កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបើកសន្និបាត បូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោត ជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុម ប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្នក្រសួងកំពុង ខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងកែច្នៃផលិតផល មានប្រភពធាតុដើមពីអង្ករ បញ្ចូលទៅក្នុងបញ្ជីទំនិញ របស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាបានចុះ MoU ជាមួយ ហើយបណ្ដាប្រទេសទាំងនោះ នឹងកាន់តែជួយ បើកផ្លូវឱ្យការនាំចេញកើនឡើង ខណៈដែល១០ខែនៃឆ្នាំ ២០២២ នេះ ចិនបានស្រូបយក ការនាំចេញសរុបជាង ៤៥ភាគរយ របស់កម្ពុជា។
ឯកឧត្ដមក៏បាន គូសបញ្ជាក់ទៀតថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងជំរុញ ឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែង រកគ្រប់មធ្យោបាយក្នុងការជួយ ដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែង កាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមាន ការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើម ពីការផលិតរហូតដល់ នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះ ទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យ វិស័យស្រូវអង្ករកម្ពុជាយើងកាន់តែ មានភាពប្រកួតប្រជែង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម បាននឹងកំពុងចរចា កិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅ ក្នុងទំនិញអាទិភាពមួយ ដែលយើងរំពឹងថា នឹងពង្រីកនូវ សក្តានុពលទីផ្សារថ្មី នៅក្នុង តំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះ នៅមានកម្រិតតិចតួចបំផុត ដែលយើងសង្ឃឹមថា នឹងជួយបង្កើន ការនាំចេញអង្ករកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕