កោះពេជ្រ៖ ១៥ ឆ្នាំនៃការប្រែក្លាយកោះលិចទឹក ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិ!

កោះពេជ្រ គឺជាតំបន់អភិវឌ្ឍន៍សំខាន់បំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងរយៈពេលចុងក្រោយនេះទទួលបានការវិនិយោគនូវគម្រោងសាងសង់រាប់រយលានដុល្លារ ក្នុងនោះមានអគារពាណិជ្ជកម្ម, សាលារៀនអន្ដរជាតិ, មានខុនដូនិងគេហដ្ឋានកម្រិតខ្ពស់, សាលសន្និបាតនិងពិព័រណ៍, រួមទាំងបណ្ដុំភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត។ បច្ចុប្បន្ននេះ កោះពេជ្របានក្លាយទៅជាទីក្រុងតូចមួយទៅហើយ គេនិយមហៅថាទីក្រុងកោះពេជ្រ និងអាចក្លាយជាសង្កាត់ថ្មីមួយទៀតផង ដែលតំបន់នេះបានប្រែក្លាយមកពីកោះលិចទឹកដីភក់មួយទៅជាទីក្រុង ត្រឹមតែរយៈពេល ១៥ ឆ្នាំប៉ុណ្ណោះ។ ចុះកាលពី ១៥ ឆ្នាំមុន កោះពេជ្រ ជាកន្លែងអ្វី? 

កោះពេជ្រ មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលចំណុចប្រសព្វនេះ បានធ្វើឲ្យទឹកទន្លេហូរនាំយកដីនិងខ្សាច់មកបំពេញរហូតបានក្លាយទៅជាកោះមានប្រវែង ៧០០ ម៉ែត្រ ហើយកាលពីឆ្នាំ ១៩៧៩ កោះពេជ្រត្រូវបានរស់នៅដោយក្រុមគ្រួសារអ្នកនេសាទ និងមានការដាំដំណាំមួយចំនួននៅទីនោះ ហើយទទួលបានផលល្អ ដោយសារតែដីមានជីជាតិ។ រហូតមកដល់ឆ្នាំ ២០០៤ ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា Overseas Cambodian Investment Corporation (OCIC) ទទួលបានសិទ្ធនៃការអភិវឌ្ឍន៍លើដីកោះពេជ្រនេះ ដើម្បីប្រែក្លាយកោះដីភក់មួយនេះ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ ប៉ុន្តែការអភិវឌ្ឍន៍នេះ ត្រូវបានអូសបន្លាយរហូតដល់ឆ្នាំ ២០០៦ ដោយសារមានការដោះស្រាយទៅលើដីធ្លីរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះឲ្យបានរួចរាល់។ 

ប្រសិនបើមើលទៅលើផែនទីតំបន់កោះពេជ្រ មានអ្នកខ្លះប្រដូចថា កោះពេជ្រ ប្រហាក់ប្រហែលនឹងទីតាំងនៃប្រទេសសិង្ហបុរី ដោយមានផ្លូវទឹកប្រសព្វយ៉ាងល្អ ហើយតំបន់នោះនឹងមានការអភិវឌ្ឍន៍ខ្លាំងបំផុត។ យ៉ាងណាមិញ យើងបានឃើញជាក់ស្ដែងហើយថា កោះពេជ្រជាតំបន់អភិវឌ្ឍន៍ខ្លាំង និងមានអចលនទ្រព្យថ្លៃបំផុតមួយក្នុងទីក្រុងភ្នំពេញ ដោយលំនៅដ្ឋានកម្រិតខ្ពស់នៅលើកោះពេជ្រនេះមានតម្លៃចាប់ពី ៤០ ម៉ឺនដុល្លារទៅដល់ខ្ទង់ ២ លានដុល្លារឯណោះ ចំណែកឯខុនដូវិញ មានតម្លៃចាប់ពីខ្ទង់ ១០ ម៉ឺនដុល្លារទៅដល់ ១ លានដុល្លារផងដែរ។ 

នៅក្នុងឆ្នាំ ២០១០ កោះពេជ្រ មានសោកនាដកម្មដ៏ធំមួយក្នុងទំព័រប្រវត្តិសាស្ត្រ នៅយប់ថ្ងៃ ២២ វិច្ឆិកា ដែលត្រូវនឹងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក នៅពេលនោះមានមនុស្សជាង ៤ លាននាក់បានមកអបអរចូលរួមព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរនេះនៅរាជធានីភ្នំពេញ បូករួមជាមួយភាពល្បីល្បាញនៃកោះពេជ្រ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីៗនិងមានការតាំងពិពណ៌ផលិតផលជាច្រើនផង មានមនុស្សជាច្រើនបានធ្វើដំណើរតម្រង់ទៅកោះពេជ្រតាមស្ពានពេជ្រ ធ្វើឲ្យណែនតាន់តាប់និងបង្កទៅជាគ្រោះថ្នាក់នៃការឆោឡោរត់ជាន់គ្នារហូតដល់មានមនុស្សបាត់បង់ជីវិតអស់ ៣៤៧ នាក់ និងរបួសជាង ៧០០ នាក់ផ្សេងទៀត។ ក្រោយមកស្ពានពេជ្រក៏ត្រូវបានកំទេចចោលនៅឆ្នាំ ២០១១ និងបានសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ហើយស្ពាននាគភ្លោះថ្មីក៏បានសម្ពោធនៅឆ្នាំ ២០១២។ 

បច្ចុប្បន្នភាពនៃកោះពេជ្រ គឺជាទីក្រុងមួយដែលមានលក្ខណៈចម្រុះ ដែលប្រមូលផ្ដុំទៅដោយកន្លែងសម្រាប់កំសាន្ដផង, តំបន់ពាណិជ្ជកម្មផង, តំបន់រស់នៅលំដាប់ខ្ពស់ផង, និងការរៀបចំព្រឹត្តិការណ៍នានាផង។ ចំណុចសំខាន់ៗរបស់ទីក្រុងកោះពេជ្រមានដូចជា៖ 

• សាលសន្និបាតកោះពេជ្រ៖ មកដល់រដូររៀបមង្គលការនេះ គេឃើញថាសាលសន្និបាតកោះពេជ្រមិនដែលទំនេរឡើយ ស្ទើគ្រប់អគារនៅចុងសប្ដាហ៍ ដែលការរៀបពីធីជប់លៀងរៀបអាពាហ៍ពិពាហ៍, ការតាំងពិពណ៌, ការប្រគុំតន្ត្រី និងពិធីចែកសញ្ញាបត្រផ្សេងៗ សាលសន្និបាតកោះពេជ្រ ជាទីតាំងដ៏មានប្រជាប្រិយភាពបំផុត។ ចំណែកឯសាលធំកោះពេជ្រនៅខាងមុខសួនរ៉ូម៉ាំងវិញ អាចផ្ទុកមនុស្សបានដល់ ៤,០០០ នាក់ ប៉ុន្តែក៏ថ្លៃណាស់ដែរ។ 

• កន្លែងកម្សាន្ដ៖ កោះពេជ្រជាទីតាំងមានយុវវ័យមកកម្សាន្ដច្រើននៅពេលល្ងាច ដោយសារតែតំបន់នេះមានកន្លែងលំហែកាយច្រើន ដូចជាសួនរ៉ូម៉ាំង, បណ្ដុំភោជនីយដ្ឋាននៅតាមមាត់ទន្លេរ, កន្លែងដើរកម្សាន្ដ, សួនកុមារនិងកន្លែងជិះកម្សាន្ដ, សួនស្នេហ៍, និងផ្សារទំនើបជាច្រើនទៀត -ល-។ 

• តំបន់សម្រាប់រស់នៅកម្រិតខ្ពស់៖ នៅកោះពេជ្រ យើងឃើញមានបុរីវីរៈជន, ខុនដូ Casa Meridian កំពស់ ៣៣ ជាន់, ខុនដូ និងផ្សារទំនើប DI Riviera ដែលយកគម្រូសាងសង់តាម Marina Bay Sands របស់សិង្ហបុរី, សាលារៀនអន្ដរជាតិ Canadian International School, ការិយាល័យក្រុមហ៊ុនជាច្រើន, ក្លឹបកីឡាវាយកូនហ្គោល -ល-។ 

• ទីក្រុងកោះពេជ្រនៅមានគម្រោងសាងសង់អគារជាច្រើនបន្ថែមទៀត នាពេលចុងក្រោយនេះ ជាក់ស្ដែងអគារនៅត្រង់ចំណុចកោងធ្នូនៃកោះពេជ្រមុខទន្លេបាសាក់ ត្រូវបានអភិវឌ្ឍន៍ជា The Elysee ជាខុនដូប្រើប្រាស់ពហុបំណង ដែលមានការវិនិយោគជាង ១៥០ លានដុល្លារ ដែលមានការរចនាបែបបារាំង មើលទៅហាក់ដូចជាទីក្រុងបារីសអញ្ចឹង។ 

ជាសរុបមកនេះ ទាំងអស់នេះគឺជាកោះពេជ្រសព្វថ្ងៃ ដែលគេបានចាប់ផ្ដើមវិនិយោគអភិវឌ្ឍន៍កោះលិចទឹកដីភក់សម្រាប់ធ្វើដំណាំ តាំងពីឆ្នាំ ២០០៤ ចំណាយពេល ១៥ ឆ្នាំមកនេះ ដើម្បីក្លាយជាទីក្រុងដ៏ប្រជាប្រិយភាពមួយនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ ប៉ុន្តែគូសបញ្ជាក់ផងដែរថា អគារខ្ពស់ៗគេបានឃើញត្រឹមតែរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ដូចនេះតើនៅថ្ងៃខាងមុខ កោះពេជ្រ នឹងប្រែប្រួលយ៉ាងណាទៀត?