កម្ពុជា គ្រោងសាងសង់អាកាសយានដ្ឋានកម្រិត 4C ចំនួន ២ បន្ថែមទៀត


កម្ពុជា មានអាកាសយានដ្ឋានចំនួន ៣ កំពុងប្រតិបត្តិការហោះហើរ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, និងអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ ហើយនៅមានអាកាសយានដ្ឋានចំនួន ២ ផ្សេងទៀត ត្រៀមបើកដំណើរការដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា អាកាសយានដ្ឋាន ២ ផ្សេងទៀត នឹងត្រូវសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ដោយរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង និងអាកាសយានដ្ឋានមណ្ឌលគិរី។

១. អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង

កោះរ៉ុង គឺជាតំបន់ទេសចរណ៍ឆ្នេរសមុទ្ រដ៏ស្រស់ស្អាតមួយ នៅក្នុងប្រទេសកម្ពុជា និងមានអំណោយផលល្អ សម្រាប់ទេសចរ អាចសម្រាកលំហែនៅរដូវក្ដៅ។ ដោយមើលឃើញពី សក្ដានុពលទេសចរណ៍កោះរ៉ុង រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីសាងសង់ព្រលានយន្ដហោះអន្តរជាតិថ្មីមួយ នៅលើកោះនោះ ដែលជាអាកាសយានដ្ឋានអន្តរជាតិ (កម្រិត 4C) ត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group Development Company ដោយអាចចំណាយ ទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ស្ថិតនៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន Royal Group បានទទួលការអនុញ្ញាតិវិនិយោគពី រាជរដ្ឋាភិបាលនិងអនុម័តប្លង់ កាលពីខែមករា ឆ្នាំ២០២៣ នឹងត្រូវចំណាយពេលប្រមាណ ៥ ឆ្នាំដើម្បីបញ្ចប់ការសាងសង់ ពោលអាចនឹងរួចរាល់នៅត្រឹមឆ្នាំ២០២៨។

២. អាកាសយានដ្ឋានមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ធ្លាប់បានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធដល់ក្រុមហ៊ុន China Power ដើម្បីសិក្សាលទ្ធភាពគម្រោងវិនិយោគ អាកាសយានដ្ឋានមណ្ឌលគិរី កាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការសិក្សានោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ យើងត្រូវចាំមកដល់ខែមករា ឆ្នាំ២០២៤ ទើបមានក្រុមហ៊ុនថ្មីឈ្មោះថា Focus Consortium បានសហការជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសិក្សាលទ្ធភាព លើគម្រោងវិនិយោគអាកាសយានដ្ឋានមណ្ឌលគិរីឡើងវិញ។

គម្រោងអាកាសយានដ្ឋានមណ្ឌលគិរី នឹងត្រូវផ្ដល់សិទ្ធដល់ ក្រុមហ៊ុនឯកជនវិនិយោគក្រោមទម្រង់ BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) ដោយគ្រោងចំណាយ ទុនវិនិយោគប្រមាណ ៨០ លានដុល្លារ ដើម្បីសាងសង់ជា អាកាសយានដ្ឋានកម្រិត 4C នៅលើផ្ទៃដីទំហំប្រមាណ ៣០០ ហិកតា ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ គម្រោងនេះ រំពឹងជាច្រកអាកាសដ៏សំខាន់មួយ ទាក់ទាញវិនិយោគិន មកខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេ នៃការអភិវឌ្ឍរបស់អន្តរក្រសួង ដើម្បីវិវឌ្ឍន៍ទៅជា តំបន់សេដ្ឋកិច្ចពហុបំណង លើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។

 

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល