ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមជួសជុលថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០១៩ នេះ

បើទោះបីជាបច្ចុប្បន្ន ស្ពានអាកាសក្បាលថ្នល់ បានជួយដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញបានច្រើនក៏ពិតមែន តែបើយើងអង្កេតមើលស្ថានភាពបច្ចុប្បន្ននៃការកើនឡើងខ្ពស់ នៃកំនើនប្រជាជន ក៏ដូចជាយាន្តជំនិះឃើញថា បញ្ហាចរាចរណ៍ នៅតែបន្តកើតមានឡើងដដែល ធ្វើឲ្យមានការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃនៅចំនុចផ្លូវប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ស្ពានច្បារអំពៅ ផ្លូវចាក់អង្រែ ផ្លូវ ២៧១ ស្របពេលដែលស្ពាននោះ នៅមានបញ្ហាបច្ចេកទេសខ្លះៗ។ 

ជាដំណោះស្រាយ ស្ពានអាកាសក្បាលថ្នល់ នឹងត្រូវជួសជុលឡើងវិញ ឲ្យប្រសើរជាងមុន ដើម្បីដោះស្រាយបញ្ហាចរាចរណ៍កំពុងកើតមានឡើង ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០១៩ នេះតែម្ដង។ ក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុម័តចាប់ផ្ដើមគម្រោងជួសជុលបញ្ហាស្ពានអាកាសក្បាលថ្នល់ហើយ ដោយសម្រេចសាងសង់ផ្លូវខ្នែងថ្មីចំនួនមួយ ដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅកាន់មហាវិថីព្រះនរោត្ដម ជាជំហានដំបូង ដែលនឹងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅត្រង់ចំនុចគល់ស្ពាន និងលើស្ពានអាកាសផ្ទាល់ ពិសេសផ្ដល់នូវភាពងាយស្រួលសំរាប់អ្នកឆ្លងពីស្ពាន ដែលមានបំណងចង់បត់ឆ្វេង ខណៈបច្ចុប្បន្នពុំអាចធ្វើទៅបាន លុះត្រាបត់ទៅផ្លូវចាក់អង្រែ ហើយបត់ឡើងមកវិញ ឆ្លងកាត់ស្ពានក្បាលថ្នល់។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា “ស្ពានអាកាសក្បាលថ្នល់ ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែងសរុប ៧៧ ម៉ែត្រ ខណៈផ្លូវពីគល់ស្ពានច្បារអំពៅ ដល់ស្ពានអាកាសមានប្រវែងសរុប ១២៣ ម៉ែត្រ សរុបទាំងអស់ ២០០ ម៉ែត្រ ជាមួយនឹងទទឹងសរុប ៧.៥ ម៉ែត្រ បត់ឆ្វេងទៅផ្លូវនរោត្ដម”។

លោកបានបន្ថែមថា “កម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងមួយខ្សែ ដែលជាតំណាក់កាលដំបូងនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលសល់ប្រហែលជាជាង ៥ ខែទៀតប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានប្រសើរវិញហើយ ម្យ៉ាងស្ពានអាកាសក្បាលថ្នល់ចាស់ នៅមិនទាន់អាចដោះស្រាយបញ្ហាចរាចរណ៍ មិនទាន់បានប្រសើរនូវឡើយ”។ ដោយឡែកសម្រាប់ដំណាក់កាលទី ២ ដែលសម្រួលឲ្យអ្នកជិះឆ្លងកាត់ស្ពានច្បារអំពៅចាស់បត់ឆ្វេងបានវិញ នឹងចាប់ផ្ដើមនាពេលក្រោយ ដោយមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ ស្ថិតក្នុងការសាងសង់ជួសជុលស្ពានអាកាសក្បាលថ្នល់នេះ ក៏មានការអំពាវនាវ ឲ្យមានការយោកយល់គ្នាទៅវិញទៅមកសម្រាប់អ្នកធ្វើដំណើរជិតឆ្ងាយ ដែលឆ្លងកាត់ស្ពាននេះ ដោយសារតែការដ្ឋាន អាចនឹងបង្ករឲ្យមានការកក់ស្ទះ ដែលមិនអាចខ្វះបាន។

 

ប្រភពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន