ខេត្តកំពត មិនដូចជាខេត្តឈូងសមុទ្រដ៏ទៃទៀតក្នុងប្រទេសកម្ពុជានោះទេ ត្បិតតែកំពតគ្មានឆ្នេខ្សាច់ស្រស់ស្អាត មិនមានទឹកសមុទ្រខៀវស្រងាត់ ប៉ុន្តែខេត្តកំពតគឺជាទិសដៅទេសចរណ៍ដ៏សែនមនោរម្យបំផុត ទៅលើផ្នែកអេកូទេសចរណ៍បែបធម្មជាតិមានទាំងតំបន់ភ្នំ តំបន់ព្រែក ដៃសមុទ្រ -ល- ដែលធ្វើឲ្យខេត្តនេះទទួលបានទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលគេនិយមហៅថា «កំពត ដីស្អិត»។
ដោយសារតែខេត្តកំពតមានភាពអំណោយផលល្អទាំងកត្តាភូមិសាស្ត្រ អាកាសធាតុ និងទទួលការគាំទ្រពីសំណាក់ភ្ញៀវទេសចរណ៍ច្រើនបែបនេះហើយ ទើបខេត្តកំពតបានអភិវឌ្ឍន៍ផ្នែកបដិសណ្ឋារកិច្ចជាច្រើនកន្លែង ជាពិសេសគឺនៅតំបន់រម្មណីយដ្ឋានតែម្ដង ដែលមកដល់ពេលនេះខេត្តកំពង់មានកន្លែងស្នាក់នៅយ៉ាងសម្បូរបែប ចាប់ពីផ្ទះសំណាក់ធម្មតា បឹងហ្គាឡូ សណ្ឋាគារ រីសត ដែលសរុបជាង ២៦៥ កន្លែងហើយ ស្មើនឹង ៣,៥៨៥ បន្ទប់ ជាមួយនឹងការរៀបចំតាមស្ដង់ដាត្រឹមត្រូវ ស្របតាមតម្រូវការភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់សម្រាកលំហែកាយគ្រប់រដូវកាល។
បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បង្ហាញថា ខេត្តកំពត មានភាពល្អប្រសើរសម្រាប់ការលំហែកាយដ៏ទាក់ទាញបំផុតនៅភាគខាងត្បូងប្រទេសកម្ពុជា មិនចាញ់ខេត្តទាំង ៣ ផ្សេងទៀតនៅជាប់ឈូងសមុទ្រកម្ពុជាឡើយ ហើយក៏ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើនផងដែរមួយឆ្នាំៗ ទាំងតាមផ្លូវដែក និងផ្លូវថ្នល់។ ក្នុងនោះរមណីដ្ឋានទេសចរណ៍ដែលពេញនិយមបំផុតនៅក្បែរក្រុងកំពត រួមមាន៖
• ឧទ្យានដងព្រែក៖ មានទីតាំងស្ថិតនៅភូមិបត់ក្បាលដំរី ឃុំស្នំប្រាំពីរ មានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចជិះខ្សែរ៉កឆ្លងព្រែក ជិះទូកកាយ៉ាក់ ជិះទូទាទឹក និងពិសាអាហារឆ្ងាញ់ៗនៅទីនោះ។
• រមណីយដ្ឋានដូងទេរ៖ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីស្ពានថ្មីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចងូតទឹកលេងកម្សាន្ត ជិះទូកកាយ៉ាក់ ជិះទូកទាទឹក ក្ដាររអិល និងមានអាហារឆ្ងាញ់ៗជាច្រើនមុខទៀត។
• សហគមន៍ទេសចរណ៍ត្រពាំងសង្កែ៖ មានទីតាំងស្ថិតនៅភូមិ កំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយ ៧ គីឡូម៉ែត្រ ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីខេត្តកំពតទៅខេត្តកែប។ សហគមន៍នេះជាសហគមន៍បែបធម្មជាតិ ដែលជាកន្លែងអភិរក្សដើមកោងកាងដ៏ធំមួយក្នុងខេត្តកំពត។ នៅក្នុងសហគមន៍មានបម្រើសេវាកម្មដូចជាសេវាកម្មស្នាក់នៅ ម្ហូបអាហារបែបសហគមន៍ ជិះកាណូតមើលព្រៃកោងកាង និងមានលក់ដើមកោងកាងសម្រាប់ឱ្យភ្ញៀវដាំទុកជាអនុស្សាវរីយ៍ផងដែរ។
រមណីដ្ឋានខាងលើនេះ គឺជាតំបន់នៅជិតក្រុងកំពតជាងគេបំផុត ដែលសម្រាប់លោកអ្នកចូលរួមពិធីបុណ្យសមុទ្រដែលប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយនេះ អាចឆ្ពោះទៅកម្សាន្ដលំហែកាយបានយ៉ាងរីករាយ។ លើសពីនេះ យើងក៏អាចហួសទៅកាន់តំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែងទៀត ដូចជាភ្នំបូកគោ ភ្នំកំពង់ត្រាច ឬក៏អាចហួសទៅដល់ក្រុងកែបផងដែរ។ ជាមួយនេះគ្នានេះ ក្រសួងទេសចរណ៍ ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការៀបចំសោភ័ណភាពទីក្រុង និងតំបន់ទេសចរណ៍ឲ្យបានភាពស្រស់ស្អាត សណ្ដាប់ធ្នាប់ និងអនាម័យ ហើយក៏គ្រប់គ្រងនូវសេវាកម្មស្នាក់នៅខេត្តកំពត ឲ្យរៀបចំអាជីវកម្មស្របតាមបរិបទ «ស្អាត និងបៃតង» ដែលបានគិតបន្ថែមជាមួយកិច្ចការពារបរិស្ថាន ការចូលរួមទទួលខុសត្រូវសង្គម និងការបែងចែកប្រកបដោយសមធម៌។
ប្រភព៖ ក្រសួងទេសចរណ៍