កម្ពុជា-ចិន ត្រូវការកិច្ចសហប្រតិបត្តិការ ល្អប្រសើរបន្ថែមទៀត លើវិស័យកសិកម្ម


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្ពុជា ត្រូវការកិច្ចសហប្រតិបត្តិការ ល្អប្រសើរបន្ថែមទៀត ជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ពង្រីកការនាំចេញផលិតផលកសិកម្ម និងផ្ដល់នូវប្រយោជន៍ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក្នុងឆ្នាំបន្ដបន្ទាប់ទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា-ចិន មានចំណងមិត្តភាពយ៉ាងរឹងមាំ នៅលើវិស័យកសិកម្ម ដោយចិនជាទីផ្សារនាំចេញ ស្រូវអង្ករធំជាងគេបំផុត របស់កម្ពុជា ហើយនៅក្រោយ ការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នឹងជួយពង្រីកទីផ្សារនាំចេញ ផលិតផលកសិកម្មកម្ពុជា បន្ថែមទៀត ដូចជា ត្រីសាច់ ផ្លែចេក ស្វាយស្រស់ និងថ្មីៗនេះគឺការនាំចេញផ្លែមៀន។

ឯកឧត្តម ជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់ទៀត វិស័យកសិកម្ម រវាងប្រទេសទាំងពីរ នឹងឈានទៅមួយកម្រិតទៀត ដែលមិនត្រឹមតែ ពង្រីកការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែនឹងមានការផ្លាស់ប្ដូរវប្បធម៌ ចំណេះដឹងកសិកម្ម ផងដែរ ឧទាហរណ៍ ការចុះកម្មសិក្សា វិស័យកសិកម្មនៅប្រទេសចិន ការផ្ដល់អាហារូបករណ៍ ផ្នែកកសិកម្មទៅប្រទេសចិន ដើម្បីត្រលប់មកអភិវឌ្ឍ កសិកម្មនៅប្រទេសកម្ពុជាវិញ ថែមទាំងការមើលឃើញ ឱកាសទីផ្សារកសិកម្ម នៅប្រទេសចិនផងដែរ។

ចំពោះការនាំចេញវិញ នៅចន្លោះពីឆ្នាំ ២០១៩ ដល់ ពាក់កណ្ដាលឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិនចំនួន ២,៤ លានតោន សរុបជាទឹកប្រាក់ ១,៩៤ ពាន់លានដុល្លារ ដែលទិន្នន័យនេះ បានបង្ហាញអំពីសក្ដានុពល នៃផលិតផលកសិកម្មកម្ពុជា មានទីផ្សារធំទូលាយ ក្នុងប្រទេសចិន និងមានតម្រូវការខ្ពស់ទៀតផង។ ដូចនេះ ការក្លាយជាសមាជិក នៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជាការឱកាស និងជាប្រយោជន៍យ៉ាងធំទូលាយ សម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា។

កម្ពុជា ត្រៀមខ្លួនរួចរាល់ សម្រាប់ផ្សព្វផ្សាយ ផលិតផកកសិកម្មទៅកាន់ ទីផ្សារប្រទេសចិន ហើយស្វាគមន៍ចំពោះវិនិយោគិនចិន ដែលស្វែងរកឱកាស វិនិយោគក្នុង វិស័យកសិកម្មនៅកម្ពុជា ព្រោះវាមិនត្រឹមតែ ផ្ដល់ផលប្រយោជន៍ចំពោះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងសេដ្ឋកិច្ចប្រទេសទាំងពីរនោះទេ ថែមទាំងជួយលើកកម្ពស់ សុខមាលភាព និងវិបុលភាពចំពោះកសិករ និងវិស័យកសិកម្ម នៅកម្ពុជាទៀតផង។