ជាច្រើនឆ្នាំមកហើយ ដែលពិភពលោកបាននិយាយពី លទ្ធភាពសាងសង់ ព្រែកជីងក្រា ប្រទេសថៃ អាចអោយនាវាដឹកជញ្ជូនទំនិញ ពីមជ្ឈឹមបូព៌ា ឥណ្ឌា និងអឺរ៉ុប មកកាន់អាស៊ីអាគ្នេយ៍ បានដោយពុំបាច់ ឆ្លងកាត់ជ្រោយម៉ាឡាកា និងប្រទេសសិង្ហបុរី ប៉ុន្តែគម្រោងព្រែកជីកនោះ មិនត្រូវបានអនុវត្តឡើយ ដោយរាជរដ្ឋាភិបាលថៃ ជំនួសមកវិញ នូវការសាងសង់កំពង់ផែចំនួន ២ និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានផ្លូវរថភ្លើង និងផ្លូវហាយវ៉េ ដែលចំណាយថវិកាជាង ៣៦ ពាន់លានដុល្លារ និងរំពឹងជួយបង្កើន ផលិតផលក្នុងស្រុកដុល សេដ្ឋកិច្ចប្រទេសថៃ (GDP Growth) បាន ៤% ក្រោយពីសាងសង់រួច។
លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់ថា គម្រូនៃការសាងសង់កំពង់ផែ នៃឈូងសមុទ្រសងខាង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ ត្រូវបានយកគម្រូដូចកំពង់ផែឌូបៃ (Dubai Port World) ដោយតភ្ជាប់រវាងខេត្ត Ranong និងខេត្ត Chumphon ពីជ្រោយសមុទ្រមីយ៉ាន់ម៉ា មកកាន់ឈូងសមុទ្រថៃ។ គម្រោងនេះ នឹងកាត់បន្ថយ ការធ្វើដំណើរដឹកជញ្ជូនទំនិញ តាមជ្រោយម៉ាឡាកា បង្កើនសកម្មភាពភស្ដុភារនៅប្រទេសថៃ ដែលរំពឹងអាចបង្កើនផលិតផល ក្នុងស្រុកសរុប ប្រមាណ ៤% និងបង្កើនចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥,៥%។
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំនួសព្រែកជ្រីកក្រា រួមមានដូចជា៖ឮ
• សាងសង់កំពង់ផែ Ranong Port គ្រោងចំណាយ ៣៣០,៨១ ពាន់លានបាត (ប្រហែល ៩,៧ ពាន់លានដុល្លារ)
• សាងសង់កំពង់ផែ Chumphon Port គម្រោងចំណាយ ៣០៥,៦៧ ពាន់លានបាត (ប្រហែល ៨,៩ ពាន់លានដុល្លារ)
• សាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមាន ផ្លូវហាយវ៉េ និងផ្លូវរថភ្លើង គ្រោងចំណាយថវិកា ៣៥៦,៥២ ពាន់លានបាត (១០,៤ ពាន់លានដុល្លារ)
សូមបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវបែងចែកចេញជា ៣ ដំណាក់កាល ដោយច្បាប់សេដ្ឋកិច្ច ច្រករបៀងភាគខាងត្បូងប្រទេសថៃ គ្រោងនឹងត្រូវអនុម័ត នៅឆ្នាំ២០២៥ ដោយរំពឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦ ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដំណាក់កាលទី២ គ្រោងបញ្ចប់នៅឆ្នាំ២០៣៤ និងដំណាក់កាលទី៤ គ្រោងបញ្ចប់នៅឆ្នាំ២០៣៦។
គម្រោងនេះ ក៏បានបើកស្វាគមន៍ទុនវិនិយោគ មកពីជុំវិញពិភពលោក ដោយរំពឹងទាក់ទាញទុនវិនិយោគគោល ពីប្រទេសចិន ជប៉ុន និងអេមីរ៉ាត អារ៉ាប់រួម នឹងក្លាយទៅជាច្រកពាណិជ្ជកម្មថ្មីមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបង្កើតការងារសរុបចំនួន ២៨០ ០០០ កន្លែង ដោយនៅខេត្ត Ranong ចំនួន ១៣០ ០០០ កន្លែង និងខេត្ត Chumphon ១៥០ ០០០ កន្លែង។
ប្រភព៖ The Nation