មិត្តអ្នកអានប្រហែលបានតាមដានព័ត៌មានមួយចំនួនអំពីវិស័យល្បែងអនឡាញកាស៊ីណូ នៅក្នុងប្រទេសកម្ពុជារួចមកហើយ អំពីបញ្ហានៃការបញ្ជប់ល្បែងអនឡាញរបស់ចិន កាលពីថ្ងៃទី ១៨ សីហាកន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងស៊ីសងតាមអនឡាញ នៅប្រទេសកម្ពុជា ហើយបានធ្វើឲ្យវិស័យអចលនវត្ថុ ក្រុងព្រះសីហនុមានភាពស្រពិចស្រពិលសម្រាប់អ្នកវិភាគអចលនទ្រព្យមួយចំនួន។ យ៉ាងណាមិញ កន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចេញនូវផែនការយុទ្ធសាស្ត្រថ្មី ដើម្បីអភិវឌ្ឍន៍ក្រុងព្រះសីហនុ ឲ្យប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយឈរលើចក្ខុវិស័យនៃការអភិវឌ្ឍន៍រយៈពេលវែងវិញផងដែរ ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡើងវិញ ក្នុងកញ្ចប់ថវិកាបម្រុងជាង ១០០ លានដុល្លារ ហើយក្រុងព្រះសីហនុនឹងក្លាយជាមេដែកស្រូបទាញការវិនិយោគធំៗ ដោយមិនពឹងទៅលើវិស័យល្បែងអនឡាញទៀតនោះទេ។
ដូចយើងបានដឹងរួចស្រាប់មកហើយថា ល្បែងអនឡាញ គឺមិនត្រូវបានអនុញ្ញាតិឲ្យមាននោះទេ នៅក្នុងប្រទេសចិន (ចិនដីគោក) ដូចនេះរាល់បនល្បែងកាស៊ីណូ ត្រូវធ្លាក់ទៅនៅទីក្រុងម៉ាកាវតែមួយគត់ ដែលជាតំបន់រដ្ឋបាលពិសេសនិងមានការគ្រប់គ្រងច្បាប់ផ្សេង ហើយការវិនិយោគល្បែងអនឡាញទាំងនោះបានហៀរមកដល់តំបន់អាស៊ីអាគ្នេយ៍យើង និងបានរីកចម្រើនខ្លាំងបំផុតនៅចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ ជាពិសេសគេកត់សម្គាល់ឃើញនៅប្រទេសកម្ពុជា និងហ្វីលីពីន ច្រើនជាងគេ។ ប៉ុន្តែនៅត្រីមាសទី ៣ កន្លងទៅនេះ ល្បែងអនឡាញរបស់ចិន ហាក់មានការធ្លាក់ចុះមួយកម្រិត ក្រោយពីការរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់ចេញអាជ្ញាប័ណ្ណវិស័យនេះ បើទោះជាប្រទេសហ្វីលីពីននៅតែប្រកាន់ជំហគាំទ្រយ៉ាងរឹងប៉ឹងនៅលើវិស័យនេះក៏ដោយ។ ដូចនេះ តើវិស័យល្បែនអនឡាញរបស់ចិន ប៉ះពាល់ដល់សុខភាពអលចនទ្រព្យក្នុងប្រទេសអាស៊ានយ៉ាងដូចម្តេចខ្លះ?
1. ប្រទេសកម្ពុជា
ជាការពិតណាស់ បើមិនមានវត្តមានវិស័យល្បែងអនឡាញនៅក្រុងព្រះសីហនុទេនោះ ម្ល៉េះអលចនទ្រព្យវិស័យសំណង់ និងឧស្សាហកម្មនៅទីក្រុងនេះ ក៏មិនបានរីកចម្រើនដល់សព្វថ្ងៃនេះដែរ ប៉ុន្តែទន្ទឹមគ្នានេះគេក៏សង្កេតឃើញផលអវិជ្ជមានជាច្រើនផងដែរ ដូចជារឿងអាស្រូវមួយចំនួនជុំវិញបញ្ហាសំណង់ខុសស្ដង់ដា បញ្ហាអសន្ដិសុខ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយវិស័យសំណងច្រើនពេក ការកកស្ទះចរាចរណ៍ដោយសារមានប្រជាជនមករស់នៅច្រើនពេក និងបញ្ហានៃប្រព័ន្ធបង្ហូរទឹកកង្វក់ -ល-។
លោក James Hodge នាយកអចលនទ្រព្យអន្តរជាតិក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជាយល់ឃើញថា ការចាកចេញនៃវិស័យល្បែងអនឡាញពីក្រុងព្រះសីហនុ បានប៉ះពាល់មួយផ្នែកដល់អលចនទ្រព្យទីក្រុងនេះ ដោយតម្លៃដីនិងចុះថ្លៃទាបជាងមុន ព្រោះវិស័យល្បែងអនឡាញកាលពីមុន បានធ្វើឲ្យក្រុងព្រះសីហនុ ស្ទើតែក្លាយជាទីក្រុងម៉ាកាវ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ទៅហើយ។ លោក គីម ហៀង នាយកប្រតិបត្តិក្រុមហ៊ុន Khmer Real Estate ក៏យល់ឃើញប្រហែលគ្នាដែរ លោកលើកឡើងថាការបញ្ឈប់ល្បែងអនឡាញនេះ បានប៉ះពាល់ដល់វិស័យអលនទ្រព្យទាំងក្រុងព្រះសីហនុ ក្រុងប៉ោយបែត និងក្រុងបាវិត ដោយអគារដែលធ្លាប់ដាក់ជួលក្នុងតម្លៃ ២០,០០០ ដុល្លារក្នុងមួយខែនៅក្រុងព្រះសីហនុ ពេលនេះគ្មានអ្នកជួលឡើយ សូម្បីតែចុះតម្លៃមកត្រឹម ៨,០០០ ដុល្លារក៏គ្មានអ្នកជួលដែរ។
នៅក្នុងសប្ដាហ៍ទី ១ នៃខែកញ្ញាកន្លងទៅ គេសង្កេតឃើញថាមានជនជាតិចិនជាង ១០,០០០ នាក់បានចាកចេញពីក្រុងព្រះសីហនុ ដែលទំនងជាត្រលប់ទៅប្រទេសចិនវិញ និងស្វែងរកឱកាសធ្វើដំណើរទៅរកស៊ីនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ អញ្ចឹង តើការចាកចេញនេះ ធ្វើឲ្យក្រុងព្រះសីហនុ ថមថយសក្ដានុពលនៃការវិនិយោគខ្លាំងណាស់មែនទេ? មិនប្រាកដនោះទេ!
មែនទែនទៅ ក្រុងព្រះសីហនុជាតំបន់សមុទ្រល្អបំផុតក្នុងប្រទេសកម្ពុជា និងការបោះទុនធំៗច្រើនជាងគេបំផុត ដោយនៅក្នុងនោះ យើងមានធនធានគ្រប់គ្រាន់ក្នុងការស្រូបទាញការវិនិយោគ ជាក់ស្ដែងយើងមានទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត កោះល្បីៗជាច្រើន -ល- និងមានការអភិវឌ្ឍន៍វិស័យគមនាគមន៍ជាច្រើនបន្ថែមទៀត ដូចជាផ្លូវដែក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការភ្ជាប់ជើងហោះហើរត្រង់ពីអន្តរជាតិ រួមទាំងការរៀបចំឡើងនូវវិស័យទេសចរណ៍អន្តរជាតិ និងការវិនិយោគសណ្ឋាគារ រីសតជាច្រើនទៀត។ ហើយក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុតែឯងទទួលបានការវិនិយោគជាង ២,០០០ លានដុល្លារ ស្មើនឹង ៨.៩% នៃការវិនិយោគក្នុងប្រទេសកម្ពុជាទាំងមូល ពោលគឺច្រើនជាងខេត្តជាប់សមុទ្រដទៃទៀតឆ្ងាយណាស់។
លើសពីនេះទៀត ការប្រែក្លាយក្រុងព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងផែនការណ៍អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដោយត្រូវអភិវឌ្ឍន៍ក្រុងព្រះសីហនុ ត្រូវឈរលើគោលការណ៍សំខាន់ៗដូចជា៖
១៖ តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត, បរិក្ខារសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), បរិស្ថានបៃតង, តំបន់ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់។
២៖ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ។
៣៖ ជាតំបន់មជ្ឍមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋានព្រមទាំង គិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈ ដែលមានគុណភាពស្តង់ដាខ្ពស់។
2. ប្រទេសហ្វីលីពីន
ងាកមកប្រទេសហ្វីលីពីនវិញ តាមការស្រាវជ្រាវបង្ហាញថាបច្ចុប្បន្ននេះ មានប្រជាជនជនចិនរស់នៅជាង ៣ សែននាក់ ហើយ ១៣០,០០០ ម៉ឺននាក់កំពុងតែធ្វើការនៅក្នុងកាស៊ីណូជាង ៥០ ក្រុមហ៊ុនធំៗ ដែលចំនួននៃជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យអលចនទ្រព្យប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងទីក្រុងម៉ានីល កំពុងរីករាយនិងទទួលបានការចំណេញច្រើនពីវិស័យនេះ។ ជាក់ស្ដែងការជួលអគារ និងខុនដូអាផាតមិននានា ត្រូវបានឡើងថ្លៃទ្វេជា ៣ ធៀបជាមួយឆ្នាំ ២០១៧ ហើយកំណើនៃការវិនិយោគល្បែងអនឡាញក្នុងទីក្រុងម៉ានីលបានកើនឡើងដល់ ៨០% ធៀបនឹងកាលពី ៣ ឆ្នាំមុន។ បើនិយាយអំពីចំណូលពីវិស័យល្បែងអនឡាញនេះវិញ ហ្វីលីពីនទទួលបានចំណូលមិនក្រោម ១៤០ លានដុល្លារនោះទេក្នុងមួយត្រីមាស នៅរយៈពេល ១ ឆ្នាំចុងក្រោយនេះ។
ដូចនេះ វិស័យអចលនទ្រព្យនៅហ្វីលីពីនមានភាពរឹកមាំដោយសារល្បែងអនឡាញឬទេ?
លោក Boo Chanco អ្នកជំនាញផ្នែកជំនួញនៃសារព័ត៌មាន Philippine Star បានបង្ហាញថា ការពឹងផ្នែកលើវិស័យល្បែងអនឡាញរបស់ចិន ក្នុងវិស័យអចលនទ្រព្យ គឺប្រៀបដូចជាដុំទឹកកកអញ្ចឹង មិនយូរនោះទេវានឹងរលាយបន្ដិចម្ដងៗ។ ទីផ្សារអលចនទ្រព្យ មិនការឡើងចុះមិនទៀងទាត់ឡើយ ជាក់ស្ដែងបច្ចុប្បន្ននេះគេទទួលបានផលចំណេញច្រើនពីអចលនទ្រព្យនៅតំបន់ Bay Area, Makati, BGC និង Ortigas ដោយសារការរីកចម្រើននៃការវិនិយោគល្បែងអនឡាញ ប៉ុន្តែនៅថ្ងៃខាងមុខទៅជាយ៉ាងណា គេមិនអាចសន្និដ្ឋានបាននោះទេ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលទីក្រុងម៉ានីល ទទួលរងការព្រមានជារឿយៗពីសំណាក់រដ្ឋាភិបាលប៉េកាំង ដែលបានអនុញ្ញាតិដល់ជនជាតិចិន វិនិយោគបនល្បែងស៊ីសងក្នុងប្រទេសខ្លួនយ៉ាងគគ្រឹកគគ្រេង ខណៈរដ្ឋាភិបាលប្រទេសចិនអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះប្រជាជនខ្លួន។