កំណើនសេដ្ឋកិច្ចសិង្ហបុរីឆ្នាំ ២០២៣ អាចធ្លាក់ចុះ ០,៥% ដោយសារស្ថានភាពមិនប្រាកដប្រជា របស់ពិភពលោក


សិង្ហបុរី៖ ស្ថានភាពសេដ្ឋកិច្ចរបស់សិង្ហបុរី ត្រូវបាយវាយតម្លៃរួចហើយថា នឹងមានសន្ទុះធ្លាក់ចុះវិញ នាឆ្នាំក្រោយនេះ បង្ករឡើងដោយហេតុផល និងកត្តាជាច្រើន ពិសេសគឺភាពមិនប្រាកដប្រជា នៃស្ថានភាពរបស់ភពផែនដី ដែលកំពុងតែបន្ត ទោះបីជាជំងឺកូវីដ-១៩ បានធូរស្បើយហើយច្រើនក្ដី។

យោងតាមសេចក្ដីប្រកាស ជាផ្លូវការរបស់ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ ខាងមុខនេះ នឹងមានការថមថយ ០,៥% នៅសល់តែ ២,៥% ប៉ុណ្ណោះ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ នេះមាន ៣,៥%។ ការថយចុះ នៃកំណើនសេដ្ឋកិច្ច នាឆ្នាំក្រោយនេះ ត្រូវបានឱ្យដឹងថា ដោយសារតែបញ្ហា ភាពមិនប្រាកដប្រជា នៃស្ថេរភាពរបស់ភពផែនដី រាប់បញ្ចូលទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហាធ្លាក់ចុះនៃ វិស័យអចលនទ្រព្យរបស់ចិន បញ្ហាជំងឺកូវីដ-១៩ ជាដើម។

ការវាយតម្លៃនេះ ធ្វើឡើងបន្ទាប់ពីការនាំចេញ របស់សិង្ហបុរី ចាប់ផ្ដើមមានការថមថយ ពីមួយខែទៅមួយខែ ធ្វើឱ្យតម្រូវការ ពីទីផ្សារអន្តរជាតិ ធ្លាក់ចុះ ហើយអាចបន្តធ្លាក់ចុះ រហូតដល់ឆ្នាំក្រោយថែមទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានបញ្ជាក់ថា ពិភពលោក ក៏នឹងប្រឈមមុខជាមួយ នឹងការធ្លាក់ចុះនៃចង្វាក់ផ្គត់ផ្គង់ ដោយសារតែបញ្ហាប្រឈម ជាច្រើនដូចបានបញ្ជាក់ខាងលើ និងកត្តាផ្សេងៗទៀត តែការងើបឡើង កាន់តែប្រសើរ គឺវិស័យទេសចរណ៍ ដោយរំពឹងថានឹងមាន ភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនមកកំសាន្ត នៅសិង្ហបុរី។

ការកើនឡើងនៃវិស័យទេសចរណ៍ នឹងរួមចំណែក ក្នុងការពង្រីកទំហំពាណិជ្ជកម្ម ក្នុងស្រុកកាន់តែច្រើន រួមចំណែកលើកស្ទួយ វិស័យដឹកជញ្ជូន វិស័យស្បៀងអាហារ សិល្បៈ កំសាន្ត និងជាច្រើនផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ហានិភ័យ នាឆ្នាំ២០២៣ នឹងបន្តមាន ក្នុងទ្រង់ទ្រាយសេដ្ឋកិច្ចសកល។ ជាក់ស្ដែង ប្រទេសមានសេដ្ឋកិច្ច ជឿនលឿនជាច្រើន បានដំឡើងអត្រាការប្រាក់ ក្នុងពេលដំណាលគ្នា ដើម្បីទប់ទល់នឹងអតិផរណា ឡើងខ្ពស់ ធ្វើឱ្យប៉ះពាល់នៃ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ លើកំណើនពិភពលោក អាចមានទំហំធំជាង ការរំពឹងទុក។

ការព្យាករណ៍នេះ ពឹងផ្អែកទៅលើរបាយការណ៍ និងទិន្នន័យផ្លូវការជាច្រើន ជុំវិញការវាយតម្លៃសេដ្ឋកិច្ចឆ្នាំក្រោយ ដែលមានទាំងចំណុចវិជ្ជមាន អវិជ្ជមាន និងហានិភ័យ គួបផ្សំគ្នា ដែលធ្វើឱ្យការវាយតម្លៃថា ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ច អាចកើនឡើង ៣% មកដល់ត្រឹម ២,៥% វិញ។ ទោះបីជាមានការថមថយ តែសេដ្ឋកិច្ចសិង្ហបុរី ពុំធ្លាក់ចុះនោះទេ គ្រាន់តែមានល្បឿន ធ្លាក់ចុះតែប៉ុណ្ណោះ ព្រោះសិង្ហបុរី ពឹងផ្អែកទៅលើ សេដ្ឋកិច្ចសកលលោក ដូចទៅនឹងបណ្ដាប្រទេសធំៗ ផ្សេងទៀតដែរ៕