ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើ អាណត្តិសេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។ អាណត្តិកម្មវិធីនេះ នឹងជួយឱ្យប្រទេសកម្ពុជា សម្រេចបាននូវគោលដៅ អព្យាក្រឹតភាពកាបូន ត្រឹមឆ្នាំ២០៥០។ បើតាម ADB ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សា ទូទាំងប្រទេស ស្តីពីឱកាសសម្រាប់ សមត្ថភាពថាមពល ពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System - BESS) ដែលនឹងត្រូវអនុវត្ត ចាប់ពីឆ្នាំនេះរហូត ដល់ឆ្នាំ២០៣០។
ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង ១០០ មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើ ទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។គម្រោងសាកល្បងនេះ ត្រូវបានគេរំពឹងថា នឹងប្រមូលទុនបានរហូតដល់ ១០០លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុង ការពង្រីកវិសាលភាព ការផ្គត់ផ្គង់ថាមពល កកើតឡើងវិញ ដែលមានតម្លៃសមរម្យ និងឆាប់រហ័សក្នុងប្រទេសកម្ពុជា។ ប្រធានការិយាល័យ ភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB លោកស្រី F. Cleo Kawawaki បានលើកឡើងថា កម្មវិធីនេះ គឺវាប្រកបដោយមហិច្ឆតាខ្ពស់ របស់កម្ពុជា ក្នុងវិស័យថាមពលកើតឡើងវិញបាន ហើយក៏នឹងកាត់បន្ថយ ថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវ សន្តិសុខថាមពល ដោយការទាញយក អត្ថប្រយោជន៍ពី ធនធានក្នុងស្រុក។ លោកស្រីបានបញ្ជាក់ថា៖ «យើងសង្ឃឹមថា នឹងរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការគាំទ្រ ការដេញថ្លៃ ប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អ និងដែលទាក់ទាញ ការប្រកួតប្រជែងយ៉ាងសកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិត និងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់នេះ គឺស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការ ថាមពលដែលកំពុងកើនឡើង របស់ប្រទេស តាមរយៈការបង្កើន ការប្រើប្រាស់ថាមពល កកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ លើសពីនេះទៀត គន្លឹះនៃយុទ្ធសាស្ត្រនេះ គឺការទាញយកធនធាន ពន្លឺព្រះអាទិត្យ ដ៏សម្បូរបែបរបស់ ប្រទេសកម្ពុជា ដែលការរួមចំណែក របស់ថាមពលព្រះអាទិត្យនេះ បានកើនឡើងជាក់ស្តែង ពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ១២% នៅចុងឆ្នាំ ២០២១។
លោកស្រី F. Cleo Kawawaki បានបន្ថែមថា ផែនការមេអភិវឌ្ឍន៍ ថាមពលថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពល ក្នុងការពង្រីកបន្ថែម នូវសមត្ថភាពនៃ ថាមពលពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថា នឹងលើសពី ៣ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែក នៃថាមពលពន្លឺព្រះអាទិត្យ កើនឡើងចាំបាច់ ត្រូវមានការកែលម្អ ស្ថេរភាពបណ្តាញ តាមរយៈការអនុម័ត BESS។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ADB រីករាយក្នុងការគាំទ្រ ការផ្លាស់ប្តូរទៅរក ថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់ កំណើនសេដ្ឋកិច្ចស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្ន តាមរយៈការកែទម្រង់ គោលនយោបាយក្នុងផែនការ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថេរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល»។
សូមជម្រាបជូនថា អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យ របស់កម្ពុជា ដែលរួមមានឧទ្យានជាតិ សូឡាដំបូងបង្អស់ របស់ប្រទេស មានទីតាំងនៅក្នុង ខេត្តកំពង់ឆ្នាំង ដែលនឹងផលិតថាមពល ពន្លឺព្រះអាទិត្យ រហូតដល់ ១០០មេហ្គាវ៉ាត់។ កម្មវិធីនេះក៏នឹងផ្អែក លើគម្រោង BESS ដែលអនុវត្តដោយ EDC ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលផ្តល់ដោយ ADB៕