សៀមរាប៖ យោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៥វិច្ឆិកា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធ របស់រានហាល នៅទិសខាងកើតប៉ែកខាងជើង នៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ដែលចាប់ផ្ដើម តាំងតែពីកំឡុងខែមករា រហូតមកដល់ពេលនេះ បានសម្រេចបានប្រមាណ ៩០% គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
ជាក់ស្តែង ក្នុងនោះដែរ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធរានហាល នៅទិសខាងកើតប៉ែកខាងជើង នៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ បានចំណាយពេលជិត១ឆ្នាំ ដោយត្រូវសិក្សាបន្ថែម និងស្វែងរកបំណែកថ្ម នៃបង្កាន់ដៃនាគដើម្បីយកមក ជួសជុលឡើងវិញ ដោយសារតែរចនាសម្ពន្ធ នៃរានហាលមានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសររបស់រានហាលពុកផុយ ចម្លាក់បង្កាន់ដៃនាគ និងជើងទម្រនាគ បានដួលរលំបាក់បែក នៅលើរានហាល និងមួយផ្នែកទៀត ជ្រុះធ្លាក់កប់ក្នុងដី ហើយថ្មមួយចំនួន បានចល័តចេញពីទីតាំងដើម និងធ្លាប់ត្រូវបានជួសជុល ម្ដងហើយនៅសម័យបារាំង។
បុរាណវិទូ រូបនេះ បានបន្ថែមថា ដោយសារតែរចនាសម្ពន្ធរានហាលនេះ មានភាពទ្រុឌទ្រោមខ្លាំង គឺក្រុមការងារត្រូវចំណាយពេល ស្វែងរកថ្ម និងប្រមូលបំណែកថ្មទាំងនោះ មកផ្គុំរកទីតាំងដើមឡើងវិញ។ ចំណែកថ្មដែលខូចខាតមួយចំនួន ក៏ត្រូវជួសជុលពង្រឹង ដោយផ្នែកខ្លះ ត្រូវប៉ះភ្ជាប់ជាមួយថ្មថ្មី និងផ្នែកខ្លះទៀតដែលបាត់បង់ ឬខូចខាតខ្លាំងត្រូវបន្ថែមថ្មថ្មី ដើម្បីភាពរឹងមាំរបស់ រចនាសម្ពន្ធរានហាល នៃប្រាសាទនេះ។
គូសសម្គាល់ផងថា ការជួសជុលរានហាល នៅទិសខាងកើតប៉ែកខាងជើងនៃ ប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាល្លឺម៉ង់ GIZ ក្នុងគោលបំណង បណ្តុះបណ្តាលជំនាញផ្នែកអភិរក្សថ្ម ក្នុងជំនាន់ទី២ ដល់មន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរាចំនួន ២០នាក់ សម្រាប់សិក្សារៀនសូត្រ និងអនុវត្តផ្ទាល់ក្នុងការដ្ឋាន ដោយមានការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង ពីអ្នកជំនាញជំនាន់មុន ដល់អ្នកបន្តវេនជំនាន់ក្រោយ ក្នុងកិច្ចការជួសជុល អភិរក្សប្រាសាទក្នុងតំបន់អង្គរ បានកាន់តែប្រសើរឡើង។
ប្រភព៖ អាជ្ញាធរជាតិអប្សរា