំងបួនគឺ "ផ្លូវ ទឹក ដី និងមនុស្ស"


ប្រមុខដឹកនាំកម្ពុជាបានកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ក្នុងចំណោម វិស័យអាទិភាពទាំង៤ ដែលរួមមាន៖ ផ្លូវ ទឹក ភ្លើង និង មនុស្ស ដោយផ្តោតការយកចិត្តទុកដាក់លើ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ថ្លែងក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយ និរន្តរភាពបន្ទាប់ពីជំងឺកូវីដ-១៩» នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការសម្រេចបាននូវ ការងើបឡើងវិញ និងការឈានឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយ ចីរភាពនិងបរិយាបន្ន ទាមទារឱ្យមាន ការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានចរិតលក្ខណៈសកល ទាំងនេះ តាមរយៈការចូលរួម សហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នា ស្វែងរកដំណោះស្រាយ។

ក្នុងស្មារតីនេះ ថ្វីត្បិតកម្ពុជាមិនទាន់ បើកកិច្ចពិភាក្សា និងមិនទាន់មាន ដំណោះស្រាយជាក់លាក់ សម្តេចតេជោ បានចូលរួមចែករំលែកថា ព្រះរាជាណាចក្រកម្ពុជា អាចអភិវឌ្ឍខ្លួន បានយ៉ាងលឿន និងគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងកម្រិតមួយដ៏ល្អប្រសើរ តាមរយៈការដាក់ចេញ នូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល។ សម្តេចតេជោ បានមានប្រសាសន៍ បន្ថែមថា ដើម្បីតម្រង់ទិសដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ដោយនៅក្នុងដំណាក់កាលនីមួយៗ គឺរាជរដ្ឋាភិបាលតែងតែកំណត់ «មនុស្ស» ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤។ «ជាពិសេស ចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្ត ទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ។

ជាក់ស្តែង កម្ពុជាបានបង្កើតការងារ ជូនប្រជាជនរាប់លាននាក់ ជាពិសេសក្នុង វិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួម កាត់បន្ថយភាពក្រីក្រ គួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ មុនការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបាន អត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យ កម្ពុជាផ្លាស់ប្តូរឋានៈ ពីប្រទេសមានការអភិវឌ្ឍ តិចតួចទៅជា ប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ ២០១៥»។ សម្តេចតេជោ បានបន្ថែមថា ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយ កម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ប៉ុន្តែក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ នាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរក ការសម្រេចបាននូវ ចក្ខុវិស័យទាំងនេះ អាចជួបប្រទះនឹងការរាំងស្ទះ។ ជាការពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមាន ក្នុងអត្រា៣,១ ភាគរយ ដែលជាកំណើនអវិជ្ជមាន លើកដំបូង ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ៕