ផ្ទះដែលមានទម្រង់ជាផ្កាឈូករ័ត្ននេះ ត្រូវបានដាក់លក់ក្នុងតម្លៃជិត 45 ម៉ឺនដុល្លារនៅឯសហរដ្ឋអាមេរិច!

ផ្ទះដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាឡើយដោយស្ថាបត្យករ លោក James Dresser ព្រមទាំងត្រូវសាងសង់ជាមួយ និងនៅក្នុងធម្មជាតិ។ ដាក់ឈ្មោះថា “ផ្ទះផ្កាឈូករ័ត្ន” នេះក៏ព្រោះតែវាមានរូបរាង សណ្ឋាន និងរន្ធខ្យល់ដូចទៅនឹងផ្កាឈូករ័ត្នអញ្ចឹងដែរ ហើយផ្ទះនេះក៏ត្រូវបានគេចាត់ទុកជា ស្នាដៃស្ថាបត្យកម្មដ៏ប្លែកបំផុតមួយ នៅក្នុងតំបន់ Madison ទៀតផង។ 

 

លោក James Dresser សាងសង់ផ្ទះនេះឡើងដោយគិតទៅលើផែនការនៃទម្រង់រូបរាងជារង្វង់ ដែលនឹងផ្តល់ទំហំផ្នែក ខាងក្នុងជាទម្រង់បួនជ្រុង អតិបរមា និងទំហំតូចបំផុតនៃជញ្ជាំងផ្នែកខាងក្រៅ។ ផ្ទះនេះគាត់បានសាងសង់សម្រាប់គ្រួសារគាត់នៅក្នុងឆ្នាំ 1953 បន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅ Taliesin នៅជិតនឹងតំបន់ Spring Green។ ដោយយោងតាមទស្សនវិស័យ នៃ Wright’s Design បានជំរុញឲ្យលោក Dresser គូរគ្រោងផ្ទះនេះចេញជាទម្រង់មួយប្លែក ហើយទីបញ្ចប់គាត់ក៏បានសម្រេច បង្កើតវាចេញជារូបរាង ផ្កាឈូករ័ត្ននេះតែម្តង។

កំណត់យកទំហំ 0.371 acre ដោយផ្ទះផ្កាឈូករ័ត្ននេះ ត្រូវបានហ៊ុមព័ទ្ធដោយ ដើមឈើបែកមែកសាខាជាច្រើន ដើមសេដា និងដើម Walnut។

 

ផ្ទះផ្កាឈូករ័ត្ននេះ ក៏មានអាយុកាលច្រើនឆ្នាំគួរសមដែរហើយ ប៉ុន្តែក៏នៅតែរឹងមាំ ព្រមទាំងបានប្រើវត្ថុធាតុដើមមួយចំនួនផងដែរ ដូចជាធ្នឹមដែកនៃសំណង់ដែលបានកែច្នៃឡើងវិញពីសំណង់អាំងសូលុយស្យុងធុនស្រាល កាលពីសម័យសង្គ្រាមលោកលើកទីពីរ មកប្រើសម្រាប់ក្របខណ្ឌជាទម្រង់មូលកោង ដែលអាចទប់និងទាំ្រទ្របានជាមួយនឹងបេតុងរបស់ដំបូលដល់ទៅ 28 តោន។

 

នៅផ្នែកសំខាន់នៅក្នុងផ្ទះនេះ គឺជាផ្ទះបាយដែលមានរាងជារង្វង់ដ៏ធំមួយ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការចម្អិនម្ហូប និងកន្លែងញ៉ាំបាយធំទូលាយ ដែលផ្នែកផ្ទះបាយនេះស៊ីប្រមាណ ពាក់កណ្តាលនៃទំហំផ្ទះទៅហើយ។

 

ផ្ទះបាយនេះ ត្រូវបានសាងសង់ឡើងជាមួយនឹងកម្ពស់ដល់ទៅ 20 ហ្វីតឯណោះ។

 

នៅផ្នែកពាក់កណ្តាលទៀតនៅក្នុងផ្ទះនោះ គឺជាបន្ទប់គេង និងកន្លែងសម្រាកទូទៅ ជាមួយនឹងបន្ទប់ទទួលភ្ញៀវ ដែលមានផ្ទះបាយស្ថិតនៅចំកណ្តាល។ 

 

បង្អួចត្រីកោណ នេះមានកម្ពស់ 14 ហ្វីតនិងខិតចូលទៅ ផ្នែកខាងក្នុង។ លោក Dresser ក៏បានតម្លើងកញ្ចក់មានរាងជាចតុកោណកែង ជាប់នឹងផ្នែកខាងលើផងដែរ ដើម្បីឲ្យពន្លឺបានជះចូលទៅក្នុងផ្ទះបាយ និងផ្នែកខាងក្រោមផ្សេងៗទៀត។ 

 

ចូលទៅដល់បន្ទប់គេងវិញម្តង ក្នុងនោះមានគ្រែគេងដ៏ធំមានផាសុកភាពមួយ បន្ទប់ទឹក និងបន្ទប់តូចៗសម្រាប់កូនក្មេងចំនួនពីរទៀត។ គ្រែទាំងនេះនៅជាប់នឹងជញ្ជាំងតែម្តង និងមានបង្អួចនៅខាងលើ ដែលអាចឲ្យពន្លឺថ្ងៃធម្មជាតិជះចូលបានផងដែរ។

 

 

ម្ចាស់ផ្ទះបន្ត ពីលោក Dresser បានធ្វើការផ្លាស់ប្តូរផ្នែកមួយចំនួននៅក្នុងផ្ទះផ្កាឈូករ័ត្ននេះខ្លះដែរ ដូចជាបញ្ចូលបន្ទប់គេងរបស់ក្មេងៗទាំងពីរនោះ ទៅជាបន្ទប់គេងដ៏ធំមួយតែម្តង។ នៅពេលម្ចាស់ផ្ទះបច្ចុប្បន្ននេះ បានទិញផ្ទះផ្កាឈូករ័ត្ននេះពីលោក Dresser កាលពីឆ្នាំ 2004 រួចមក គាត់បានរៀបចំកែប្រែផ្នែកមួយចំនួនទៀត ប្រព័ន្ធនៃប្រភពថាមពលថ្មី ឲ្យកាន់តែងាយស្រួលប្រើជាងមុន ហើយបានថែរក្សាទម្រង់នៃផ្ទះ ដែលមានទំហំ 1,451 ហ្វីតបួនជ្រុងនេះ អស់រយៈពេល 15 ឆ្នាំហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះ។

 

 

 

 

 

 

ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះសព្វថ្ងៃនេះ គាត់ក៏ចង់លក់ផ្ទះនេះចេញផងដែរ នៅក្នុងតម្លៃប្រមាណ $449,900 ព្រោះគាត់មានបំណងចង់ប្តូរទីលំនៅទៅកាន់ទីកន្លែងផ្សេងទៀត។ 

 

ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរសម្រាប់រចនាបថនៃផ្ទះផ្កាឈូករ័ត្នមួយនេះ? ហើយបើឧបមាថា នៅក្នុងប្រទេសយើងមានផ្ទះប្រភេទនេះដែរ តើអ្នកនឹងមានបំណងចង់ជាវវាទេ?

 

ប្រភពមកពីhttps://www.dwell.com/article/sunflower-house-james-dresser-a3c8cefb