ឆាប់ៗនេះ នៅខាងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) នឹងមានផ្លូវក្រោមដី ដើម្បីសម្រួលការធ្វើដំណើរនិស្សិត!

សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសកលវិទ្យាល័យបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាឈានមុខមួយ មានមុខជំនាញសិក្សា និងដេប៉ាតឺម៉ង់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ហើយក៏ទទួលនិស្សិតឲ្យចូលរៀនយ៉ាងច្រើនដល់ជិត ៤ ពាន់នាក់ក្នុងមួយឆ្នាំៗ។ ដូចនេះហើយ ទើបធ្វើឲ្យការធ្វើដំណើររបស់និស្សិតមានការជួបប្រទះផលវិបាកមួយចំនួន ជាពិសេសនៅពេលវេលាចេញពីសិក្សាម៉ោង ១១ ព្រឹក, ៥ រសៀល និង ៨:៣០ នាទីយប់តែម្ដង ព្រោះតែងតែមានបញ្ហាកកស្ទះចរាចរណ៍នៅកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី និងផលវិបាកសម្រាប់ការឆ្លងកាត់ជាដើម។

ដើម្បីដោះស្រាយនូវបញ្ហាចរាចរណ៍ខាងលើនេះ កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ២ កន្លែង នៅត្រង់ចំណុចមុខច្រកសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងច្រកមុខវិទ្យាស្ថានភាសាបរទេស (IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

យោងតាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង ដំណើរការស្ថាបនានេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខនេះហើយ ហើយវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត ដែលមកសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ឲ្យកាន់តែមានសុវត្ថិភាពខ្ពស់ជាងមុន ពិសេសគឺបញ្ជៀសការកកស្ទះចរាចរណ៍នៅត្រង់ចំណុចនោះតែម្ដង ព្រោះកំណើនឡើងនៃប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ មានសន្ទុះខ្លាំង ចំណែកឯការធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក៏មានភាពមាមាញឹកខ្លាំងផងដែរ។

ជាសរុបមកវិញ ទាំងអស់នេះគឺជាសញ្ញាដ៏ល្អមួយសម្រាប់ការធ្វើដំណើររបស់សិស្សនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ហើយយើងក៏បានឃើញដែរថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់គ្រឹះស្ថានអប់រំ មានកាន់តែច្រើនឡើងៗ តួយ៉ាងដូចជាមានការសាងសង់ស្ពានអាកាសថ្មើរជើង ២ កន្លែងនៅវិទ្យាល័យជម្ពូវ័ន និងបឋមសិក្សាជម្ពូវ័ន, ថ្មីៗនេះឯកឧត្តម ឃួង ស្រេង ក៏បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង ២ កន្លែងទៀតនៅស្ដុបសាលារៀនសន្ធម៉ុក និងផ្សារដើមគរ, ស្ពានអាកាសតិចណូនិងផ្លូវក្រោមដី, ហើយពេលនេះគឺការស្ថាបនាផ្លូវក្រោមដី ២ កន្លែងផ្សេងទៀតមុខច្រកចូលសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស។