កម្ពុជា សហការជាមួយឥណ្ឌា ក្នុងការស្តារឡើងវិញ នូវក្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម


ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី ២៤ ឧសភា គម្រោងជួសជុលក្លោងទ្វារខាងកើត ប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប ដែលធ្វើឡើងដោយ ការសហការរវាង អាជ្ញាធរជាតិអប្សរា ជាមួយនឹងក្រុមហ៊ុនស្រាវជ្រាវ បុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) សម្រេចបានប្រមាណ ៧០% ហើយ។

ព័ត៌មាននៃលទ្ធផលនេះ ត្រូវបានចែករំលែកឲ្យដឹងដោយ លោក PVNCM ESWAR ប្រធានក្រុមជួសជុលពី ASI ។

លោកបានបន្តឲ្យដឹងទៀតថា ការជួសជុលដែលមាន រយៈពេលជាងមួយឆ្នាំ ដែលបានចាប់ផ្តើម នៅដើមខែមករា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៣។ បច្ចុប្បន្នក្រុមអ្នកជំនាញ នៃប្រទេសទាំងពីរ កំពុងធ្វើការលើ ដំបូលខ្លោងទ្វារទាំងសងខាង ដែលនឹងបញ្ចប់ ហើយនឹងបន្ត ដល់ការតម្លើងដំបូលកណ្តាលមួយទៀត ដែលជាជំហានជួសជុល ចុងក្រោយ។

លោក PVNCM ESWAR បាននិយាយបន្តទៀតថា ទោះបីក្រុមការងារជួសជុល បានតម្លើងថ្មថ្មីរួចហើយក៏ដោយ ក៏ត្រូវសិក្សាបន្ថែមអំពី ការសាងសង់ខ្លោងទ្វារខាងកើត ប្រាសាទតាព្រហ្ម បន្ទាប់ពីជួសជុលឡើងវិញ ដើម្បីដឹងថាវាអាចធន់ខ្លាំង បានដល់កម្រិតណា។ ខណៈដែលពួកគេ កំពុងត្រួតពិនិត្យជានិច្ច នៅពេលជួសជុលថ្ម វាអាចមានបញ្ហាមួយចំនួន។

លោកបានបន្ថែមថា ការជួសជុលក្លោងទ្វារខាងកើត ប្រាសាទតាព្រហ្ម គឺផ្តោតលើការឆ្លាក់ ជំនួសថ្មដែលបាត់បង់ និងខូចខាត ក៏ដូចជាការកាត់ថ្មដំបូល និងការបិទដំបូលមិនឱ្យ មានជ្រាបទឹក ឬទឹកភ្លៀងចូល។

ដោយឡែក បើតាមការចុះផ្សាយ របស់អាជ្ញាធរជាតិអប្សរាថ្មីៗនេះ បញ្ហាប្រឈមសំខាន់ នៃខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ព័ន្ធទាំងមូល ដោយសារឫសឈើធំៗ រើគ្រឹះពីទីតាំងដើម បណ្តាលឲ្យជញ្ជាំងថ្មបាក់ ដាច់ពីគ្នា និងអាចដួលរលំ។