បេងមាលា ជាប្រាសាទដែលស្ថិតនៅឆ្ងាយពីតំបន់អង្គរបន្ដិចហើយ ដែលគេត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៦៤ ជាផ្លូវឆ្ពោះទៅប្រាសាទកោះកេរ្តិ៍ និងក្រុងព្រះវិហារឯណោះ ប្រមាណ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ ថ្វីត្បិតចម្ងាយផ្លូវឆ្ងាយមែន ប៉ុន្តែប្រាសាទបេងមាលា មានចំណុចពិសេសៗមួយចំនួនខុសពីប្រាសាទដ៏ទៃទៀត ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនងាយរំលងប្រាសាទមួយនេះឡើយ បើទោះជាស្ថាបត្យកម្មសំណង់ត្រូវបានបាក់បែង រលំអស់មួយភាគធំហើយក៏ដោយ។
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន។ ប្រាសាទនេះមានស្ថាបត្យកម្មដូចទៅនឹងប្រាសាទអង្គរវត្ត មានទំហំប្រវែង ១៨១ ម៉ែត្រ x ១៥២ ម៉ែត្រ សាងសង់នៅលើផ្ទៃដីប្រមាណ ១៤ ហិចតា មានកំពែង ៣ ជាន់ ដោយត្រូវបានស្ថាបនាដោយព្រះបាទសូរ្យវរ្ម័នទី ២ (ព្រះអង្គជាបិតាស្ថាបនិកនៃប្រាសាទអង្គរវត្តដែរ) នៅចុងសតវត្សទី ១១ និងដើមសតវត្សទី ១២ ដើម្បីឧទ្ទិសថ្វាយជូនដល់ព្រះវិស្ណុ នៅក្នុងព្រហ្មញសាសនា។ ប្រាសាទបេងមាលា គឺមានប្លង់ដូចប្រាសាទអង្គវត្ត មានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា និងឧទ្ទិសដល់ព្រះវិស្ណុដូចគ្នា ដូចនេះស្ថាបត្យកម្មក៏ប្រហាក់ប្រហែលគ្នាដែរ ជាក់ស្ដែងប្រាសាទបេងមាលាមានគូទឹកប្រវែង ១,២០០ ម៉ែត្រ x ៩០០ ម៉ែត្រព័ទ្ធជុំវិញខណ្ឌទីតាំងប្រាសាទ ដើម្បីឲ្យទីតាំងប្រាសាទក្លាយទៅជាកោះមួយដូចជាចក្រវាឡ ព័ន្ធជុំវិញដោយមហាសមុទ្រ តំណាងដល់កំពូលភ្នំព្រះសុមេរុ ដូចប្រាសាទអង្គរវត្តដែរ។
ដោយសារតែស្ថាបត្យកម្ម និងរចនាបថដូចទៅនឹងប្រាសាទអង្គរវត្តនេះហើយ ទើបតាមការសន្និដ្ឋានរបស់អ្នកបុរាណខ្លះបានសន្មត់ថា ប្រាសាទបេងមាលា អាចជាប្លង់មេមួយ ដែលជាគម្រូដើម្បីឈានទៅដល់ការសាងប្រាសាទអង្គរវត្ត។ ប៉ុន្តែតាមរយៈការសិក្សាស្រាវជ្រាវលើសំណង់ក្រោយៗមក គេរកឃើញថាប្រាសាទនេះ ត្រូវបានសាងសង់ក្រោយអង្គរវត្តនោះទេ ពោលការកសាងប្រាសាទបេងមាលានៅចន្លោះប្រាសាទអង្គរវត្ត និងមុនសម័យសាងបាយ័ន។ ចំណែកឯថ្មយកមកសាងសង់ប្រាសាទបេងមាលាវិញ គឺជាប្រភេទថ្មភក់ និងថ្មបាយក្រៀម ហើយប្រសិនបើយើងពិនិត្យមើលក្បាច់ចម្លាក់ មានហោត្រ័យចំនួន៤ ធំ ២នៅខាងក្រៅ តូច ២ នៅខាងក្នុង ហើយមានផ្តែរចំនួន ១៨០ ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ -ល- ទាក់ទងនឹងរឿងទេវកថាជាច្រើនដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម ប៉ុន្តែគ្មានសិលាចារឹកទេ។
ភាពល្បីល្បាញរបស់ប្រាសាទបេងមាលា កើតចេញពីសម្រស់នៃប្រាសាទនេះតែម្ដង បូករួមនឹងការផ្សព្វផ្សាយ ជាក់ស្ដែងប្រាសាទបេងមាលាគឺមានស្ថាបត្យកម្មអង្គរ ដែលប្លែកពីប្រាសាទដ៏ទៃទៀត ហើយមកដល់ពេលនេះមានសភាពទ្រុឌទ្រោម និងត្រូវបានរុក្ខជាតិដុះជាមួយស្លែបៃតងតោងថ្មប្រាសាទ ដែលបង្កើតទៅជាទស្សនីយភាពថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ ហាក់ដូចជាការច្របាច់បញ្ជូលគ្នានូវសំណង់ប្រាសាទនៃប្រវត្តិសាស្ត្រ ផ្សំជាមួយធម្មជាតិអញ្ចឹង។ ចំណុចមួយផ្សេងទៀត គឺការផ្សព្វផ្សាយប្រាសាទនេះ តាមរយៈខ្សែភាពយន្ដអន្តជាតិ Two Brothers ដែលបានថតនៅក្នុងឆ្នាំ ២០០២ និងយកទីតាំងប្រាសាទបេងមាលានេះ ធ្វើឲ្យអ្នកដែលបានទស្សនាចង់មកឃើញទិដ្ឋភាពជាក់ស្ដែងនៃប្រាសាទបុរាណនេះ។
លើសពីនេះទៀត ការយកទីតាំងប្រាសាទដើម្បីផលិតខ្សែភាពយន្ដនេះ ក្រុមអ្នកអភិរក្សក៏បានសាងសង់ជាស្ពានឈើផងដែរ ដើម្បីឲ្យការផលិតនិងការរត់ឧបករណ៍ថតកុនមានភាពរលូន ដោយមិនប៉ះពាល់ដល់សំណង់បុរាណ។ ហើយស្ពានឈើនេះដែរ ត្រូវបានស្ថាបនាមកដល់សព្វថ្ងៃនេះ ដោយកាលពីខែមិថុនា ២០១៩ កន្លងទៅនេះ ស្ពានឈើដែលបានសាងសង់នៅក្នុងឆ្នាំ ២០០២ ត្រូវបានជួសជុលឡើងវិញជាស្ថាពរ ដោយមានប្រវែង ២១៥ ម៉ែត្រ (រាប់ទាំងជណ្ដើរ) នឹងពង្រីកទទឹងចាប់ពី ៨០ សង់ទីម៉ែត្រ ទៅដល់ ១.៥ ម៉ែត្រ ដើម្បីឲ្យភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរនិងផ្ដិតយករូបភាពបានយ៉ាងស្រស់ស្អាត។