គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) នឹងពង្រាយពេញប្រទេសកម្ពុជា និងតំបន់អាស៊ាន


គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន បាននឹងកំពុងពង្រាយ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជុំ​វិញពិភពលោក ជាពិសេសប្រទេស នៅអាស៊ានផងដែរ។ ចន្លោះពីឆ្នាំ ២០១២-២០១៧ ចិនបានវិនិយោគទុនជាង ១៥ ពាន់លានដុល្លារ នៅប្រទេសកម្ពុជា ដោយក្នុងនោះទឹកប្រាក់ ១១ ពាន់លានដុល្លារ ត្រូវបានវិនិយោគលើ វិស័យថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផ្លូវ ផ្លូវល្បឿនល្បឿន កំពង់ផែ និងព្រលានយន្ដហោះជាដើម។

គម្រោងធំៗដែលកើតចេញពី កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់និងផ្លូវ (BRI) រួមមានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ កន្លែងកំពុងសាងសង់គឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ទំហំ ២ ៦០០ ហិកតា គ្រោងនឹងបញ្ចប់ ដំណាក់កាលដំបូងនៅឆ្នាំ ២០២៥, អាកាសយានដ្ឋានសៀមរាប-អង្គរ នៅស្រុកសូត្រនិគម ទំហំ ៧០០ ហិកតា ដែលសម្រេចការងារបានប្រមាណ ៤០% គិតមកទល់ពេលនេះ, និងអាកាសយានដ្ឋានតារាសាគរ ដែលត្រៀមហោះហើរ សាកល្បងនៅពាក់កណ្ដាលឆ្នាំ ២០២៣ ផងដែរ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន យើងទទួលបាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជាង ២ ពាន់លានដុល្លារ ប្រវែង ១៨៧ គីឡូម៉ែត្រ ដែលកំពុងដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន។ ភាគីកម្ពុជា-ចិន ក៏ទើបតែបានចុះហត្ថលេខាលើ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅក្នុងកិច្ចប្រជុំអាស៊ាន ២០២២ ដែលមានតម្លៃទឹកប្រាក់ ១,៦ ពាន់លានដុល្លារ មានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ២០២៧។

យោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ប៉ាវិត និងផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ ជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំរវាងទីក្រុងទាំងពីរ លើសពីនេះ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គួបផ្សំជាមួយនឹងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ ១) គឺជាការតភ្ជាប់ផ្លូវអាស៊ាន រវាងភ្នំពេញ-ហូជីមិញ-បាងកក និងកាន់តែងាយស្រួល ការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសថៃ ភូមា និងវៀតណាម។

ក្រៅពីផ្លូវគោក និងផ្លូវអាកាស កម្ពុជា-ចិន កំពុងពិចារណាលើ គម្រោងផ្លូវដែក កម្ពុជា-ឡាវ និងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជា-ថៃ ដែលហៅថា ផ្លូវរបៀងភាគខាងត្បូង (Train Asian Railway) ស្របទៅនឹងគម្រោងផ្លូវដែកចិន ក្នុងអនុតំបន់ទន្លេមេគង្គ។ ចំពោះគម្រោងផ្លូវ រថភ្លើងរវាងកម្ពុជា-ឡាវ រវាងក្រុងវៀងចន្ទន៍ មកព្រំដែនកម្ពុជា អាចនឹងមានចម្ងាយ ៧០០-៨០០ គីឡូម៉ែត្រ ហើយភាគីកម្ពុជា នឹងសាងសង់ផ្លូវរថភ្លើងថ្មី ពីភ្នំពេញទៅខេត្តស្ទឹងត្រែង តភ្ជាប់ជាមួយរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ដែលបម្រើ ការដឹកជញ្ជូនរវាង ប្រទេសទាំងបី កម្ពុជា-ថៃ-ឡាវ។

នៅក្នុងបរិបទសកលភាវូបនីយកម្ម ការប្រកួតប្រជែង សេដ្ឋកិច្ចក្នុងតំបន់ និងចម្បាំងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាច កម្ពុជា ត្រូវមានធនធានគ្រប់គ្រាន់ ដើម្បីទាញប្រយោជន៍ ពីការប្រកួតប្រជែងនេះ ទាំងធនធានមនុស្ស ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យថាមពល ដើម្បីទាក់ទាញ ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ និងអាចឈានទៅជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០។