អ្នកដែលរស់នៅខេត្តកំពង់ចាម ឬភ្ញៀវទេសចរណ៍ដែលបានទៅលេងទឹកដីកំពង់ចាមនៅក្នុងរដូវទឹកស្រក ប្រាកដជាស្គាល់ច្បាស់ នូវស្ពានឬស្សីដ៏ល្បីល្បាញ ដែលភ្ជាប់ទីក្រុងកំពង់ចាមទៅនឹងកោះប៉ែន ឆ្លងកាត់ទន្លេមេគង្គប្រវែងប្រហែល ១ គីឡូម៉ែត្រ។ ស្ពានឬស្សីនេះក៏ជានិមិត្តរូបតំណាងខេត្តកំពង់ចាមមួយផងដែរ ដោយអ្នកទេសចរណ៍មកពីគ្រប់ទិសទី តែងតែឆ្លងវាដោយជិះកង់ម៉ូត្រូ ឬថ្មើរជើងទៅកាន់ឆ្នេរទន្លេកោះប៉ែន ដើម្បីងូតទឹកកម្សាន្ដ និងញ៉ាំអាហារជួបជុំ និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាត។
ស្ពានឬស្សីកោះប៉ែន មានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្រុងកំពង់ចាម ហើយនៅក្នុងខែធ្នូនេះ ស្ពានឬស្សីកោះប៉ែនត្រូវបានស្ថាបនាឡើងវិញជិតរួចរាល់ហើយ ដោយត្រៀមបើកឲ្យឆ្លងកាត់នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ។
តាមសម្ដីរបស់ប្រជាជនរស់នៅខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ស្ពានឬស្សីនេះមានភាពល្បីល្បាញខ្លាំងណាស់ និងមានការធ្វើដំណើរច្រើន បើទោះជាបច្ចុប្បន្នគេមានស្ពានថ្មភ្ជាប់ក្រុងកំពង់ចាមទៅកាន់កោះប៉ែនហើយក៏ដោយ។ ស្ពានឬស្សីកោះប៉ែនត្រូវស្ថាបនាឡើងជារៀងរាល់ឆ្នាំនៅរដូវទឹកស្រក គឺសម្រាប់ទទួលអ្នកទេសចរណ៍មកកម្សាន្ដនៅកោះប៉ែន និងឆ្នេរទន្លេរដ៏ស្រស់ស្អាតនៃទន្លេមេគង្គ ហើយរដូវទឹកឡើងស្ពាននេះត្រូវគេរុះចោលវិញ ព្រោះទឹកអាចលិចស្ពាននេះតែម្ដង។
មកដល់ថ្ងៃនេះ ស្ពានឬស្សីកោះប៉ែនបានស្ថាបនាជិតរួចរាល់ ១០០% ហើយ ដោយវាមានប្រវែង ៧០០ ម៉ែត្រ ដែលខ្លីជាងឆ្នាំមុនប្រហែល ៦០ ទៅ ១០០ ម៉ែត្រ ដោយសារឆ្នាំនេះទឹកស្រកច្រើន ហើយស្ពាននេះនឹងបម្រើដល់អ្នកទេសចរណ៍ សម្រាប់ជិះកត់ ឬថ្មើរជើងឆ្លងកាត់ប៉ុណ្ណោះ (លើកលែងម៉ូតូសម្រាប់សមត្ថកិច្ចថែរក្សាសន្តិសុខ) ដែលអាចទៅមក និងទស្សនាទឹកទន្លេបានកាន់តែជិត។