ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ របស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុល ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹង ការខូចខាតផ្នែកខ្លះនៃខឿនថ្ម ឱ្យបានដូចដើមឡើងវិញ ដូចជា បានរុញថ្មដែលញែកចេញពីគ្នា ឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹង នៅតាមទីតាំង ដែលថ្មងាយនឹងរបេះ។
ក្នុងនោះដែរ លោក រ៉ូ សុវណ្ណដារដ្ឋ មន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុល ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេស កំពុងប្រឹងប្រែងជួសជុលខឿនបាកាណ របស់ប្រាសាទអង្គរវត្ត នៅតាមកន្លែងដែលមាន ថ្មញែកចេញពីគ្នា ដោយក្រុមការងារបាន ប្រើលោហជាតិ អ៊ីណុកទាមឱ្យជាប់គ្នាទៅតាម ស្រទាប់ៗប្រហែល២០កន្លែង ដើម្បីជួយទប់លំនឹងកុំ ឱ្យរហែកតទៅទៀត។
មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាម ដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែកជា ៤ថ្នាក់ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ កន្លែងសំខាន់ដែលមាន ថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ ខឿនបាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលមានការខូចខាត ទ្រុឌទ្រោមខ្លាំង ដោយសារកត្តាចលនា ទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូល តាមថ្នេរថ្មចូលខឿនពីអតីតកាល និងចូលក្នុងគ្រឹះ ធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀង ហូរចូលតាមចន្លោះថ្ម ទៅក្នុងគ្រឹះផង បណ្តាលឱ្យរចនាសម្ពន្ធ ទ្រទ្រង់របស់ជាន់បាកាណ ថយកម្លាំងទប់ខ្លះ ។
រហូតមកដល់ពេលនេះ មន្ត្រីជំនាញអភិរក្សថ្ម របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ដំណើរការជួសជុល និងពង្រឹងខឿនបាកាណ នៅសល់តែ ២ជ្រុង ផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ។