ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣ នេះ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន!


ខេត្តកណ្តាល៖ ក្នុងឱកាស ទិវាជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី១៤ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៥ ឧសភាកន្លងទៅថ្មីៗនេះ មានការចូលរួមដោយ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) និងមានការចូលរួមបន្ថែមដោយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត តំណាងអង្គការជាតិ តំណាងក្រុមហ៊ុន យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជាអនុសាសន៍មួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការអនុវត្តរួមមាន៖

១/ ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពអនុវត្តតាម អនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយការយកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវ និងគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន។

២/ មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើការពន្យល់ អប់រំ ណែនាំប្រជាពលរដ្ឋ មុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាល់ការផាកពិន័យត្រូវចេញវិក្កយបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាង ការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន

៣/ អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

គូសសម្គាល់ផងដែរថា ក្នុងរយៈពេល ៤ខែ នៃដើមឆ្នាំ២០២៣ ធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២២ យើងទទួលបានតួលេខមកថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយចំនួន ១៥៤លើក ស្មើ១៣% (ក្នុងចំនួន ១ ០១១ ធៀបនឹង ១ ១៦៥ លើក) អ្នកស្លាប់ថយចុះ ១៨០នាក់ ស្មើ២៦% (ក្នុងចំនួន ៥០២ ធៀបនឹង ៦៨២នាក់) ក្នុងនោះដែរ ចំនួនអ្នករបួសថយចុះ ៣០១នាក់ ស្មើ១៨% (ក្នុងចំនួន ១ ៣៦៣ ធៀបនឹង ១ ៦៦៤នាក់)។