ស្ថានីយផូស៊ីល ភ្នំដូងព្រះ ខេត្តបន្ទាយមានជ័យ បានរកឃើញពពួកសត្វ ៧ ប្រភេទ ដែលរស់រានកាលពីជាង ២០០ លានឆ្នាំមុន


ភ្នំដូងព្រះ ជាស្ថានីយផូស៊ីល ពពួកសត្វសមុទ្រមួយ ដែលក្រុមការងារ បានសិក្សានៅក្នុងឆ្នាំ២០១៩។ ភ្នំនេះ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ភ្នំនេះ ជាប្រភេទភ្នំថ្មកំបោរ លាយឡំជាមួយដី ដែលចាក់បង្គរជាស្រទាប់ៗ និងឃើញស្លាកស្នាម នៃការដោលឡើង នៃស្រទាប់ផែនដីផងដែរ។ ថ្មកំបោរ ស្រទាប់ដី ដែលមានពណ៌ខុសគ្នា អាចបញ្ជាក់បានអំពីបាតុភូត ដែលកើតឡើងក្នុងសម័យកាលផ្សេងៗគ្នា។ ភ្នំដូងព្រះ និងភ្នំថ្មកំបោរ មួយចំនួនដែលនៅក្បែរៗគ្នានេះ បើតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជណាចក្រកម្ពុជា មានន័យថាជាភ្នំថ្មកំបោរ ដែលមានអាយុកាលក្នុងសម័យ Permian (ភ័រមៀន) (២៩៨,៩-២៥១,៩ លានឆ្នាំ) ស័ក Paleozoic (ភេលាអូសហ្សូអ៊ីក)។

តាមរយៈការសិក្សាបឋមនេះ អ្នកស្រាវជ្រាវបាន រកឃើញប្រភេទសត្វសមុទ្រ និងរុក្ខជាតិដូចជា៖

១. ពពួក Fusulinina (ហ្វូស៊ូលីណា) មានសណ្ឋានស្រដៀងគ្រាប់អង្ករខ្លះ បានកកជាថ្ម និងកប់នៅក្នុងដីខ្មៅ ស្ថិតក្នុងសណ្ដាន Family Globigerinidea វាមានលក្ខណៈជាដុំមូលទំហំតូចធំលាយគ្នា មួយប្រភេទទៀតជាគ្រាប់មូលៗតូចជាងកូនដៃ ប៉ុន្តែបើវាបែកពាក់កណ្ដាល យើងឃើញមានស្មាមជារង្វង់ៗ។

២. ពពួកផ្កាថ្ម (Corals) បានឃើញនៅក្នុងថ្មមួយចំនួន ខ្លះមានរាងដូចសំបុកឃ្មុំ ខ្លះក៏មានទម្រង់ជាដើមតូចៗផងដែរ។

៣. ពពួក Sponges (អេប៉ុង) ពេលដែលនៅរស់មានទ្រង់ទ្រាយប្រហឺលនឹងផ្កាថ្ម តែមានលក្ខណទន់ៗដូចអេប៉ុង។

៤. ពពួក Brachiopods (ប្រាកូផត) យើងបានប្រទះឃើញមួយចំនួនផងដែរ ក្នុងនោះមានមួយប្រភេទដេលមើលទៅរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី ហើយស្ដើង។

៥. ពពួក Bivalves (បាយវ៉ាល់) ដែលមានលៀស ងាវ គ្រំជាដើម យើងបានជួបប្រទះសំបកគ្រំផ្លិត (Shell)។

៦. ពពួកខ្យងក៏រកបានជាច្រើនប្រភេទដែរ ប៉ុន្តែមិនទាន់អាចកំណត់ឈ្មោះពួកវាបាននៅឡើយ

៧. ពពួក Bryozoan (ប្រ៉ាអ៊ីស្យូន) បានរកឃើញប្រភេទ មានលក្ខណៈដូចសំណាញ់ ហើយបាននជួបផូស៊ីលឈើមួយចំនួន នៅភ្នំនោះ ក្នុងនោះផូស៊ីលឈើមួយដុំ មានរូបរាងទាំងមូលមុខកាត់ ១៣ ស.ម ដែលអាចជាប្រភេទឈើដុះក្នុងទឹក ឬនៅមាត់ទឹក។