គួរអនុវត្តតាមវិធីសាស្ត្រងាយៗទាំងបីនេះ បើអ្នកមិនចង់ក្លាយជាមនុស្សញៀនទូរសព្ទ!

ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា រហូតមកដល់សម័យនេះហើយ វាជាសម័យបច្ចេកវិទ្យា ដែលគ្រប់យ៉ាងសុទ្ធតែទំនើប និងងាយស្រួលជាងពីមុន ទាំងរបស់ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទូទៅសុទ្ធតែជួយសម្រួលដល់ការរស់នៅរបស់មនុស្ស។ ជាក់ស្តែងទូរសព្ទ ក៏មានការវិវត្តន៍ខ្លាំងផងដែរ បើគិតមកដល់ឆ្នាំ 2019 នេះ វាលែងជាទូរសព្ទដូចពីមុនទៀតហើយ ដែលមនុស្សបានប្តូរទៅហៅវាថាជាទូរសព្ទវៃឆ្លាត ឬស្មាតហ្វូន។ 

 

ស្មាតហ្វូនមិនត្រឹមតែត្រូវបានប្រើសម្រាប់ការទំនាក់ទំនងគ្នា តាមការ Call ចេញចូល និងផ្ញើរសារបានដូចពីមុននោះឡើយ វាថែមទាំងកាន់តែទំនើប និងឆ្លាតវៃ ដែលមានសមាសធាតុជាច្រើនបានរួមចូលនៅក្នុងខ្លួនរបស់វា និងអាចឲ្យវាធ្វើការបានកាន់តែច្រើនមានប្រយោជន៍ ដូចជាប្រើប្រាស់ Internet, អាចលេងហ្គេមបានកាន់តែសប្បាយ ស្តាប់តន្រ្តី ទស្សនាខ្សែភាពយន្ត ឆែកអ៊ីម៉ែល និងអាចថតរូបបានផងដែរ។ ថ្វីត្បិតតែវា ផ្តល់គុណសម្បត្តិច្រើន នៅក្នុងពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែស្មាតហ្វូន ឬទូរសព្ទនេះ ក៏ផ្តល់គុណវិបត្តមួយចំនួនដែរ បើសិនជាអ្នកប្រើវាហួសកម្រិត ឬញៀននឹងវាជ្រុល ដូចជាធ្វើឲ្យការចងចាំរបស់អ្នកចុះខ្សោយ បែកអារម្មណ៍ក្នុងការធ្វើអ្វីមួយ ប៉ះពាល់ភ្នែក និងប្រព័ន្ធប្រសាទទៀតផង។

 

អញ្ចឹងដើម្បីការពារពីការញៀនទូរសព្ទ នៅក្នុងអត្ថបទនេះ យើងនឹងលើកឡើងនូវវិធីសាស្រ្តងាយៗបីយ៉ាង ដើម្បីដោះស្រាយទៅលើទូរសព្ទរបស់អ្នក និងផលអវិជ្ជមានមួយចំនួនរបស់វា។

 

1. កំណត់ការប្រើប្រាស់ទូរសព្ទរបស់អ្នក

 

នៅពេលដែលយើងកម្រិត ការប្រើប្រាស់ទូរស័ព្ទដៃ យើងមិនសូវភ័យច្រើនទេ។ យើងអាចគេងបានច្រើន និងមានថាមពលផ្លូវចិត្តកាន់តែខ្លាំង។ ការសិក្សាមួយចេញនៅឆ្នាំនេះ បានបង្ហាញថា ការកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ រឹតតែធ្វើឱ្យមនុស្សកាន់តែ សប្បាយរីករាយច្រើន។

 

ជាផ្នែកមួយនៃរបកគំហើញថ្មី អ្នកស្រាវជ្រាវបាន បង្កើតកម្មវិធីក្នុងគោលបំណង ដើម្បីជាការជូនដំណឹង ដល់អ្នកប្រើប្រាស់ស្មាតហ្វូនទៅលើការប្រើប្រាស់របស់ពួកគេ។ អ្នកខ្លះបានទទួល ការជូនដំណឹងនោះរាល់ម៉ោង អ្នកខ្លះទៀតគ្រាន់តែបីដងក្នុងមួយថ្ងៃ ហើយក្រុមមួយទៀត មិនមានទាល់តែសោះ។ 

 

កម្មវិធីកំណត់ការប្រើប្រាស់របស់ម្ចាស់ទូរសព្ទភាគច្រើន តែងតែមានតម្លើងស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍របស់ OS នីមួយៗ (Android និង iOS) អ្នកគប្បីតែប្រើវាទៅ ជាការដាស់តឿន កុំឲ្យអ្នកប្រើប្រាស់វាច្រើនហួសកម្រិត។ អ្នកក៏អាចកាត់បន្ថយការប្រើប្រាស់របស់អ្នកទៅលើរឿងមិនបានការមួយចំនួន និងប្រើប្រាស់វាតែពេលចាំបាច់បានហើយ។ 

 

ចំណុចដែលខ្ញុំចាប់អារម្មណ៍ ពេញចិត្ត និងតែងតែប្រើប្រាស់ជាប់នោះ គឺជាមុខងារ “Do not disturb” ដែលខ្ញុំអាចប្រើវាក្នុងការបិទនៃការទទួលសារដំណឹងរំខាន ឬការខលចូល និងផ្ញើសារចូលដែលគ្មានប្រយោជន៍។ 

 

ប៉ុន្តែខ្ញុំក៏អាចកំណត់ការអនុញ្ញាតឲ្យមានសារដំណឹង និងមានការខលចូល តែចំពោះបុគ្គលដែលសំខាន់ និងការងារដែលមានប្រយោជន៍បាន។

 

2. ទុកទូរសព្ទ ឲ្យនៅឆ្ងាយពីខ្លួនជានិច្ច

 

ក្រុមអ្នកវិភាគបានលើកឡើងមកថា បើសូម្បីតែអ្នកដាក់ទូរសព្ទនៅក្នុងហោប៉ៅខោ ក្នុងកាបូប ឬនៅលើតុដែលអាចឈោងដល់ នោះអ្នកនឹងមិនមានអារម្មណ៍មូល នៅក្នុងការបំពេញការងារអ្វីមួយនោះទេ។ នេះគឺហៅថា “រំញោចនៃប្រព័ន្ធប្រសាទ ឬ Brain Drain” ដែលវាតែងតែធ្វើឲ្យអ្នក តែងតែចង់ទៅចុចវា ឆែកមើលសារដំណឹងថា មានអ្នកណាផ្ញើសារ ឬ Chat មកដែរអត់ ឬចង់លេងហ្គេមជាដើម។ ទូរសព្ទតែងតែបង្កើតរលកនៃការរំខាន ដល់អ្នកជានិច្ច ថ្វីបើវាស្ងាត់មិនមានអ្នកណា Call ចូលក៏ដោយ។ 

 

ដូចនេះជារឿងល្អ អ្នកគួរតែដាក់ទូរសព្ទឬស្មាតហ្វូនរបស់អ្នក នៅឲ្យងឆ្ងាយពីអ្នក ដែលអាចឲ្យអ្នកមិនជាបានឃើញ និងអាចភ្លេចពីវាបាន គ្រាន់តែបើកសម្លេងរោទិ៍របស់វាឲ្យលឺបន្តិច នៅពេលដែលមានអ្នកណា Call ចូល អ្នកនឹងបានលឺ។ ធ្វើបែបនេះបាន នោះអ្នកនឹងមានអារម្មណ៍មូល ក្នុងការបំពេញការងារ និងអាចមានពេលវេលាល្អជាមួយនឹងមិត្តភ័ក្រ្ត ឬក្រុមគ្រួសាររបស់អ្នកបានហើយ។

 

3. ធ្វើរឿងអ្វីផ្សេងដែលអាចបន្លប់ អារម្មណ៍របស់អ្នកបាន

 

គ្រាន់តែដាក់នៅឆ្ងាយខ្លួននោះ វាអាចនឹងមិនគ្រប់គ្រាន់ និងងាយស្រួលទេ ក្នុងការបញ្ជាអារម្មណ៍របស់អ្នកឲ្យភ្លេចវា និងមិនទៅចាប់កាន់វាមកចុចទៀតនោះ។ អារម្មណ៍របស់អ្នកនៅតែរវើរវាយ និងគិតដល់វាជានិច្ច។ ដូចនេះហើយ ជំហ៊ានទីបីនេះ គឺជាផ្នែកសំខាន់ ដែលអ្នកត្រូវធ្វើអ្វីផ្សេងដើម្បីបន្លប់ចំណង់ និងការគិតដល់ទូរសព្ទនោះ។ 

 

សាកគិតទៅមើលថាអ្នកចូលចិត្តអ្វីជាងគេ? ចូលចិត្តធ្វើអ្វីខ្លះ ដើម្បីឲ្យខ្លួនឯងរីករាយ នឹងសប្បាយចិត្ត? ចាប់ផ្តើមធ្វើរឿងទាំងអស់នោះភ្លាមទៅ នោះអ្នកនឹងមានអារម្មណ៍រំសាយ ប្រព័ន្ធប្រសាទរបស់អ្នក នឹងចាប់ផ្តើមផ្តោតលើរឿងផ្សេង និងភាពសប្បាយរីករាយវិញហើយ។ សម្រាប់ខ្ញុំ ខ្ញុំតែងតែចេញទៅក្រៅ អង្គុយញ៉ាំអីជាមួយមិត្តភ័ក្រ្តពីរបីនាក់ នៅពេលទំនេរ ជជែកគ្នាលែង ដោយមិនមានការដកទូរសព្ទមកចុច មើលខ្សែភាពយន្តល្បីៗតាមកុំព្យូទ័រ ឬនៅរោងកុន ស្តាប់តន្ត្រី ឬចេញទៅលេងកីឡាជាដើម។ វាមិនថែមទាំងផ្តល់ភាពជិតស្និទ្ធដល់មនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យសុខភាពខ្ញុំល្អផងដែរ។

 

សរុបមកឡើងវិញ អ្នកអាចប្រើទូរសព្ទបាន គ្រាន់តែកុំអនុញ្ញាតឲ្យខ្លួនអ្នកប្រើដល់ញៀនមិនអាចនៅឆ្ងាយនឹងទូរសព្ទបាន គប្បីប្រើវាឲ្យមានប្រយោជន៍ និងនៅពេលចាំបាច់វិញ។ ការប្រើទូរសព្ទច្រើនហួសហេតុ វានឹងប៉ះពាល់ដល់ប្រព័ន្ធចងចាំ បញ្ហាភ្នែក និងបាត់បង់ទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួនផងដែរ។ ដូចនេះសង្ឃឹមថា វិធីសាស្ត្រងាយៗទាំងបីនេះ អាចជួយអ្នកបាន។

 

ប្រភពមកពីhttps://www.forbes.com/sites/helenleebouygues/2019/08/28/three-ways-to-get-your-cell-phone-under-control/#7c01b9536425