ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី AirAsia ត្រូវបានគេទទួលស្គាល់ ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ល្អបំផុតប្រចាំពិភពលោក នៅក្នុងឆ្នាំ២០២៤ អស់រយៈពេល ១៥ ឆ្នាំមកហើយ ពីពានរង្វាន់ World Airline Awards របស់ស្ថាប័ន Skytrax នៅចក្រភពអង់គ្លេស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Scoot ប្រទេសសិង្ហបុរី ជាប់ជាក្រុមហ៊ុនហោះហើរ ផ្លូវឆ្ងាយតម្លៃសមរម្យបំផុត ចំណែកក្រុមហ៊ុនអាកាសចរណ៍ Volotea ជាក្រុមហ៊ុនហោះហើរ តម្លៃសមរម្យបំផុត នៅទ្វីបអឺរ៉ុប។
ខាងក្រោមនេះ គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ល្អបំផុតលើពិភពលោក៖
1. ក្រុមហ៊ុនអាកាសចរណ៍ AirAsia
2. ក្រុមហ៊ុនអាកាសចរណ៍ Scoot
3. ក្រុមហ៊ុនអាកាសចរណ៍ Volotea
4. ក្រុមហ៊ុនអាកាសចរណ៍ Flynas
5. ក្រុមហ៊ុនអាកាសចរណ៍ Transavia France
6. ក្រុមហ៊ុនអាកាសចរណ៍ IndiGo
7. ក្រុមហ៊ុនអាកាសចរណ៍ Vueling Airlines
8. ក្រុមហ៊ុនអាកាសចរណ៍ airBaltic
9. ក្រុមហ៊ុនអាកាសចរណ៍ Iberia Express
10. ក្រុមហ៊ុនអាកាសចរណ៍ Ryanair
លោក Tony Fernandes ជានាយកប្រតិបត្តិក្រុមហ៊ុន Capital A ដែលគ្រប់គ្រងលើក្រុមហ៊ុន AirAsia បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia មានមោទនភាព ចំពោះពានរង្វាន់ និងការទទួលស្គាល់ ទូទាំងសកលលោក ចំពោះ AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុត នៅលើពិភពលោក អស់រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា តាមរយៈការវាយតម្លៃពី Skytrax និងបោះឆ្នោតពីអតិថិជន ឬអ្នកដំណើរទាំងអស់ មិនដែលមានក្រុមហ៊ុនអាកាសចរណ៍ ណាអាចធ្វើបាន។
ចន្លោះពីឆ្នាំ ២០២៣ មកដលឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ទទួលបានការហោះហើរសរុបចំនួន ១៣០ គោលដៅ ជុំវិញពិភពលោក និងមានច្រើនបំផុតនៅទ្វីបអាស៊ី និងទទួលបានអ្នកដំណើរជាង ២១,៥ លាននាក់។
កត្តាទាំងនេះ បានធ្វើអោយក្រុមហ៊ុន AirAsia ឈានទៅមុខមួយកម្រិតទៀត បើក្រឡេកទៅកាលពីឆ្នាំ២០០១ ក្រុមហ៊ុន AirAsia បានទិញយន្ដហោះចំនួនតែ ២ គ្រឿងប៉ុណ្ណោះ និងមានបុគ្គលិកសរុប ២០០ នាក់ ប៉ុន្តែបច្ចុប្បន្ន បានប្រែក្លាយទៅជា ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ទី៤ នៅអាស៊ី ដែលមានយន្ដហោះជាង ២០០ គ្រឿង និងបុគ្គលិកសរុប ២១ ០០០ នាក់ ធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងកម្ពុជាផងដែរ។
នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានពង្រីកទីផ្សារបន្ថែមនៅកម្ពុជា ដោយបានបន្ថែម យន្ដហោះសរុបចំនួន ៥ គ្រឿង សម្រាប់បំពេញតម្រូវការហោះហើរ និងរួមចំណែកពង្រីកវិសាលភាព នៃវិស័យអាកាសចរណ៍ និងទេសចរណ៍នៅកម្ពុជា។
ប្រភព៖ Skytrax + AirAsia